អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់-ចិន

អាមេរិក​ប្រកាស​លក់​អាវុធ​ក្នុង​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​តៃវ៉ាន់

អាមេរិកប្រកាសលក់អាវុធឲ្យទៅកោះតៃវ៉ាន់ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។
អាមេរិកប្រកាសលក់អាវុធឲ្យទៅកោះតៃវ៉ាន់ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។ AP - Wally Santana
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

សហរដ្ឋ​អាមេរិក​កាលពីថ្ងៃ​ចន្ទ​ ទី ២៦​ តុលា​ម្សិលមិញ​ បាន​សម្រេច​លក់​ប្រព័ន្ធ​មីស៊ីល​ការពារឆ្នេរ​សមុទ្រ​ហាភូន (The Harpoon) ចំនួន​ ១០០ គ្រឿង​ក្នុង​តម្លៃ​ ២ ៤០០ លាន​ដុល្លារ​ឲ្យទៅ​តៃវ៉ាន់​។ ការ​ប្រកាសនេះ​ ហាក់ផ្គើន​ទៅនឹង​ប្រតិកម្ម​ប្រឆាំង​របស់ចិន។ ចិន​ដែលពី​ពេលថ្មីៗ​នេះទើបតែបាន​ចេញមុខ​ប្រាប់​អាមេរិក​ឲ្យ​លុបចោល​ជា​បន្ទាន់​នូវ​ផែនការ​លក់​អាវុធ​ទៅឲ្យ​កោះតៃវ៉ាន់​។

ផ្សាយពាណិជ្ជកម្ម

អាមេរិក​បាន​ប្រកាស​លក់អាវុធ​ទៅឲ្យតៃវ៉ាន់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់ពីទីក្រុងប៉េកាំង ​និយាយ​ថា​ខ្លួននឹង​ដាក់​ទណ្ឌកម្មលើ​ក្រុមហ៊ុន​អាមេរិកណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​លក់​អាវុធទៅឲ្យតៃវ៉ាន់​។ តៃវ៉ាន់​ដែល​ចិន​តែងតែ​បាន​អះអាង​ក្តែងៗ​ថាគឺ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដីរបស់ខ្លួន​។

ក្រសួងការបរទេសអាមេរិក​តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា​ការ​លក់​ប្រព័ន្ធ​មីស៊ីល​ការពារ​ឆ្នេរសមុទ្រ​ហាភូន​ នឹង​ជួយឲ្យ​សន្តិសុខ​នៅតៃវ៉ាន់​មានភាព​ល្អប្រសើរ​ជាងមុន​ ជួយ​ថែរក្សា​ស្ថិរភាព​នយោបាយ​ តុល្យភាព​យោធា​ ... និង​វឌ្ឍនភាព​នៅក្នុង​តំបន់​។

កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធមីស៊ីល​ការពារ​ឆ្នេរសមុទ្រ​ហាភូន​ចំនួន​ ១០០ គ្រឿង​ (HCDS) រួមមាន​មីស៊ីល​បាញ់ពីលើដី​ចំនួន​ ៤០០ គ្រាប់​ (RGM-84L-4) ។ មីស៊ីល​ប្រភេទនេះ​ អាចបាញ់​បាន​ចម្ងាយ​រហូតដល់​ប្រមាណ​ ១២៥ គីឡូម៉ែត​ និង​ត្រូវបានផលិតឡើង​ដោយ​ក្រុមហ៊ុន​ប៊ូអ៊ីងរបស់អាមេរិក​។

ភ្លាមៗ​ក្រោយការប្រកាសយល់​ព្រម​លក់​សព្វាវុធ​របស់​សហរដ្ឋអាមេរិក​ ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោកស្រី​ឆៃ អ៊ីងវេន បាន​ចេញ​សេក្តីថ្លែង​អំណរគុណ​ដល់​អាមេរិក​ ដោយនិយាយថា​ខ្លួននឹង​បង្កើន​សមត្ថភាពយោធា​ឲ្យបានខ្លាំង​ជាងមុន​។

គួររំឭកជូនថា​ ក្នុង​រយៈពេលពីរ​សប្តាហ៍ជាប់ៗ​គ្នា​ហើយ​ដែល​អាមេរិក​ប្រកាស​លក់​អាវុធក្នុង​តម្លៃទឹកប្រាក់​ដ៏ច្រើន​ឲ្យទៅ​កោះតៃវ៉ាន់​។ កាលពី​សប្តាហ៍មុន​ នៅថ្ងៃពុធ​ ទី ២១​ តុលា​ អាមេរិក​បានយល់ព្រម​លក់អាវុធ​ ក្នុង​តម្លៃ​ប្រមាណ​ ១ ៨០០ លាន​ដុល្លារ​ ឲ្យទៅតៃវ៉ាន់​។ គ្រឿង​សញ្វាវុធ​កាលណោះ​រួមជាអាទិ៍​មាន​មីស៊ីល​ចម្ងាយមធ្យម​ និង​កាណុងបាញ់​រ៉ុកែត​ដែល​អាច​ហោះទៅដល់​ទឹកដីចិន​បាន​។

ភ្លាមៗ​នោះ​ ចិន​បាន​ខឹងសម្បា​ជាខ្លាំង​ ហើយបាន​ចេញមុខ​ប្រាប់ឲ្យ​អាមេរិក​លុប​ចោល​ជា​បន្ទាន់​នូវ​គម្រោង​លក់អាវុធទៅឲ្យតៃវ៉ាន់​ និងថែមទាំងបាន​គំរាម​ដាក់​ទណ្ឌកម្មលើ​ក្រុមហ៊ុន​អាមេរិក​ណា​ ដែល​មានជាប់ពាក់ព័ន្ធនឹង​ការលក់អាវុធ​ទៅឲ្យតៃវ៉ាន់​ផងដែរ​។

តែទោះជាបែបនេះក្តី​ អាមេរិក​ហាក់មិន​អើពើនឹង​សម្តី​របស់ចិនឡើយ​។​ បន្ថែមលើនេះ កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ អាមេរិក​បែរទាំង​បាន​ប្រកាស​បន្ត​លក់​អាវុធ​បន្ថែមទៅឲ្យ​កោះតៃវ៉ាន់​ និងថា​វា​ឆ្លើយតប​ទៅ​នឹង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ហើយនិង​សន្តិសុខជាតិ​របស់​អាមរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ