អានតួអត្ថបទ
ចិន-អាកាសធាតុ

បក្សកុម្មុយនីស្តិចិន​ប្រជុំគូសវាស​ផែនការ​៥ឆ្នាំ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​​បម្រែបម្រួល​អាកាសធាតុ

ថាមពល​ដែលបានមកពីចំហេះធ្យូងថ្ម មានទំហំស្មើ៥៨% នៃថាមពលសរុបនៅចិន។ ចិនគឺជាប្រទេសធំជាងគេ ដែលផលិត និងប្រើប្រាស់ធ្យូងថ្ម ដែលជា​ប្រភព​នៃបញ្ចេញ​ឧស្ម័នកាបូនិក ដ៏ធំមហិមាទៅក្នុងបរិយាកាស។
ថាមពល​ដែលបានមកពីចំហេះធ្យូងថ្ម មានទំហំស្មើ៥៨% នៃថាមពលសរុបនៅចិន។ ចិនគឺជាប្រទេសធំជាងគេ ដែលផលិត និងប្រើប្រាស់ធ្យូងថ្ម ដែលជា​ប្រភព​នៃបញ្ចេញ​ឧស្ម័នកាបូនិក ដ៏ធំមហិមាទៅក្នុងបរិយាកាស។ REUTERS - THOMAS PETER
ដោយ៖ ម៉ម ពិសី
១៦ នាទី

នៅថ្ងៃចន្ទ ទី២៦តុលា គណបក្សកុម្មុយនីស្តចិន បានបើកមហាសន្និបាទ ដើម្បីគូសវាសផែនការ៥ឆ្នាំរបស់ខ្លួន ២០២១ - ២០២៥ ដើម្បីដឹកនាំប្រទេសចិន។​ ជាគោលនយោបាយ​ដឹកនាំប្រទេស​ ដែល​គណបក្សកុម្មុយនីស្តចិន បានផ្តល់អាទិភាពចំបង​ ដល់ការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ ការកើនឡើងនូវកំដៅផែនដី បន្ទាប់ពី​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បាន​ប្រកាសថា ប្រទេស​ចិននឹងសម្រេចឲ្យ​បាន​នូវកម្ម​វត្ថុ « អព្យាក្រិត្យកាបោន » នៅឆ្នាំ២០៦០។

ផ្សាយពាណិជ្ជកម្ម

ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស គឺជា​កម្មវត្ថុចំបង របស់​រដ្ឋាភិបាលចិន បន្ទាប់ពី​លោក ស៊ី ជីនពីង បានប្រកាសកាលពីខែកញ្ញា នៅចំពោះមុខ​អង្គការសហប្រជាជាតិថា ចិន នឹងឈានទៅ​សម្រេច​កម្មវត្ថុ អព្យាក្រិត្យកាបោន នៅឆ្នាំ២០៦០។

គួររំលឹកថា នៅមុនខែកញ្ញា គ្មាននរណានឹកគិតទេ ថាសម្រាប់​ផែនការ៥ឆ្នាំក្រោយ គណបក្សកុម្មុយនីស្តចិន នឹងចង់ផ្តល់អាទិភាព​ដល់​ការប្រយុទ្ធប្រឆាំងនឹងការកើនឡើង នូវកំដៅផែនដី។ បើផ្អែកតាម​ឯកសារផ្លូវការ​ រដ្ឋាភិបាលចិន បានមានបំណង​ផ្តល់អាទិភាពគិតគូរ តែពី​សន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះ។ អ្នកជំនាញខ្លះ ធ្លាប់បាន​បារម្ភទៀតផង ថា​ ចិន​ប្រហែល​ជាអាច​សាសង់ស្ថានីយ៍អគ្គីសនីដើរដោយចំហេះធ្យូងថ្ម ថ្មីបន្ថែមផង។

ក៏ប៉ុន្តែ នៅក្រោយការប្រកាស របស់​លោកស៊ី ជីពីននេះ មន្ត្រីជំនាញទាំងអស់របស់រដ្ឋាភិបាលចិន ត្រូវតែសើររើឡើងវិញ នូវឯកសារ និងវិធានការនានា ដើម្បីឈានទៅសម្រេចកម្មវត្ថុអាកាសធាតុ​ ទៅតាមការចង់បានរបស់លោក ស៊ី ជីនពីង។ លោក Kevin Lo អ្នកជំនាញសិក្សាបរិស្ថាន នៅ​វិទ្យាស្ថាន​ David C. Lam ទីក្រុង​ហុងកុង បាន​បញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងរដ្ឋាភិបាលចិន កំពុងតែ​មមារញឹក ធ្វើការ គូសវាសផែនការ៥ឆ្នាំ លើកទី១៤ របស់បក្សកុម្មុយនីស្តចិន។ អ្នកជំនាញនេះ បន្ថែមថា មន្ត្រីចិនទាំងអស់​បានដឹងថា មិនអាចបង្អង់ទៀតបានឡើយ បើសិនជាចង់សម្រេចឲ្យ​បាន នូវកម្មវត្ថុអព្យាក្រិត្យកាបោន នៅឆ្នាំ២០៦០។

យោងតាមអ្នកជំនាញ ចិន ត្រូវតែកាត់បន្ថយការ ការប្រើប្រាស់ធ្យូងថ្ម អោយធ្លាក់ក្រោម​៥០% នៃចំណែកសរុប​ក្នុង​ប្រភព​ថាមពល នៅរវាង​ឆ្នាំ​២០២៥។ យោងតាមតួលេខ​ឆ្នាំ២០១៩ ចំណែកធ្យូងថ្ម មានស្មើ៥៨% នៃប្រភពថាមពល​សរុប នៅចិន។ លោក Zou Li អគ្គនាយក Energy Foundaton of China បាន​លើកឡើងថា ចិនអាចនឹងចាប់ផ្តើមកំណត់ កម្រិតអតិបរមានៃការបញ្ចេញចោលឧស្ម័នកាបូនិក ជាលើកដំបូងបង្អស់។ ចំណែក លោក Li Tianxiao អ្នកជំនាញ​នៅមជ្ឈមណ្ឌលចិនស្រាវជ្រាវអភិវឌ្ឍន៍ បាន​លើកឡើងថា ចិនត្រូវការ​យ៉ាងហោច បន្ថែមសមត្ថភាព​ផលិត​ថាមពល​ដើរដោយ កង្ហារខ្យល់ និងដើរដោយព្រះអាទិត្យ ឲ្យបានមួយគុណជាពីរ ពីនេះដល់ឆ្នាំ២០២៥។​

ដោយឡែក លោក Prakash Sharma អ្នកជំនាញផ្នែក​អន្តរកម្មថាមពល បានលើកឡើងថា បញ្ហា​វិនិយោគ​ ព្រមទាំងការបន្ថែមសមត្ថភាព​ផលិតថាមពលដែលស្អាតស្អំ វាមិនមែនជាបញ្ហាចោទ​សម្រាប់ចិនឡើយ។ តែអ្វីដែលលំបាក ការធ្វើអន្តរកម្មសង្គម និងផ្នត់គំនិតមនុស្ស ដែលអមជាមួយ​នឹង​ការវិនិយោគថ្មីៗទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ