អានតួអត្ថបទ
ចិន-កូរ៉េ-សហរដ្ឋអាមេរិក

ចិនប្រារព្ធពិធី​រំលឹកខួប​៧០ឆ្នាំ នៃ​ការ​ចូលធ្វើ​សង្រ្គាម​នៅ​កូរ៉េ ផ្ញើសារ​ទៅកាន់​សហរដ្ឋ​អាេមរិក

លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី កឺឈាំង ក្នុងឱកាស​រំលឹកខួប​៧០ឆ្នាំ ១៩៥០-២០២០២ នៃការចូលរួមធ្វើសង្រ្គាមរំដោះកូរ៉េ របស់កងទ័ពចិន។ វិមានសភាប្រជាមានិតចិន ក្រុងប៉េកាំង ថ្ងៃទី​ ២៣ តុលា ២០២០
លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី កឺឈាំង ក្នុងឱកាស​រំលឹកខួប​៧០ឆ្នាំ ១៩៥០-២០២០២ នៃការចូលរួមធ្វើសង្រ្គាមរំដោះកូរ៉េ របស់កងទ័ពចិន។ វិមានសភាប្រជាមានិតចិន ក្រុងប៉េកាំង ថ្ងៃទី​ ២៣ តុលា ២០២០ REUTERS - CARLOS GARCIA RAWLINS
ដោយ៖ ម៉ម ពិសី
១៩ នាទី

នៅថ្ងៃទី ២៣តុលានេះ​ រដ្ឋាភិបាលចិនបានរៀបចំពិធីដ៏អធិកអធម្មបំផុត ដើម្បី​រំលឹកខួប​៧០ឆ្នាំ នៃការ​ចូលរួមធ្វើសង្រ្គាមរបស់កងទ័ពចិន នៅក្នុងសង្រ្គាមកូរ៉េ រវាងឆ្នាំ​១៩៥០ ដល់ឆ្នាំ១៩៥៣។ អន្តរាគមន៍របស់កងទ័ពចិន ជួយការពារ​កូរ៉េខាងជើងកាលជំនាន់នោះ បានធ្វើឲ្យ​ប្រែប្រួលទាំងស្រុង នូវយុទ្ធសាស្ត្រប្រយុទ្ធរបស់កងទ័ពអាមេរិក។ នេះគឺជាជ័យជំនះ ដែលគណបក្សកុម្មុយនីស្តចិន តែង​បានយក​មក​ឃោសនា ហើយនៅលើកនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងសារយ៉ាងចំហរ​ ផ្ញើទៅកាន់សហរដ្ឋអាេមរិក ថាចិននឹងមិនចុះញ៉ម ចំពោះការឈ្លានពានណាមួយ មក​លើអធិបតេយ្យភាពរបស់ចិន ជាដាច់ខាត។

ផ្សាយពាណិជ្ជកម្ម

កម្មវិធីរំលឹកខួប​៧០ឆ្នាំ​ នៃការចូលធ្វើសង្រ្គាមកូរ៉េ​របស់កងទ័ពចិន នៅឆ្នាំនេះ មានទំហំ​យ៉ាងធំ​សម្បើមខុសពីឆ្នាំមុនៗ។ ក្រៅពីកម្មវិធីបញ្ជូនត្រលប់មកវិញនូវអដ្ឋិធាតុរបស់ទាហានចិន គេបានរៀបចំកម្មវិធីពិពណ៌រូបថតដ៏ធំ អមដោយ​ខ្សែភាពយន្ត និងខ្សែភាពយន្តគំនូរជីវចលផង ដើម្បី​បង្ហាញពីវីរៈភាព របស់កងទ័ពចិន។ នៅតាមកញ្ចក់ទូរទស្សន៍ចិន​គ្រប់ប៉ុស្តិ គេបានផ្សព្វផ្សាយ​នូវរូបភាពឯកសារ ព្រមទាំងកិច្ចសម្ភាសន៍ជាមួយអតីតនាយទាហានចិន។

ថ្លែងសន្ទរកថា នៅក្នុងសភាប្រជាមានិតចិន លោកស៊ី ជីពីង បានលើកឡើងថា « កងទ័ពបដិវត្តចិន​បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្តូរជីវិតដើម្បីឈានទៅយកឈ្នះសត្រូវ ហើយ​ធ្វើឲ្យ​គ្រប់គ្នាដឹងថាសត្រូវនោះ គ្មានអ្វីខ្លាំងអស្ចារ្យ លើសការប្តេជ្ញារបស់យើងឡើយ »។ លោក ស៊ី ជីនពីង បន្តទៀតថា « យើងនឹង​មិនឈរឱបដៃនៅស្ងៀមឡើយ​ ប្រសិនបើអធិបតេយ្យភាព​ និងបូរណភាពទឹក​ដី​របស់​ជាតិយើង ត្រូវបានគំរាមកំហែង ឬឈ្លានពាន។ »

សូមរំលឹកថា យោងតាមតួលេខផ្លូវការរបស់​ចិន គឺមានទាហានចិន យ៉ាងហោច២សែននាក់ បានស្លាប់ នៅក្នុងសមរភូមិកូរ៉េ ក្នុងរវាងឆ្នាំ១៩៥០-១៩៥៣។ កាលពី​ថ្ងៃទី​២២តុលា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បាន​រៀបចំកម្មវិធីរំលឹកខួប​មួយដែរ ដើម្បី​អរគុណកងទ័ពចិន ដែល​បាន​ប្តូរជីវិតមកជួយកូរ៉េ​ខាងជើង។ សង្រ្គាមឧបទ្វីបកូរ៉េ គឺជាសង្រ្គាមតែមួយគត់ ដែល​កងទ័ពចិន និង​កងទ័ពអាេមរិក ប្រយុទ្ធគ្នាដោយផ្ទាល់។​

គួរកត់សំគាល់ថា ខ្លឹមសារនៃសន្ទរកថារបស់​លោកស៊ី ជីនពីង នៅក្នុងឱកាសខួប៧០ឆ្នាំនេះ គឺត្រូវបាន​គេយល់យ៉ាងច្បាស់ ថាជាសារផ្ញើទៅដោយ​ចំហរ ចំពោះសហរដ្ឋអាមេរិក ខណៈដែលមហាអំណាចទាំង២នេះ កំពុងប្រឈមុខដាក់គ្នា ជាច្រើនសំណុំរឿង មិនថា បញ្ហាការទូត ភូមិសាស្ត្រនយោបាយ កោះតៃវ៉ាន់ សង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប។

លោកស្រី Alice Ekman អ្នកវិភាគនៅវិទ្យាស្ថានសិក្សាសន្តិសុខនៃសហភាពអឺរ៉ុប បានលើក​ឡើង​ថា ចិនតែងហៅការចូលរួមរបស់ខ្លួន​ក្នុង​សង្រ្គាមកូរ៉េថា ជាការតស៊ូប្រយុទ្ធនឹង​អំពើឈ្លានពានរបស់អាមេរិក។ តែធាតុពិតពាក្យឃោសនានេះ គឺចិនមានចេតនាលុបចោលការពិតមួយ ដែល ជាក់ស្តែង​គឺកូរ៉េខាងជើងទេ ដែលបានចាប់ផ្តើមបង្កសង្រ្គាមមុន។ លោកស្រីបន្តថា សន្ទរកថារបស់​លោកស៊ី ជីនពីងនាពេលនេះ គឺដើម្បី​បង្ហាញពី​ឆន្ទៈរបស់ចិន ថាមិនចុះញ៉មនឹងសហរដ្ឋអាេមរិក ជា​ដាច់ខាត។

យ៉ាងណាមិញ លោកHu Xijin និពន្ធនាយកកាសែត Global Times របស់ចិន បានសរសេរលើ​Twitter ថា « ចិនធ្លាប់បានប​្រយុទ្ធឈ្នះអាមេរិក ទាំងដែលប្រទេសចិននៅ​ក្រីក្របំផុត។ ដូច្នេះមានរឿងអ្វី​ ដែលចិនត្រូវខ្លាចអាមេរិកនៅពេលនេះ? »។ លោក Shi Yinhong សាស្ត្រាចារ្យនៅសកលវិទ្យាល័យ​ប្រជាជននៅក្រុងប៉េកាំង ក៏បានលើកឡើងដែរថា « ប្រសាសន៍របស់​លោកស៊ី ជីនពីង គឺជាចម្លើយ​ឆ្លើយតប ចំពោះការសង្កត់របស់រដ្ឋាភិបាលលោកដូណាល់ត្រាំ ហើយ​ថាចិនបានប្រុងប្រៀបរួចជាស្រេច បើសិនជាត្រូវធ្វើសង្រ្គាមម្តងទៀត ជាមួយ​អាមេរិក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ