អានតួអត្ថបទ
តៃវ៉ាន់

អាមេរិក​ព្រម​លក់​សព្វាវុធ ទៅឲ្យ​​តៃវ៉ាន់ ក្នុងតម្លៃ​សរុប​ជាង ១៨០០​លាន​ដុល្លារ

ក្បួនព្យុហយាត្រាយោធា អបអរ​សាទរទិវា​ឯករាជ្យជាតិ​តៃវ៉ាន់ នៅខាងមុខវិមាន​ប្រធានាធិបតីតៃវ៉ាន់ ថ្ងៃទី​១០តុលា ២០២០
ក្បួនព្យុហយាត្រាយោធា អបអរ​សាទរទិវា​ឯករាជ្យជាតិ​តៃវ៉ាន់ នៅខាងមុខវិមាន​ប្រធានាធិបតីតៃវ៉ាន់ ថ្ងៃទី​១០តុលា ២០២០ REUTERS - ANN WANG
ដោយ៖ ម៉ម ពិសី
១៧ នាទី

ក្រសួងការបរទេសអាេមរិក ទើបតែបានបើកភ្លើងខៀវ កាលពីថ្ងៃពុធទី​២១តុលា អនុញ្ញាតឲ្យ​លក់គ្រឿងសព្វាវុធទៅឲ្យ​កោះតៃវ៉ាន់ ក្នុងតម្លៃសរុប ប្រមាណ​១៨០០លានដុល្លារ។ ក្នុងចំណោម​គ្រឿងសព្វាវុធ ដែលតៃវ៉ាន់ទិញនេះ គឺមានដូចជា​មីស៊ីលចម្ងាយមធ្យម និងកាណុងបាញ់គ្រាប់រ៉ូកែត ដែលអាចហោះទៅដល់​ដែនដីចិន បានដោយគ្មានបញ្ហា។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក នឹងលក់មីស៊ីលប្រភេទ Slam-ER ចំនួន​១៣៥គ្រាប់ ក្នុងតម្លៃ១ពាន់លានដុល្លារ ទៅឲ្យ​តៃវ៉ាន់។ មីស៊ីលប្រភេទនេះ  អាចរត់បានចំងាយជាមធ្យម២៧០គីឡូម៉ែត្រ ពោលគឺគ្រប់គ្រាន់ ដើម្បីឆ្លងសមុទ្រ ពីតៃវ៉ាន់​ទៅកាន់ចិនដីគោក។ ក្រៅពីនេះ តៃវ៉ាន់ ក៏បានស្នើទិញពីអាមេរិក នូវ​កាណុងបាញ់គ្រាប់រ៉ូកែតម្តងច្រើនគ្រាប់ ក្នុងតម្លៃ៤៣៦លាន​ដុល្លារ ព្រមទាំងសម្ភារៈបរិក្ខាថតរូបភាព​ពីលើអាកាស ក្នុងតម្លៃ​៣៦៧លានដុល្លារ។ គួរកត់សំគាល់ថា គម្រោងលក់គ្រឿងសព្វាវុធ ក្នុងតម្លៃសរុបប្រមាណ​១៨០០លានដុល្លារនេះ គឺមិនបានរាប់បញ្ចូលនូវ យានដ្រូន ប្រភេទ MQ9 Reaper ដែលតៃវ៉ាន់ បានស្នើសុំទិញ ពី​អាមេរិក​ទេ។

ក្រសួងការបរទេសអាេមរិក បានបញ្ជាក់ថា ការសម្រេចយល់ព្រមលក់មីស៊ីល និងកាណុងបាញ់គ្រាប់​រ៉ូកែត ទៅឲ្យ​តៃវ៉ាន់នេះ គឺវាឆ្លើយតបទៅ​នឹង​ ផលប្រយោជន៍សេដ្ឋកិច្ច និង​សន្តិសុខជាតិ​របស់សហរដ្ឋអាេមរិក ព្រោះថាវានឹងជួយតៃវ៉ាន់ ឲ្យ​ធ្វើទំនើបកម្ម​គ្រឿងសព្វាវុធ  និង​តម្លើង​សមត្ថភាព​កងទ័ព។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា គ្រឿងសព្វាវុធថ្មីៗ​ទាំងនេះ នឹងជួយតៃវ៉ាន់មាន​សមត្ថភាព​ប្រយុទ្ធពិតប្រាកដ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានប្រតិកម្មភ្លាម ដោយបានហៅឲ្យ​សហរដ្ឋអាេមរិក ត្រូវលុបចោលជាបន្ទាន់ នូ​គម្រោងលក់អាវុធទៅឲ្យ​តៃវ៉ាន់នេះ ព្រោះថាវានឹងធ្វើឲ្យ​ទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែល្អក់កករ ហើយ​វាក៏នឹងបំផ្លាញស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ដែរ។ លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ចិននឹងចាត់វិធានការតបវិញឲ្យ​សមស្រប ដោយយោងទៅលើដំណើរវិវឌ្ឍន៍នៃស្ថានការណ៍។

គួររំលឹកថា ថ្វីបើ​ជាផ្លូវការ សហរដ្ឋអាមេរិក បានផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ នៅឆ្នាំ​១៩៧៩​មែនពិត តែសហរដ្ឋអាេមរិក បានសន្យាថានឹងជួយតៃវ៉ាន់ ដើម្បីការពារខ្លួន។ ចាប់តាំងពី​លោក​ដូណាល់ ត្រាំ បានចូលកាន់តំណែង គេសង្កេតឃើញថា សហរដ្ឋអាេមរិក បានយល់ព្រមលក់អាវុធទៅឲ្យ​តៃវ៉ាន់ យ៉ាងសន្ធឹកសន្ធាប់។​ ​កាលពី​សប្តាហ៍មុន លោក Robert O’Brien ទីប្រឹក្សា​​សន្តិសុខ​របស់​សេតវិមាន បានប្រាប់ទៅតៃវ៉ាន់ថា គួរតែប្រញ៉ាប់ទិញអាវុធទុកឲ្យ​បានច្រើន​ឲ្យ​ហើយទៅ ដើម្បីបង្ការ​ក្នុងករណី​មាន​ការឈ្លានពាន​ពីចិន។ តែលោកម្នាក់នេះ បាន​ទទួលស្គាល់ថា ចិន​ប្រហែល​ជាមិនវាយ​ដណ្តើម​ យកតៃវ៉ាន់ភ្លាមទេ គឺប្រហែលជា១០ ទៅ​១៥ឆ្នាំទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពតៃវ៉ាន់ បាន​សង្កេតឃើញថា កងទ័ព​អាកាស​ចិន បាន​ហោះឆ្វែល មកលើដែនទឹករបស់តៃវ៉ាន់ជាញឹកញាប់។ ហើយកាលពីសប្តាហ៍កន្លងទៅ​ កងទ័ពចិន បានបង្ហោះផ្សាយ​វីដេអូឃោសនាមួយ ដែលបង្ហាញពីការប្រយុទ្ធរបស់​កងទ័ពចិន ដើម្បី​ដណ្តើមយក​ទឹកដីនៅតំបន់មួយ ដែលមានសណ្ឋានលក្ខណៈដូចកោះតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ