អានតួអត្ថបទ

អាហ្វហ្កានីស្ថាន ថាបានសម្លាប់មេដឹកនាំភេរវជនអាល់កៃដា លំដាប់លេខ២

អាហ្វហ្កានីស្ថាន  ប្រកាសថា ប៉ូលីសស៊ើបការសម្ងាត់អាហ្វហ្គានីស្ថាន បានធ្វើប្រតិបត្តិការសម្លាប់មេដឹកនាំកំពូលម្នាក់ នៃក្រុមភេរវជនអាល់កៃដា។
អាហ្វហ្កានីស្ថាន ប្រកាសថា ប៉ូលីសស៊ើបការសម្ងាត់អាហ្វហ្គានីស្ថាន បានធ្វើប្រតិបត្តិការសម្លាប់មេដឹកនាំកំពូលម្នាក់ នៃក្រុមភេរវជនអាល់កៃដា។ via REUTERS - NDS AFGHANISTAN
ដោយ៖ ហេង ឧត្តម
១៧ នាទី

អាហ្វហ្កានីស្ថាន បានប្រកាសថ្ងៃចុងសប្តាហ៍នេះ ថា ប៉ូលីសស៊ើបការសម្ងាត់អាហ្វហ្កានីស្ថាន បានធ្វើប្រតិបត្តិការសម្លាប់មេដឹកនាំកំពូលម្នាក់ នៃក្រុមភេរវជនអាល់កៃដា។ មេដឹកនាំកំពូលក្រុមអាល់កៃដារូបនេះ ក៏ជាមនុស្សដែលឋិតក្នុងបញ្ជីខ្មៅ របស់ប៉ូលីស FBI អាមេរិកដែរ។ បុរសរូបនេះ ត្រូវនគរបាលអាមេរិកFBI ស្វែងរកតាមចាប់ខ្លួន តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ ប៉ូលីសសម្ងាត់អាមេរិក CIA ក៏ចង់កម្ទេចជននេះចោលដែរ ព្រោះតែយល់ថា រូបគេនេះ ជាអ្នកនៅពីក្រោយអំពើភេរវកម្ម និងជាអ្នកជ្រោមជ្រែងភេរវកម្ម នាំឱ្យមានការស្លាប់ពលរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំកំពូលក្រុមអាល់កៃដារូបនេះឈ្មោះ​ Abou Muhsin al-Masri ជា​ភេរវជន​ ដើម​កំណើត​ជាតិ​អេហ្សីប ​ត្រូវ​ប៉ូលីសស៊ើបការ​​សម្ងាត់​អាហ្វហ្គានីស្ថាន​ សម្លាប់​ ខណៈពេល​ដែលរូប​គេ​កំពុងសំងំលាក់ខ្លួន នៅក្នុងខេត្តមួយ ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាម​​មន្ត្រី​នៃ​នគរបាល​ពិសេសអាហ្វហ្កានីស្ថាន ដែល​ប្រាប់​ទីភ្នាក់​សារព័ត៌មាន​បារាំង AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃអាហ្វហ្កានីស្តាន ​ ក៏​បានអះអាង​​ពី​ដំណឹង​សម្លាប់​មេភេរវជន​នេះដែរ​ តែមិនបាន​ប្រាប់​លម្អិត​ពី​ប្រតិ​បត្តិ​ការថា​ប្រព្រឹត្តទៅ​យ៉ាង​ដូចម្តេច​​​នោះទេ។ ក៏ប៉ុន្តែ លោករដ្ឋមន្ត្រី​មហាផ្ទៃ Masoud Andarabi ​បញ្ជាក់​ថា ក្នុង​ប្រត្តិបត្តិ​ការ​កម្ចាត់​ក្រុម​ភេរវជន​នេះ ប៉ូលីស​សម្ងាត់​បាន​ចាប់​ខ្លួន​អ្នក​ជំនួយ​ការ​ម្នាក់​របស់​មេអាល់កៃដាដែល​ស្លាប់​នោះ​។ តាមរយៈ​ជំនួយការ​រូបនេះហើយដែល​ធ្វើ​ឱ្យ​គេ​បាន​ដឹង​ថា​ ក្រុម​អាល់ដៃកា មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​ឧទ្ទាម​ តាលីបង់​។​

ដំណឹង​នេះ ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើលខ្លាំង ព្រោះវា​ជួន​ចំពេល​ដែល រដ្ឋាភិបាល​អាហ្វហ្កានីស្តាន​ បាន​និង​កំពុង​ចរចា​សន្តិភាព​ជាមួយពួក​តាលីបង់។ គឺ​ជាការ​ចរចា​​តាម​គម្រោង​គូសវាស​ដោយ​សហរដ្ឋអាមេរិក​។ អាមេរិក​ ដែល​លង់​ផុង​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន តាំងតែ​ពី​ព្រឹត្តិការណ៍​ថ្ងៃទី​១១កញ្ញា​២០០១​មក​។ សហរដ្ឋអាមេរិក  ​ជាច្រើន​ខែមកនេះ​ បាន​ផ្ចុង​ផ្តើម​ឱ្យ​ ពួក​តាលីបង់ ចរចា​សម្រុះសម្រួល​គ្នា​ជាមួយនឹង​​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន រួច​ហើយ​ អាមេរិក ​នឹង​ដកកងទ័ព​ខ្លួន​ជាបន្ត​បន្ទាប់​។

ដូចនេះ ព័ត៌មាន​ដែល​ថា ពួក​អាល់កៃដា ទាក់ទង​នឹង​ពួកតាលីបង់ គឺ​ហាក់​ជាសញ្ញាមិនសូវ​ស្រួល​សោះ​ចំពោះ​កិច្ចការ​ចរចា​សន្តិភាព ​ដែល​ហាក់​កំពុងតែ​ផុយស្រួយ​ស្រាប់ផង​។​ 

អ្វីកាន់តែ​ដុន​ដាបមួយ​ជាន់​​ទៀត គឺដំណាលពេល​ដែល​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ​ប្រកាស​ពីការ​សម្លាប់​បាន​មេដឹកនាំ​អាល់កៃដា គឺ​ពួក​ជីហាត​បានធ្វើ​​ភេរវកម្ម​អត្តឃាត នៅសាលារៀន​មួយ​កន្លែង ដែល​មាន​កូនសិស្ស​​​ប្រមាណ​៨០០នាក់ នៅ​រដ្ឋធានីកាប៊ូល នាថ្ងៃ​សៅរ៍​។ ថ្ងៃអាទិត្យ ទី​២៥តុលា អាជ្ញាធរ​បញ្ជាក់​មនុស្ស​យ៉ាង​២៤នាក់ស្លាប់ ហើយ​របួស​ជា​ច្រើននាក់​​។​ ពួក​ភេរវជននៃ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​​ជីហាត បាន​ប្រកាសថា អំពើ​ភេរវកម្ម​នេះ ជា​ស្នាដៃ​ខ្លួន។

មកទល់​ពេល​នេះ គេ​កំពុងតែ​សង្ស័យ​ថាតើ​ក្រុម​ភេរវជន​និង​ក្រុម​ឧទ្ទាម ​ទាំងបីក្រុម គឺ​តាលីបង់ អាល់កៃដា និង​ពួក​ជីហាត មាន​ទំនាក់​ទំនង​យ៉ាងណាជាមួយគ្នា នៅ​លើដែនដី​អាហ្វាហ្កានីស្ថាន​​?​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ