អានតួអត្ថបទ
បារាំង-បង់ក្លាដែស

រូបត្លុកមហាម៉េដ ៖ បាតុកម្ម​ប្រឆាំង​នឹង​បារាំងរាលដាល​ដល់បង់ក្លាដែស​

ពលរដ្ឋ​បង់ក្លាដែសជាង​បួនម៉ឺន​នាក់ ធ្វើ​បាតុកម្មប្រឆាំង​នឹង​បារាំង​
ពលរដ្ឋ​បង់ក្លាដែសជាង​បួនម៉ឺន​នាក់ ធ្វើ​បាតុកម្មប្រឆាំង​នឹង​បារាំង​ AP Photo/Mahmud Hossain Opu
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

សម្រែករិះគន់ ការ​​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ទិញ​ទំនិញ​បារាំង បាតុកម្ម​ប្រឆាំង​នឹង​បារាំង​ បាន​រីក​រាលដាល​កាន់​ខ្លាំង​ឡើង​​ក្នុងបណ្តាប្រទេស​កាន់​សាសនាអ៊ីស្លាម។ ពលរដ្ឋ​បង់ក្លាដែស​រាប់​ពាន់​នាក់​ បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើបាតុកម្ម​ នៅ​ថ្ងៃ​អង្គារ​ទី ២៧​តុលា​ ដើម្បីបញ្ចេញ​កំហឹង​​ប្រឆាំង​នឹង​ជំហរ​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ថ្លែង កាលពី​ថ្ងៃ​សៅរ៍​ទី ២៤​តុលា ការពារ​​សេរីភាព​នៃបញ្ចេញ​មតិ -នៃ​​ការ​រូបត្លុក ក្នុងឱកាស​គោរពវិញ្ញាណក្ខន្ធ​គ្រូបង្រៀន​ម្នាក់​ ស្លាប់​ព្រោះ​បាន​បង្ហាញ​រូប​ថ្លុក​មហាម៉េដ នៅ​ក្នុង​ថ្នាក់។

ផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​អំពាវនាវរបស់​គណបក្ស​អ៊ីស្លាម​បង់ក្លាដែស បាតុករ​ជាង​បួន​ម៉ឺននាក់​ (បើតាមប៉ូលិស) បាននាំ​គ្នា​ដើរ​ក្បួន​សំដៅ​ទៅ​​ប្រមូល​ផ្តុំនៅ​មុខ​ស្ថានទូត​បារាំង ប្រចាំ​ទីក្រុង​ដាកា ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ឃាត់​និង​បំបែក ដោយ​សន្តិវិធី​ នៅ​៥​គីឡូម៉ែត្រ​មុន។ បាតុករ​​ជា​ក្រុម​តូចៗ បានបញ្ចេញ​កំហឹង​ដោយ​​ដុតរូប​​ថត​លោក​ម៉ាក្រុង​ និង​ស្រែក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បណ្តេញ​តំណាង​ទូត​បារាំង​ចេញ​ពី​ប្រទេស ធ្វើ​ពហិការ​មិន​​ទិញ​ទំនិញ​បារាំង ...

បាតុកម្ម​ត្រូវ​បាន​បំបែក​ដោយ​អ​ហិង្សា​មែន តែ​មេដឹកនាំបក្ស​អ៊ីស្លាម​សន្យា​ប្រមូលផ្តុំធ្វើ​បាតុកម្ម​ជា​ថ្មី ទូទាំង​ប្រទេស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​ទៀត។ មេដឹកនាំ​អ៊ីស្លាមជុលនិយមម្នាក់ទៀត​ បាន​ថែម​ទាំង​ប្រកាស​ចាត់​ទុក​បារាំង​ជា​សត្រូវ​ផង។ បង់ក្លាដែស​ ជា​ដៃគូ​ពាណិជ្ជកម្ម​​ដ៏​សំខាន់មួយ​របស់​បារាំង ជាពិសេស​ក្នុង​វិស័យ​វាយណភ័ណ្ឌ​ និង​ស៊ីម៉ង់។ ប្រទេស​នេះ​ធ្លាប់​រង​ការ​វាយប្រហារ​អ៊ីស្លាម​ជ្រុល​និយម​ញឹក​ញយ​ណាស់ កាលពី​ឆ្នាំ​២០១៦​ជន​បរទេស​១៧​នាក់​បានស្លាប់​ក្នុងភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​​នៅកណ្តាលក្រុង​ដាកា។

ក្រៅ​ពី​បង់ក្លាដែស គេ​ឃើញ​មាន​បាតុកម្ម​ប្រឆាំង​បារាំងដែរ​នៅ​ថ្ងៃអង្គារ​ទី ២៧​នេះ នៅតំបន់​ហ្កាហ្សា នៅស៊ីហ្សកដានី នៅយេម៉ែន ... កាលពី​ថ្ងៃចន្ទ​ទី ២៦​តុលា ក្រសួងការបរទេសអ៊ីរ៉ង់​បានកោះ​ហៅ​តំណាង​ការទូត​បារាំង​ទៅ​ប្រាប់​ថាតេអេរ៉ង់​មិនពេញ​ចិត្ត​នឹង​ជំហរ​របស់រដ្ឋាភិបាល​បារាំង។ ប៉ាគីស្ថានក៏​បានកោះ​ហៅ​ឯកអគ្គរដ្ឋទូតបារាំង​ចូល​ជួប​ដែរ។

នៅ​ម៉ាឡេស៊ី​ ដែល​ជា​ប្រទេស​អ៊ីស្លាម​ដ៏​ធំ​មួយ​​ដែរ គណបក្ស​អ៊ីស្លាម​ដែល​ជា​កម្លាំង​នយោបាយ​​ទី​បី​របស់​ប្រទេស បានអំពាវនាវឱ្យ​ម៉ាឡេស៊ី​ធ្វើ​ពហិការ​មិន​ទិញ​ទំនិញ​បារាំង​។ ឯ​រដ្ឋមន្ត្រី​ក្រសួង​សាសនាបាន​បង្ហោះ​សារ​​សន្តិភាព​ដែល​ផ្សព្វផ្សាយ​ដោយ​ព្យាការី​មហាម៉េដ។ ប៉ុន្តែ​គ្មាន​ពាក្យ​អំពាវនាវ​ធ្វើ​ពហិការ​ប្រឆាំង​បារាំង​ចេញ​ពី​មាត់​រដ្ឋមន្ត្រីឬ​ប្រមុខ​បក្ស​ប្រឆាំង​ម៉ាឡេស៊ីទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ