អានតួអត្ថបទ

អាមេរិក​បញ្ជូន​ឆ្មាំសមុទ្រ​ទៅ ជួយ​ទូកនេសាទ​អាស៊ី​ដែល​រងការគំរាមកំហែង​ពីកងទ័ព​ចិន

កប៉ាល់​ល្បាត​ដែល​ឆ្មាំសមុទ្រ​របស់អាមេរិកទៅ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​គ្រឿងញៀន​នៅ​ប្រទេស​ប៉ាណាម៉ា
កប៉ាល់​ល្បាត​ដែល​ឆ្មាំសមុទ្រ​របស់អាមេរិកទៅ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​គ្រឿងញៀន​នៅ​ប្រទេស​ប៉ាណាម៉ា ASSOCIATED PRESS - Moises Castillo
ដោយ៖ ឈាង បុប្ផា
១៥ នាទី

វ៉ាស៊ីនតោន បាន​ប្រកាស​បញ្ជូន​កប៉ាល់ជើងទឹក អាមេរិក​ឲ្យ​ទៅ​ល្បាត​នៅ មហាសមុទ្រ ប៉ាស៊ីហ្វិក។ នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃ​សុក្រ ទី ២៣ តុលា លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ បានបញ្ជាក់ថា បេសកកម្ម​របស់​កងទ័ព​ឆ្មាំសមុទ្រ​អាមេរិក នៅភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក មានគោលដៅ ទប់ទល់​នឹង​សកម្មភាព គំរាមកំហែង​របស់​ចិន នៅ​តំបន់​នេសាទ នៅ​សមុទ្រ​ចិន​ខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

ដោយ​ចោទ​ប្រកាន់​ចិន ថាបាន​នេសាទ​ខុសច្បាប់ នៅក្នុង​ដែនទឹក​របស់​ប្រទេស​ដទៃ និង​គំរាមកំហែង ទូកនេសាទ របស់​ប្រទេស​ជិតខាង វ៉ាស៊ីនតោន បាន​ប្រកាស​បញ្ជូន​កប៉ាល់​ល្បាត ជាច្រើន​គ្រឿង របស់​ឆ្មាំសមុទ្រ អាមេរិក ទៅកាន់​ភាគខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

តាម​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក នៅ​ក្នុង​ប្រតិបត្តិការ ធានា​សេរីភាព នៃ​ចរាចរណ៍​ជើងទឹក ហើយ​និង​សន្តិសុខ​ជើងទឹក នៅ​ប៉ាស៊ីហ្វិក ឆ្មាំសមុទ្រ​របស់​អាមេរិក នឹង​សហការ​ជាមួយ​ប្រទេស​ដៃគូ ដែល​គ្មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​តាមដាន​ដែនសមុទ្រ​របស់ខ្លួន។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​លម្អិតថា កប៉ាល់ល្បាត​របស់​អាមេរិក នឹង​អន្តរាគមន៍ ជួយ​ទូកនេសាទ របស់​បណ្តាប្រទេស​ដៃគូ អាមេរិក ដែល​រង​ការរំលោភ គំរាមកំហែង​ពី​សំណាក់​កប៉ាល់​ជើងទឹក​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

កន្លងមក វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ ទីក្រុង​ប៉េកាំង ​ថា បាន​រំលោភច្បាប់​អន្តរជាតិ តាមរយៈ ការបញ្ជូន​កប៉ាល់ជើងទឹក​របស់ខ្លួន ឲ្យ​ទៅ​អម​ដំណើរ​ទូកនេសាទ​ចិន ដែល​ល្មើសចូល​ទៅ​នេសាទ ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​ជិតខាង នៅ​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Mark Esper កាលពី​ខែ​កក្កដា​កន្លងទៅ បាន​បរិហាររិះគន់ ចរិក​អាក្រក់​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង នៅ ប៉ុន្មាន​ខែ​មកនេះ ដែល​នៅក្នុង​នោះ កងទ័ព​ចិន​បាន​បាញ់ ពន្លិច ទូកនេសាទ វៀតណាម គំរាមកំហែង​ក្រុមហ៊ុន រុករក​ប្រេង ម៉ាឡេស៊ី ហើយ​និង​អមដំណើរ​ទូកនេសាទ​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី។

នៅ​ខែ​កញ្ញា​កន្លងទៅ ឥណ្ឌូណេស៊ី បាន​ចេញមុខ​តវ៉ា ជាថ្មី ប្រឆាំង​នឹង​វត្តមាន​កប៉ាល់ល្បាត​ចិន នៅ​ក្នុងតំបន់ សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី។

តាម​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក កប៉ាល់​ល្បាត​ទំនើបចុងក្រោយ​របស់អាមេរិក នឹង​ទៅ​បោះ​ទីតាំង អចិន្ត្រៃយ៍ នៅ​កោះ Samoa របស់​អាមេរិក​នៅ​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ពោល ដើម្បី​អាច​បើកប្រតិបត្តិការល្បាត ​អន្តរាគមន៍ ទាន់ពេលវេលា នៅ​សមុទ្រ​ចិន​ខាងត្បូង។

សូមបញ្ជាក់ថា ចិនបាន​ ទាមទារ​សិទ្ធិ​ផ្តាច់មុខ លើ​សមុទ្រ​ចិន ខាងត្បូង ​ជាទី​ដែល​ចិន បាន​សាងសង់ បោះទីតាំង​យោធា នៅ​លើ​កោះសិប្បនិម្មិត របស់ខ្លួន បើទោះ​មានការប្រឆាំង តវ៉ា​ពី​ប្រទេស​អាស៊ាន​មួយចំនួន ដូចជា​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ និង​តៃវ៉ាន់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ