អានតួអត្ថបទ
អូស្រ្តាលី-កូវីដ១៩

អូស្រ្តាលី-កូវីដ១៩៖ទីក្រុងមែលបួនលើកការបិទខ្ទប់ ក្រោយពីត្រូវបានបិទអស់រយៈពេល ៣ខែ

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ទីក្រុង​មែលបួន​នៃ​រដ្ឋ​វ៉ិចតូរីយ៉ា​បាន​លើក​ការ​បិទខ្ទប់​នា​ថ្ងៃ​ពុធ ទី២៨ តុលា ២០២០ ក្រោយ​ពី​បាន​បិទ​អស់​រយៈពេល ៣ខែ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩។
នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ទីក្រុង​មែលបួន​នៃ​រដ្ឋ​វ៉ិចតូរីយ៉ា​បាន​លើក​ការ​បិទខ្ទប់​នា​ថ្ងៃ​ពុធ ទី២៨ តុលា ២០២០ ក្រោយ​ពី​បាន​បិទ​អស់​រយៈពេល ៣ខែ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩។ AFP - WILLIAM WEST
១៥ នាទី

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ទីក្រុង​មែលបួន​នៃ​រដ្ឋ​វ៉ិចតូរីយ៉ា​បាន​លើក​ការ​បិទខ្ទប់​នា​ថ្ងៃ​ពុធ ទី២៨ តុលា ក្រោយ​ពី​បាន​បិទ​អស់​រយៈពេល ៣ខែ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩។ ប្រជាជន​ទាំង ៥លាននាក់​រស់ក្នុង​ទីក្រុង​មែលបួន​ដែល​ជា​ទីក្រុង​ធំទី២ របស់​អូស្រា្តលី​ផ្តើម​មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រំដែន​ខាង​ក្រៅ​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​បាន​បិទ​តាំង​ពី​ខែ​មីនា​នឹង​ត្រូវ​បន្ត​បិទ​រហូត​ដល់​មាន​ការ​សម្រេចចិត្ត​ថ្មី។ ដោយឡែក​នៅ​អឺរ៉ុប មាន​ប្រទេស​ខ្លះ ពិសេស​បារាំង និង​អាល្លឺម៉ង់​កំពុង​ស្គាល់​កំណើន​ករណី​ឆ្លង ហើយ​កំពុង​ត្រៀម​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​ទី២។

ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ប្រជាជន​ដែល​ទទួល​បាន​សេរីភាព​ដើរហើរ​ជា​ថ្មី ភោជនីយដ្ឋាន និង​ហាងលក់ទំនិញ​ក៏​បាន​ផ្តើម​បើក​ទ្វារ​ឡើង​វិញ​ចាប់​ពី​អធ្រាត្រ​យប់​ថ្ងៃ​អង្គារ ទី២៧​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី២៨ តុលា។ ដើម្បី​ភ្លក់រសជាតិ​សេរីភាព​ឡើង​វិញ​នេះ​ឲ្យ​បាន​មុន​គេ មាន​អ្នក​ខ្លះ​បាន​ក្រោក​តាំង​ពី​ព្រលឹមអុល​ទៅ​រក​កាហ្វេ ឬ​ទៅ​ស្រស់ស្រូប​អាហារ​ពេក​ព្រឹក​នៅ​តាម​ហាង។« អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​យើង​បាន​រងចាំ​ថ្ងៃ​នេះ » នេះ​ជា​សម្តី​របស់​អ្នក​ទទួល​ខុសត្រូវ​ហាង​ទំនិញ​ម្នាក់​ប្រាប់ AFP។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​វិល​ត្រឡប់​រក​ភាព​ធម្មតា​ទាំង​ស្រុង​ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។ ស្រ្តី​អ្នករកស៊ី​អាយុ ៧១ឆ្នាំ​ម្នាក់​បាន​សង្កេត​ឃើញ​ថា នៅ​មាន​ហាងលក់ទំនិញ​ជា​ច្រើន​បន្ត​បិទទ្វារ និង​មាន​មួយ​ចំនួន​ហាក់​បាន​បិទទ្វារ​ជា​ស្ថាពរ។

« ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បាន​មក​កាន់​ទីក្រុង​ជា​ថ្មី តែ​ជា​ទីក្រុង​មួយ​ខុស​ពី​មុន​ឆ្ងាយ​ណាស់ ព្រោះ​ដូច​ជា​ស្ងាត់​ជ្រងំ » នេះ​ជា​ការ​បន្ថែម​របស់​រូបស្រ្តី​អ្នករកស៊ី​ដដែល។ គួរ​រម្លឹក​ថា​ក្នុង​ខែ​សីហា ទីក្រុង​មែលបួន​បាន​ស្គាល់​រលកឆ្លង​កូវីដ១៩ លើក​ទី២ ដោយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៧០០ករណី​ក្នុង​មួយ​ថ្ងៃ។ កាល​ណោះ រដ្ឋអំណាច​បាន​ប្រើ​វិធានការ​ដាក់បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​រហូត​ដល់​ដំណាច់​ខែ​កញ្ញា រួច​បន្ថែម​វិធានការ​បិទខ្ទប់​ពេញ​មួយ​ខែ​តុលា។ ជាមួយ​នឹង​វិធានការ​បិទខ្ទប់​នេះ ប្រជាជន​ត្រូវ​នៅ​ផ្ទះ និង​អាច​ធ្វើ​ដំណើរ​តែ​ក្នុង​រង្វង់ ៥គីឡូម៉ែត្រ​ពី​លំនៅដ្ឋាន​សម្រាប់​តែ​ការងារ​មួយ​ចំនួន​ដែល​បាន​អនុញ្ញាត។

ការ​សម្រេច​លើក​ការ​បិទខ្ទប់​ពេល​នេះ​ដោយ​រដ្ឋាភិបាល​បាន​សម្គាល់​ឃើញ​ថា ករណី​ឆ្លង​ថ្មី​មាន​តែ ៣ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ។ ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​វិញ​នូវ​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​មែលបួន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​មិន​ធ្វេសប្រហែស និង​រក្សា​ភាព​ប្រយ័ត្នប្រយែង។ ព្រំដែនខាង​ក្រៅ​ដែល​បាន​បិទ​តាំង​ពី​ខែ​មីនា​អាច​នឹង​បន្ត​បិទ​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ