អានតួអត្ថបទ
ថៃ-នយោបាយ

លោកប្រាយុទ្ធ ចាន់អូចា​​ដកថយ​​មួយជំហាន ដោយ​​លុបចោល​​​ក្រិត្យច្បាប់​​អាសន្ន​​ដែល​​ហាមឃាត់​​​បាតុកម្ម

បាតុករជួបជុំគ្នា នៅទីក្រុងបាងកក យប់ថ្ងៃទី ២១ តុលា ខណៈលោកប្រាយុទ្ធ ចាន់អូចា ប្រកាសតាមទូរទស្សន៍ថា នឹងលុប​ចោល​​ក្រិត្យ​ច្បាប់​អាសន្ន។
បាតុករជួបជុំគ្នា នៅទីក្រុងបាងកក យប់ថ្ងៃទី ២១ តុលា ខណៈលោកប្រាយុទ្ធ ចាន់អូចា ប្រកាសតាមទូរទស្សន៍ថា នឹងលុប​ចោល​​ក្រិត្យ​ច្បាប់​អាសន្ន។ REUTERS - SOE ZEYA TUN
ដោយ៖ ម៉ម ពិសី
១៥ នាទី

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្រេច​លុបចោលវិញ នូវក្រិត្យច្បាប់អាសន្ន​ ដែល​សំដៅហាមឃាត់​ការជួបជុំចាប់ពី​៥នាក់ឡើងទៅ និងហាមឃាត់រាល់ការផ្សព្វផ្សាយ​សារ ប្រឆាំងនឹងរដ្ឋាភិបាល​ នៅតាមបណ្តាញសង្គម។ នេះគឺជាការដកថយមួយជំហានរបស់​លោក​ប្រាយុទ្ធ ចាន់អូចា ចំពោះ​មុខ​កម្លាំងចលនាបាតុកម្មរបស់យុវជនថៃ ដែលកាន់តែ​ធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមបាតុករ បានប្រកាសថា លោក​ប្រាយុទ្ធមានពេល​៣ថ្ងៃ ដើម្បីលាលែងចេញពីតំណែង ពុំនោះទេ ពួកគេនឹងចុះផ្លូវ សាជាថ្មីទៀត។

ផ្សាយពាណិជ្ជកម្ម

ក្រិត្យច្បាប់អាសន្ន ដែលបានចូលជាធរមាន កាលពីថ្ងៃទី​១៥តុលា ត្រូវអស់សុពលភាព នៅវេលាម៉ោង៥ព្រឹក ថ្ងៃព្រហស្បតិ៍ទី​២២តុលានេះ។ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាន​ប្រកាសថា​ ចាប់ពីពេលនេះទៅ ស្ថានភាពតានតឹង នឹងបានធូរស្រាលមកវិញ ហើយ​សមត្ថកិច្ចអាជ្ញាធរ​រដ្ឋាភិបាល នឹងអាចអនុវត្តច្បាប់ដែលមាន​ជាធរមាន តាមធម្មតាមកវិញ ព្រោះវិធានការពិសេស ត្រូវបានលុបចោលហើយ។

គួរកត់សំគាល់ថា នេះគឺជា​ការដកថយមួយជំហាន របស់លោក​ប្រាយុទ្ធ ចាន់អូចា ចំពោះមុខ​​ចលនាបាតុកម្មតវ៉ា របស់យុវជនថៃ ដែលមានសន្ទុះខ្លាំងឡើងៗ។ កាលពីយប់ថ្ងៃពុធ លោកប្រាយុទ្ធ​ ចាន់អូចា បានថ្លែងសារតាមទូរទស្សន៍ ដោយបានអំពាវនាវ ឲ្យ​ម្ខាងៗ​ ត្រូវដកថយម្នាក់មួយជំហាន ដើម្បីបន្ធូរស្ថានការណ៍។ ចំណែកខាងរដ្ឋាភិបាល គឺបានត្រៀមលុបចោល​ក្រិត្យច្បាប់អាសន្ន។ លោកបានប្រកាសទៀតថា ក្រុមបាតុករ ត្រូវតែគោរពការស្វែងរកដំណោះស្រាយ តាមរយៈរដ្ឋសភា ដែលនឹងបើកសម័យប្រជុំវិសាមញ្ញមួយ នៅថ្ងៃចន្ទ ទី២៦តុលាខាងមុខ។

លោកស្រី Christine Cabasset អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ បានលើកឡើងថា ការដកថយនេះ គឺដោយសារ​លោកប្រាយុទ្ធ ចាន់អូចា មិនអាចខ្មាស់ក្មេងៗ ជាយុវជនបាតុករ បានតទៅទេ។ ក្នុងរយៈពេល​ពេញមួយសប្តាហ៍មកនេះ លោកប្រាយុទ្ធ បានឃើញ​យ៉ាងច្បាស់ ថាច្បាប់អាសន្នដែលហាមឃាត់ការជួបជុំនោះ គ្មាន​ប្រយោជន៍ទេ ហើយផ្ទុយទៅវិញ យុវជនថៃកាន់តែមានចិត្តប្តេជ្ញា មកចូលរួមធ្វើបាតុកម្មកាន់តែច្រើនឡើងៗ។

ដោយឡែក អ្នកវិភាគខ្លះទៀត យល់ឃើញថា ការសម្រេចលុបចោលក្រិត្យច្បាប់អាសន្ន ដើម្បីធ្វើឲ្យ​បាតុករស្ងប់ចិត្ត គឺគ្រាន់តែជាវិធី ដើម្បីចំណេញពេលវេលាតែប៉ុណ្ណោះ។ លោកប្រាយុទ្ធ ចាន់អូចា និងក្រុមយោធា ប្រហែលជាសង្ឃឹមថាអាច​រក្សាអំណាច តាមរយៈស្នៀតនយោបាយ​ ចរចា​នៅ​ក្នុង​សភា។

កាលពីយប់ថ្ងៃពុធ ស្របពេលដែល​លោកប្រាយុទ្ធ ចាន់អូចា ប្រកាសតាមទូរទស្សន៍ ពីបំណងលុបចោលក្រិត្យ​ច្បាប់អាសន្ន នៅមិនឆ្ងាយប៉ុន្មាន​ពីវិមានរដ្ឋាភិបាល​ មាន​ក្រុមយុវជន​​បាតុករ ប្រមាណជិត១ម៉ឺននាក់ បានមក​ជួបជុំគ្នា​។ ទោះបីពួកគេអបអរសាទរ​ នឹងការដកថយរបស់​លោក​ប្រាយុទ្ធមែន តែក្រុមបាតុករ បានដាក់ឱសានុវាទ រយៈពេល៣ថ្ងៃ ឲ្យ​លោក លោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ពុំនោះទេ មហាបាតុកម្មនឹងផ្ទុះឡើងម្តងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ