អានតួអត្ថបទ
ឥណ្ឌា-សហរដ្ឋ​អាមេរិក

អាមេរិក​ទៅពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ឥណ្ឌា​ដើម្បី​ប្រឆាំង​ចិន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Mike Pompeo នៅ​អាកាសយានដ្ឋាន​ក្រុង​ញូវដេលី​ ថ្ងៃ​ទី ២៦​តុលា​២០២០
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Mike Pompeo នៅ​អាកាសយានដ្ឋាន​ក្រុង​ញូវដេលី​ ថ្ងៃ​ទី ២៦​តុលា​២០២០ POOL/AFP
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

រដ្ឋមន្ត្រី​ការបរទេសរដ្ឋមន្ត្រីលោក​ Mike Pompeo និងលោក​ Mark Esper រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក កំពុង​ផ្តើម រួម​គ្នា​ ​បំពេញ​ទស្សនកិច្ច​ នៅ​ទី​ក្រុង​ញូវដេលី រយៈ​ពេល​ពីរ​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃចន្ទ​ទី ២៦តុលា​ទៅ។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​គឺ​ដើម្បី​ពង្រឹង​ចំណង​សម្ព័ន្ធភាព​អាមេរិក-ឥណ្ឌា ឱ្យ​កាន់​តែ​រឹង​មាំ​ខ្លាំង សម្រាប់​ប្រឈម​ទល់​នឹង​ចិន​​ ដែល​បាន​និ​ងកំពុង​វាត​ឥទ្ធិពល​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​បំពេញ​​ទស្សនកិច្ច​ នៅញូវដេលី អាមេរិក​និង​ឥណ្ឌា ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែកចាយ​​ព័ត៌មាន​សម្ងាត់​ភូមិសាស្ត្រ​អវកាស​ ដែល​ជា​ការ​បើក​ផ្លូវ​ឱ្យ​នាំ​បច្ចេកវិទ្យា​មីស៊ីល​ដ៏​ទំនើប​ទៅ​​ឥណ្ឌា​។ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​នឹង​ជជែក​ជាមួយសមភាគី​ឥណ្ឌាអំពី​ការ​​បង្កើន​​កិច្ចសហប្រតិបត្តិការ​យោធា​ ដែល​អាច​ជា​ការ​ចែក​រំលែក​ចារកិច្ច ជា​ការ​បង្កើន​សមយុទ្ធ​រួម និង​អំពី​ការ​លក់​អាវុធ​យុទ្ធភ័ណ្ឌ​ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​អាមេរិក​F-១៨ផង។

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុនលោក​ប៉ុមប៉េអូ បាន​គូស​បញ្ជាក់​ថា ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​ រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិ​​ឥណ្ឌា និង​សមភាគី​អាមេរិក​ ត្រូវ​ជជែករក​មធ្យោបាយ​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ណា​ដើម្បី​​ប្រឈមទប់ទល់​​នឹង​ការ​គំរាម​កំហែង​របស់​បក្ស​កុម្មុយនិស្ត​ចិន។ ឥណ្ឌា​ដែល​ត្រូវ​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចាប់​ពី​ខែ​មករា ២០២១​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ នឹង​ក្លាយ​ជា​ដៃ​គូ​គន្លឹះ​​បំផុត​​របស់​សហរដ្ឋ​អាមេរិក​ ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុង​សតវត្សរ៍​នេះ​។ នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ កាលពី​សប្តាហ៍​មុន​ដែរ។

ប្រមុខ​ដឹកនាំ​អាមេរិក ​បាន​លើក​សរសើរ​ឥណ្ឌា ថា​ប្រទេស​​ប្រជាធិបតេយ្យ​​ដ៏​ធំ​ជាង​គេ​បង្អស់​ នៅ​លើពិភលោក​ និង​មាន​សមត្ថភាព​ ព្រមទាំង​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​ទប់​ទល់​នឹង​សកម្មភាព​ឈ្លាន​ពានចិន​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ព្រំដែន​ត្រង់​តំបន់​ភ្នំ​ហេមពាន្ត។ មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា​​តាំង​ពី​ឆ្នាំ​១៩៦២​មក​ ឥណ្ឌា​និង​ចិន​បាន​ប៉ះទង្គិច​​គ្នា​ដល់​ស្លាប់​ជា​លើក​ទី​មួយ ​កាលពី​ខែ​មិថុនា​ និងនៅ​​ដើម​ខែកញ្ញា ប្រទេស​ទាំង​ពីរ​បាន​​​ចោទ​ប្រកាន់​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​គ្នា​ទៅ​វិញទៅ​មក​ ចំពោះ​កា​រផ្ទុះ​អាវុធតាម​ព្រំដែន​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​មក​​។

ក្នុង​ជំនួបទ្វេ​ភាគី២បូកពីរ​​នេះ ឥណ្ឌា​នឹង​ស្នើ​សុំ​​ពី​អាមេរិក​នូវ​សម្ភារៈ​​បរិក្ខា​សម្រាប់​ទប់​ទល់​នឹង​ភាព​ត្រជាក់​ ​។

បើ​តាម​ញូវដេលី​ លោក ប៉ុមប៉េអូ នឹង​បន្ត​ទស្សនកិច្ច​មួយ​ជុំ​ក្នុង​តំបន់ ដែល​អាមេរិក​ប្រសិទ្ធនាមយុទ្ធសាស្ត្រ​​ថាជា​ តំបន់​​ឥណ្ឌូ-ប៉ាស៊ីហ្វិក​​សេរីនិង​បើក​ចំហ ដើម្បីទប់​នយោបាយ​វាតទី​និយម​របស់​ចិន ៖ ពោល​គឺលោក​ប៉ុមបេអូ​នឹង​បន្ត​ដំណើរ​ទៅ​​ប្រទេស​ស្រីលង្កា ដែល​ស្និទ្ធ​នឹង​ចិន តែ​ត្រូវ​ប្រឹង​គួរសមទទួល​មហាអំណាច​អាមេរិក បន្ទាប់​មក​ទៅ​ម៉ាល់ឌីវ និង​ឥណ្ឌូណេស៊ី​ ដែល​វ៉ាស៊ីនតោន​ទើប​បាន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្ទ​ទៅ​ជួយ​ការពារ​តំបន់​ប៉ាស៊ីហ្វិក​ពី​សកម្មភាព​លុកលុយ​របស់​ក្រុម​ទូកនេសាទ​ចិន។ លោក ប៉ុមប៉េអូ ត្រលប់​ចូល​សហរដ្ឋ​អាមេរិក​វិញ​នៅ​ថ្ងៃ​ទី ៣០​ តុលា​ បី​ថ្ងៃ​មុន​ការ​បោះឆ្នោតប្រធានាធិបតី​​អាមេរិក។

ចិន​ដែល​ទើប​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី ២៦​តុលា​នេះ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុននិង​ឥស្សរជន​អាមេរិក​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​លក់​អាវុធ​អាមេរិក​ទៅ​ឱ្យ​តៃវ៉ាន់ បាន​ព្រមាន​ថា​ ចាត់​ទុក​ចិន​ជា​គូប្រឈម​ ជា​កំហុស​យុទ្ធសាស្ត្រ​ដ៏​ធ្ងន់ធ្ងរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ