អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ហូឡង់

រដ្ឋហូឡង់​​ផ្តល់សំណង​ជំងឺចិត្ត​ដល់​កូនៗ​ជនរងគ្រោះ​ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​សម្លាប់​ដោយ​​ទាហាន​​អាណានិគម

ព្រះចៅ Willem Alexander មហាក្សត្រ​ហូឡង់ ថ្លែងសុំទោស​ប្រជាជនឥណ្ឌូណេស៊ី ចំពោះមុខ​លោក​ប្រធានាធិបតី ចូកូ វីដូដូ នៅវិមានបូហ្គោ ថ្ងៃទី​១០មីនា ២០២០។
ព្រះចៅ Willem Alexander មហាក្សត្រ​ហូឡង់ ថ្លែងសុំទោស​ប្រជាជនឥណ្ឌូណេស៊ី ចំពោះមុខ​លោក​ប្រធានាធិបតី ចូកូ វីដូដូ នៅវិមានបូហ្គោ ថ្ងៃទី​១០មីនា ២០២០។ © AFP
ដោយ៖ ម៉ម ពិសី
១៥ នាទី

រដ្ឋាភិបាលហូឡង់ បានប្រកាសនៅថ្ងៃទី​២០តុលា ថា ខ្លួននឹងផ្តល់សំណង​ជំងឺចិត្ត​ជាប្រាក់ ចំនួន​​៥០០០​អឺរ៉ូ ទៅ​ឲ្យ​កូនៗ នៃប្រជាជន​ឥណ្ឌូណេស៊ី​ ដែលត្រូវបាន​កងទ័ព​អាណានិគម​ហូឡង់សម្លាប់ កាលពីក្នុងជំនាន់សង្រ្គាមដណ្តើមឯករាជ្យ ​នា​ចុងទសវត្សឆ្នាំ១៩៤០។ ការសម្រេចនេះ គឺត្រូវបានធ្វើឡើង បន្ទាប់​ពីមាន​សេចក្តីសម្រេច​មួយ​របស់តុលាការ​ហូឡង់ ដែល​បានដាក់កំហិត ឲ្យរដ្ឋ​ហូឡង់ ត្រូវផ្តល់ប្រាក់ជំងឺចិត្ត​ដល់កូនៗនិងភរិយាមេម៉ាយ របស់​បុរសជនជាតិឥណ្ឌូណេស៊ី១១នាក់ ដែលត្រូវបាន​ទាហានហូឡង់សម្លាប់ នៅរវាងឆ្នាំ​១៩៤៦-១៩៤៧។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និងក្រសួងកិច្ចការបរទេសហូឡង់ បានប្រកាសថា​ រដ្ឋហូឡង់ នឹងផ្តល់​ប្រាក់ជាសំណងជំងឺចិត្ត ចំនួន​៥០០០អឺរ៉ូ ជូនដល់កូន​ៗរបស់ជនរងគ្រោះឥណ្ឌូណេស៊ី ដែលត្រូវបានសម្លាប់ដោយ​ទាហានអាណានិគមហូឡង់ ក្នុងជំនាន់សង្រ្គាម​ទាមទារឯករាជ្យ។ អ្នកណាក៏ដោយ ក៏អាចទទួល​បានប្រាក់សំណងជំងឺចិត្តនេះដែរ ឲ្យ​តែអាចផ្តល់​ឯកសារ និង​ភស្តុតាង​បញ្ជាក់គ្រប់គ្រាន់ ថាឪពុកខ្លួនពិតជាត្រូវប​ាន​សម្លាប់ដោយ​ទាហានអាណានិគមហូឡង់ ហើយ​ខ្លួនពិតជាកូនរបស់ជនរងគ្រោះនោះមែន។

គួរបញ្ជាក់ថា ការសម្រេចរបស់រដ្ឋហូឡង់នេះ គឺបានធ្វើឡើង នៅក្រោយពេលមាន​សេចក្តីសម្រេច​របស់តុលាការហូឡង់ ដែល​បានដាក់កំហិត ឲ្យរដ្ឋ​ហូឡង់ ត្រូវផ្តល់ប្រាក់ជំងឺចិត្ត​ដល់កូនៗនិងភរិយាមេម៉ាយ របស់​បុរសជនជាតិឥណ្ឌូណេស៊ី១១នាក់ ដែលត្រូវបាន​ទាហានហូឡង់សម្លាប់ នៅរវាងឆ្នាំ​១៩៤៦-១៩៤៧។ តុលាការហូឡង់ ក៏បានទាត់ចោលអំណះអំណាងរបស់រដ្ឋហូឡង់ផងដែរ ដែលបានលើកឡើងថា បណ្តឹងទាក់ទិននឹងអំពើឧក្រិដ្ឋក្នុងជំនាន់សង្រ្គាមទាមទារឯករាជ្យ គឺវាបានផុតអាជ្ញាយុកាលទៅហើយ។

សូមរំលឹកថា មានបុរសជនជាតិឥណ្ឌូណេស៊ី យ៉ាងហោច៨៦០នាក់ ដែលត្រូវបានសម្លាប់ ដោយទាហានហូឡង់ នៅរវាងចុងឆ្នាំ​១៩៤៦ ដល់ឆ្នាំ​១៩៤៧ នៅឯតំបន់កោះSulawesi។ កាលពីឆ្នាំ​២០១៣ រដ្ឋាភិបាលហូឡង់ បានធ្វើការសុំទោសជាសាធារណៈ ចំពោះអំពើឧក្រិដ្ឋបង្កឡើង ដោយទាហានអាណានិគមខ្លួន កាលជំនាន់នោះ ហើយបានសន្យាថា ផ្តល់សំណងជំងឺចិត្ត ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលនៅរស់។ កាលពីដើមឆ្នាំ​២០២០នេះ ព្រះមហាក្សត្រហូឡង់ ព្រះចៅ Willem-Alexander បានធ្វើការសុំទោសជាលើកទីមួយ ចំពោះអំពើហិង្សាហួសប្រមាណ ដែលកងទ័ពហូឡង់បានធ្វើ កាលពីក្នុងជំនាន់សង្រ្គាមទាមទារឯករាជ្យនៅឥណ្ឌូណេស៊ី។

គួររំលឹកផងដែរថា កងទ័ពនិងអ្នកជំនួញហូឡង់ បានចាប់ផ្តើម​មានវត្តមាន​ នៅលើ​ប្រជុំកោះ​ឥណ្ឌូណេស៊ី តាំងតែពីដើម​សតវត្សទី​១៧ ដោយធ្វើសង្រ្គាម​ដណ្តើមគ្នាគ្រប់គ្រង​ ជាមួយ​នឹង​ព័រទុយហ្កាល់ ហើយក្រោយមកជាមួយអង់គ្លេស។ ថ្ងៃទី​១៧ សីហា ១៩៤៥ សាធារណៈរដ្ឋឥណ្ឌូណេស៊ី បានប្រកាសឯករាជ្យ ប៉ុន្តែ លុះទាល់តែដល់ថ្ងៃ ទី​២៩ ធ្នូ ១៩៤៩ ទើបហូឡង់ បាន​ទទួលស្គាល់ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ