អានតួអត្ថបទ
ជប៉ុន-វៀតណាម

ជប៉ុនចុះកិច្ចព្រមព្រៀង​លក់​បរិក្ខាយោធា​ទៅឲ្យវៀតណាម

នាយករដ្ឋមន្រ្តីជប៉ុន និង​នាយករដ្ឋមន្រ្តី​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី១៩ តុលា ២០២០
នាយករដ្ឋមន្រ្តីជប៉ុន និង​នាយករដ្ឋមន្រ្តី​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី១៩ តុលា ២០២០ AP - Luong Thai Linh
ដោយ៖ សេង ឌីណា
១១ នាទី

ជប៉ុន និង​វៀតណាម បាន​ព្រមព្រៀងគ្នា កាល​ពីថ្ងៃ​ចន្ទ លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ការពារជាតិ ដោយ​នៅ​ក្នុងនោះ ជប៉ុន​បាន​ព្រមព្រៀង​ជាគោលការណ៍ លើ​ការ​លក់​បច្ចេកវិទ្យា និង​បរិក្ខា​យោធា​ទៅ​ឲ្យ​វៀតណាម ដែល​ជា​ប្រទេសដៃគូ​ជម្លោះ​ដ៏​ចម្បងមួយ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក ចាប់តាំង​ពី​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពីខែមុន ហើយ​ជា​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន គឺ​វៀតណាម និង​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​វៀតណាម​នោះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​លក់​បរិក្ខា និង​បច្ចេកវិទ្យា​ការពារជាតិរបស់​ជប៉ុន​ទៅ​ឲ្យ​វៀតណាម​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​និង​ការពារជាតិ រវាង​ប្រទេស​ទាំងពីរ​ ហើយ​ថា ជប៉ុន និង​វៀតណាម​​ក៏​ព្រមព្រៀង​គ្នា​ផងដែរ​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ ក្នុងនោះ​ក៏​មាន​ដែរ បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

គួរកត់សម្គាល់​ថា កិច្ចព្រមព្រៀង​ការពារជាតិ រវាង​ជប៉ុន និង​វៀតណាម​នៅពេលនេះ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តានតឹង​ខ្លាំង។ តានតឹង​ទាំង​ រវាង​ចិន និង​អាមេរិក ដែល​ជា​គូប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​ទាំង រវាង​ចិន និង​វៀតណាម ដែល​ជា​គូជម្លោះ​ផ្ទាល់ នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ហើយ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ បរិក្ខា​យោធា ដែល​ជប៉ុន​អាច​នឹង​លក់​ទៅ​ឲ្យ​វៀតណាម គឺ​​ទំនង​ជារួមមាន​ជា​អាទិ៍ ប្រព័ន្ធ​រ៉ាដា និង​នាវាល្បាត​ដែន​សមុទ្រ ដែល​សុទ្ធសឹង​ជា​បរិក្ខា​យោធា​ចាំបាច់ នៅ​ក្នុង​វិស័យការពារ​ដែន​សមុទ្រ។

ក្រៅពី​វិស័យ​ការពារជាតិ ជប៉ុន និង​វៀតណាម​ក៏​បាន​ព្រមព្រៀងគ្នា​ផងដែរ លើ​វិស័យ​មួយចំនួន​ផ្សេងទៀត ក្នុងនោះ រួមមាន សំណុំរឿង​កូរ៉េ​ខាងជើង និង​​ការព្រមព្រៀង​បង្កើត​​នីតិវិធីពិសេស​នៃ​​ការ​ធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​​ក្នុង​បរិបទ​កូវីដ ដើម្បី​សម្រួល​ឲ្យ​អ្នក​វិនិយោគ និង​អ្នក​ធ្វើ​ការ​អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅវិញទៅមក ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ចត្តាឡីស័ក​ ១៤ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ