អានតួអត្ថបទ

អាស៊ែបៃហ្សង់ និង​អាមេនី ចោទគ្នា​សាជាថ្មី ថា​បាន​រំលោភ​លើ​បទឈប់បាញ់

នៅភូមិGanja របស់​ប្រទេស​អាស៊ែបៃហ្សង់ គ្រួសារ​យំបោកខ្លួន​សម្រាប់​​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការវាយប្រហារ​គ្រាប់រ៉ុកកែត ពី​ខាង​ក្រុមទាមទារ​ផ្តាច់ទឹកដី គាំទ្រ​ដោយ​អាមេនី នៅក្នុង​សង្រ្គាម នៅ​តំបន់​ការ៉ាបាក់ ថ្ងៃទី ១៧ តុលា ២០២០
នៅភូមិGanja របស់​ប្រទេស​អាស៊ែបៃហ្សង់ គ្រួសារ​យំបោកខ្លួន​សម្រាប់​​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការវាយប្រហារ​គ្រាប់រ៉ុកកែត ពី​ខាង​ក្រុមទាមទារ​ផ្តាច់ទឹកដី គាំទ្រ​ដោយ​អាមេនី នៅក្នុង​សង្រ្គាម នៅ​តំបន់​ការ៉ាបាក់ ថ្ងៃទី ១៧ តុលា ២០២០ REUTERS - UMIT BEKTAS
ដោយ៖ ឈាង បុប្ផា
១៧ នាទី

នៅពេល ជម្លោះប្រដាប់អាវុធ រវាង​កងទ័ព អាស៊ែបៃហ្សង់ ហើយ​និង​ក្រុមទាមទារ​ផ្តាច់ទឹកដី គាំទ្រ​ដោយ​អាមេនី បាន​ឈាន​ចូល​ដល់​សប្តាហ៍ ទី ៤ អាមេនី និង​អាស៊ែបៃហ្សង់​បាន​ចោទប្រកាន់​គ្នា នៅថ្ងៃ​ចន្ទទី ១៩ តុលា ថា​បាន​រំលោភ​លើ​បទឈប់បាញ់ ដែល​ភាគី ទាំងពីរ ទើប​បាន​យល់ព្រមព្រៀង​គ្នា កាលពី​យប់​ថ្ងៃ​សៅរ៍ ទី ១៧ តុលា។ នេះជា​លើក​ទី២ ដែល​បទ​ឈប់បាញ់ មានតែ​នៅលើ​បបូរមាត់ ចំណែក​ការប្រយុទ្ធគ្នា​នៅតែ​សន្ធឹក នៅ​ទីលាន​សមរភូមិ។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ ការវាយប្រហារ​ទៅលើ​ទីក្រុង Ganja ដែល​បាន​សម្លាប់​ប្រជាជន​ស៊ីវិល អាស៊ែបៃហ្សង់ ១៣នាក់ នៅ​យប់​ថ្ងៃ​សុក្រ អាស៊ែបៃហ្សង់ និង​អាមេនី​ក៏​បាន​យល់ព្រមព្រៀង​គ្នា​លើ​បទឈប់បាញ់ លើកទី២ ដែល​ត្រូវ​ចូលជា​ធរមាន នៅ​យប់​ថ្ងៃ​សៅរ៍ ឈាន​ចូល​ថ្ងៃ​អាទិត្យ។ ប៉ុន្តែ តាំង​ពី​ព្រឹកថ្ងៃ​អាទិត្យ រហូត​ដល់​ព្រឹកថ្ងៃ​ចន្ទ ការបាញ់ផ្លោង​ដាក់គ្នា នៅតែ​បន្ត​មាន តំបន់​ការ៉ាបាក់។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ែបៃហ្សង់ បាន​ចោទប្រកាន់ កងកម្លាំង​ទាមទារ​ផ្តាច់ទឹកដី អាមេនី ថា ជាអ្នក​ចាប់ផ្តើម វាយប្រហារ មុន ទៅលើ​ទីតាំង ៤​កន្លែង ក្នុង​ទឹកដី អាស៊ែបៃហ្សង់។ ចំណែក​ក្រុមទាមទារ​ផ្តាច់ទឹកដី​អាមេនី ដែល​គ្រប់គ្រង​តំបន់​ការ៉ាបាក់ បាន​វាយបក​ទៅវិញថា គឺ អាស៊ែបៃហ្សង់ ដែល​រំលោភបទឈប់បាញ់ ដោយ នៅបន្ត​បាញ់​គ្រាប់ផ្លោង​ដ៏សន្ធឹក លើ​កងកម្លាំងរបស់​ការ៉ាបាក់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថ្កោលទោស ការវាយប្រហារ សំដៅ តំបន់​រស់នៅ​របស់​ប្រជាជន​ស៊ីវិល នៅក្នុង​ទឹកដី អាស៊ែបៃហ្សង់ ដែល​បាន​សម្លាប់​ប្រជាជន​១៣នាក់ និង​របួស ៤៥នាក់។

ចាប់តាំង​ពី​ផ្ទុះមាន​សង្រ្គាម​រវាង​អាស៊ែបៃហ្សង់ និងកងកម្លាំង​ទាមទារ​ផ្តាច់ទឹកដី ដែល​គាំទ្រ​ដោយ​អាមេនី កាលពី​ថ្ងៃទី ២៧ កញ្ញា មនុស្ស យ៉ាងតិច ៧០០នាក់ បាន​ស្លាប់ ដែលក្នុង​នោះ ភាគច្រើន​ជា​ទាហាន​របស់​ភាគី​ទាំងសងខាង។

នៅក្នុង​សង្រ្គាម​ដែល​អាស៊ែបៃហ្សង់ ជាអ្នកចាប់ផ្តើមមុន ដើម្បី​វាយ​ដណ្តើម​យក​ទឹកដី ការ៉ាបាក់ ពីក្រុមទាមទារ​ផ្តាច់ទឹកដីនោះ អាស៊ែបៃហ្សង់ បាន​ប្រកាស​ជា​រៀងរាល់ថ្ងៃ ទាហាន​របស់ខ្លួន បាន​រុល ចូល​ទៅមុខជានិច្ច និង ដណ្តើម​គ្រប់គ្រង​បាន​ទីក្រុង ភូមិ​មួយចំនួន​នៅ​តំបន់​ការ៉ាបាក់។ ក្រុមផ្តាច់ទឹកដី ដែល​គាំទ្រ អាមេនី ទទួល​ស្គាល់ ថា នៅក្នុង​សង្រ្គាម​វាយប្រហារ​ដ៏សន្ធឹក​របស់​អាស៊ែបៃហ្សង់ ខ្លួន​បាន​ដកថយ ខ្លះ ប៉ុន្តែ នៅតែ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅឡើយ។ ក្រៅតែ​ពី​បារម្ភ​ពី​វិបត្តិមនុស្សធម៌ និង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ស៊ីវិល សហគមន៍​អន្តរជាតិ​បារម្ភថា សង្រ្គាម រវាង​អាស៊ែបៃហ្សង់ និង​អាមេនី នៅ​តំបន់​ការ៉ាបាក់ នឹង​អាច​រាលដាល​ទៅ​ជា​ជម្លោះអន្តរជាតិ ព្រោះថា តួកគី បានចេញមុខ​គាំទ្រ ទាហាន​អាស៊ែបៃហ្សង់ ចំណែក អាមេនី ដែល​គាំទ្រ ហិរញ្ញវត្ថុ និង​ទាហាន​ដល់​ក្រុមទាមទារ​ផ្តាច់ទឹកដី នៅ​ការ៉ាបាក់ នោះ បាន​ចងសម្ព័នភាព​យោធា​ជាមួយ​រុស្ស៊ី។

សូមរំលឹកថា តំបន់​ការ៉ាបាក់ ដែល​សំបូរ​រស់នៅ​ច្រើន​ដោយ​ប្រជាជន​អាមេនី កាន់សាសនា​គ្រិស្ត បាន​ទាមទារ​ផ្តាច់ទឹកដី​ពី​អាស៊ែបៃហ្សង់ ដែល​មានប្រជាជន​កាន់សាសនា​អ៊ីស្លាម ស្ហ៊ីអ៊ីត នៅមុន​ឆ្នាំ ១៩៩១។ សង្រ្គាម​ទាមទារ​ផ្តាច់​ទឹកដី បាន​សម្លាប់មនុស្ស យ៉ាងហោច ៣ម៉ឺននាក់។ បទឈប់បាញ់ រវាង​ភាគី​ទាំងពីរ បាន​ចូល​ជាធរមាន នៅ​ឆ្នាំ ១៩៩៤ មុន​នឹង​អាស៊ែបៃហ្សង់ ចាប់​ធ្វើ​សង្រ្គាម វាយប្រហារ​លើ​ក្រុមទាមទារ​ផ្តាច់ទឹកដី អាមេនី នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ