អានតួអត្ថបទ
នយោបាយថៃ-សេរីភាពសារព័ត៌មាន

ថៃ​សម្រេច​បិទ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ដែល​មាន​ទំនាក់​ទំនង​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យលើកម្រាមដៃបី ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងក្រុងបាងកកកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យលើកម្រាមដៃបី ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងក្រុងបាងកកកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ AFP - JACK TAYLOR
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

នៅថៃ​ ប៉ុស្តិ៍​ទូរស្សន៍​មួយ​ត្រូវបាន​តុលាការ​ចេញបទ​បញ្ជាឲ្យ​បិទដំណើរការ​ជាផ្លូវការ​នៅថ្ងៃអង្គារ​ ទី២០​ តុលា​។ ទូរទស្សន៍នេះ ត្រូវគេស្គាល់ថា​ជា​បណ្តាញ​ព័ត៌មាន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្រ្តីថៃ​លោក​ថាក់ស៊ីន​ និង​ត្រូវបាន​បិទ​ដោយសារ​បាន​រាយការណ៍​អំពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បានធ្វើឲ្យ​រញ្ជួយ​រាជធានី​បាងកក​រយៈពេល​ជិតមួយ​សប្តាហ៍​មក​ហើយ​។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ Voice TV ​ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​ មាន​ម្ចាស់ជាប់​សាច់ឈាមជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ គឺជា​ស្ថាប័ន​ព័ត៌មាន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​សារព័ត៌មាន​ចំនួន​បួន​ដែលត្រូវបាន​បញ្ជាឲ្យបិទទ្វារ​ដោយសារ​តែពួកគេ​បាន​រាយការណ៍​អំពីចលនា​តវ៉ា​ដែល​កំពុង​ផុលផុស​នៅថៃ​។

នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា​ នៅថ្ងៃ​អង្គារ​ ទី២០​ តុលា ​បាន​ចោទប្រកាន់​បណ្តាញ​សារព័ត៌មាន​ខាងលើ​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​។ លើសពីនេះ​ ក្រោយការ​សម្រេចរបស់​តុលាការ​ថៃ​ លោកប្រាយុទ្ធ​ បាននិយាយ​ទៀតថា​ “សេរីភាព​សារព័ត៌មាន​ គឺ​មានសារៈសំខាន់​ ប៉ុន្តែ​ក្នុងករណី​មួយចំនួន​ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​រាយការណ៍​ព័ត៌មាន​បំផ្លើស​ការពិត​ដែលមាន​លក្ខណៈ​ញុះញង់​ និង​បង្កឲ្យ​ស្ថានការណ៍​មិនល្អ​ចេះតែ​បន្តកើតឡើង​មិនចេះចប់​”។

គួរបញ្ជាក់ជូនថា​ តុលាការថៃ​បាន​សម្រេច​បញ្ជាឲ្យ​ស្ថាប័ន​ព័ត៌មាន​ថៃ​ចំនួន​ ៤ បិទទ្វារ​ មួយថ្ងៃ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹងពី​រដ្ឋាភិបាល​ថៃ​រួចមក។ មន្ត្រី​រដ្ឋាភិបាល​ថៃ​បាន​និយាយថា​ បណ្តាញ​សារព័ត៌មាន​ទាំងនោះ​ បាន​ប្រព្រឹត្តអំពើ​រំលោភបំពាន​ច្បាប់ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​ និងបាន​រំលោភក្រឹត្យ​ដែល​ដាក់​ក្រុង​បាងកក​ក្នុងគ្រាអាសន្ន​។

ក៏ប៉ុន្តែ​ នាយក​ប្រតិបត្តិ​ទូរទស្សន៍​ Voice TV​ លោក ម៉ាក់គីន​ ផេតផ្លៃ​ (Makin Petplai) បានចេញ​មុខ​បដិសេធ​ទៅនឹង​ការលើកឡើង​របស់រដ្ឋាភិបាល​ថៃ ដែលថា​ទូរទស្សន៍​របស់​ខ្លួន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​។

លោក​នាយកប្រតិបត្តិ​ទូរស្សន៍​រូបនេះ​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដែលមាន​ចុះផ្សាយ​នៅ​លើគេហទំព័រ​ព័ត៌មាន​របស់​ខ្លួនថា​ អស់រយៈពេល​ ១១ ឆ្នាំ​មកហើយ​ដែលទូរទស្សន៍​ Voice TV​ ប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ ផ្តល់ឱកាស​ដល់​ប្រជាជន​មកពីគ្រប់​ភាគី​ ដោយ​បើកចំហ​ មានតម្លាភាព​ និង​ការទទួលខុសត្រូវ​។

គួររំឭក​ជូនដែរថា Voice TV គឺជា​ប៉ុស្តិ៍ទូរទស្សន៍​ថៃមួយ​ ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍​សម្រាប់​ជំហរ​បែបសេរី​ និង​កម្មវិធី​វិភាគ​នយោបាយ​។ ទូរទស្សន៍​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​និង​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​កូន​ប្រុស​របស់​អតីត​នាយករដ្ឋមន្រ្តី​ លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ