អានតួអត្ថបទ
ជប៉ុន បរិស្ថាន

បរិស្ថាន៖ជប៉ុនប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យនៅឆ្នាំ ២០៥០

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​ថ្លែង​នៅ​ក្នុង​សភា​នា​ថ្ងៃ​ចន្ទ ទី២៦ តុលា ២០២០​ស្តីពី​នយោបាយ​ទូទៅ។
នាយករដ្ឋមន្រ្តី​ជប៉ុន លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​ថ្លែង​នៅ​ក្នុង​សភា​នា​ថ្ងៃ​ចន្ទ ទី២៦ តុលា ២០២០​ស្តីពី​នយោបាយ​ទូទៅ។ AP - Koji Sasahara
១៦ នាទី

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្រ្តី​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​ថ្លែង​នៅ​ក្នុង​សភា​នា​ថ្ងៃ​ចន្ទ ទី២៦ តុលា​ស្តីពី​នយោបាយ​ទូទៅ។ នៅ​ក្នុង​សុន្ទរកថា លោក​ស៊ូហ្កា​បាន​កំណត់​យក​ឆ្នាំ ២០៥០ ជា​ឆ្នាំ​ដែល​ជប៉ុន​ឈប់​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល។ ការ​ប្រកាស​របស់​លោក​ស៊ូហ្កា​យ៉ាង​ដូច​នេះ​បាន​ទទួល​ការ​សាទរ​ពី​ក្រុម​អ្នក​បរិស្ថាន និង​អ្នក​ជំនាញ​អាកាសធាតុ ពិសេស​ពី​អង្គការ Greenpeace។ សូម​បញ្ជាក់​ថា តាំង​ពី​បាន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​ក្នុង​ខែ​កញ្ញា នេះ​ជា​លើកទី១ ដែល​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​ថ្លែង​សុន្ទរកថា​ស្តីពី​នយោបាយទូទៅ​នៅ​ក្នុង​សភា។

ផ្សាយពាណិជ្ជកម្ម

គោលដៅ​របស់​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា គឺ​ចង់​ឲ្យ​ជប៉ុន​ដែល​ជា​មហាសេដ្ឋកិច្ចទី៣ ក្នុង​លោក​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​ការបោន​ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ តែ​កាលវិភាគ និង​វិធានការ​ជាក់ស្តែង​ដែល​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ​មិន​ត្រូវ​បាន​លោក​ស៊ូហ្កា​លំអិត​ទេ។ លោក​ស៊ូហ្កា​បាន​ត្រឹម​ឲ្យ​សារៈសំខាន់​លើ​បច្ចេកវិទ្យា​ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​កម្មវត្ថុ​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល។ « គន្លឹះ​សំខាន់​គឺ​ការ​ច្នៃប្រឌិត » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស៊ូហ្កា​ដោយ​បាន​លើក​ឡើង​ពី​អាគុយ​ស្រូប​កម្តៅ​ព្រះអាទិត្យ។

បន្ទាប់​មក លោក​ស៊ូហ្កា​ក៏​បាន​លើក​ឡើង​ពី​ការ​បង្កើន​ការ​ប្រើប្រាស់​នូវ​ថាមពល​កកើត​ឡើង​វិញ និង​ថាមពល​នុយក្លេអ៊ែរ​ជំនួស​ឲ្យ​ថាមពល​ដែល​បាន​មក​ពី​ធ្យូងថ្ម។ បើ​យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ជប៉ុន​ជា​ប្រទេស​ស្ថិត​លំដាប់​ទី៦ ដែល​បាន​ចាក់​ចោល​ឧស្ម័នផ្ទះកញ្ចក់​ច្រើន​ជាង​គេ​លើ​​លោក​ក្នុង​ឆ្នាំ ២០១៨។ ថាមពល​អគ្គិសនី​ប្រមាណ ១ភាគ៣ នៅ​ជប៉ុន​បាន​មក​ពី​មជ្ឈមណ្ឌល​ប្រើ​ធ្យូងថ្ម​ទាំង ១៤០មជ្ឈមណ្ឌល ហើយ​ធ្យូងថ្ម​ជា​វត្ថុធាតុដើម​សំខាន់​ទី២ ដែល​ជប៉ុន​ប្រើ​ដើម្បី​ផលិត​ភ្លើងអគ្គិសនី​បន្ទាប់​ពី​ឧស្ម័នធម្មជាតិ។

អ្វី​ជា​ការ​កត់សម្គាល់ កម្មវត្ថុ​របស់​លោក​ស៊ូហ្កា​ដែល​ចង់​ឃើញ​ជប៉ុន​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត​ការបោន​ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០ ក៏​កម្មវត្ថុ​របស់​សហភាពអឺរ៉ុប និង​ប្រទេស​អង់គ្លេស​ដែរ។ ក្រុម​អ្នកបរិស្ថាន និង​អ្នកជំនាញ​អាកាសធាតុ​បាន​សាទរ​ចំពោះ​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន។ « អព្យាក្រឹត្យភាព​កាបោន​លែង​ជា​សុបិន្ត​វែងឆ្ងាយ​ទៀត​ឡើយ តែ​ជា​កិច្ចសន្យា​មួយ​ចាំ​បាច់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ » នេះ​ជា​ការ​ថ្លែង​របស់​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ Greenpeace លោកស្រី Jennifer Morgan។ តែ​លោកស្រី Morgan បាន​បញ្ជាក់​ថា ការ​បន្ថយ​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល​មិនមែន​មាន​ន័យ​បង្កើន​ការ​ផលិត​ថាមពល​ដោយ​ប្រើ​នុយក្លេអ៊ែរ​ទេ។

« ជា​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់ » នេះ​ជា​ចំណាប់អារម្មណ៍​របស់​លោក​ដៃស៊ូកេ តាណាកា អ្នកឯកទេសជប៉ុន​នៃ​វិទ្យស្ថាន​ស្រាវជ្រាវ Daiwa។ លោក​តាណាកា​បាន​បន្ថែម​ថា ចាប់​ពី​ពេល​នេះ​ទៅ ជប៉ុន​ត្រូវ​តែ​គោរព​តាម​ការ​សន្យា​ដោយ​មិន​អាច​គេច​ខ្លួន​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ