អានតួអត្ថបទ
ចិន សេដ្ឋកិច្ច

គណបក្ស​​កុម្មុយនីស្តចិន បង្ហាញ​ផែនការ​៥ឆ្នាំ ដោយ​​គ្មាន​កំណត់​កម្មវត្ថុ​​កំណើន​សេដ្ឋកិច្ច​

លោកស៊ី ជីនពីង ប្រធានាធិបតី និងលោក​ លី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃប្រារព្ធខួប៧០ឆ្នាំ នៃការចូលរួមធ្វើសង្រ្គាមនៅកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។ ប៉េកាំង ថ្ងៃទី​២៣ តុលា ២០២០
លោកស៊ី ជីនពីង ប្រធានាធិបតី និងលោក​ លី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃប្រារព្ធខួប៧០ឆ្នាំ នៃការចូលរួមធ្វើសង្រ្គាមនៅកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។ ប៉េកាំង ថ្ងៃទី​២៣ តុលា ២០២០ REUTERS - CARLOS GARCIA RAWLINS
ដោយ៖ ម៉ម ពិសី
១៧ នាទី

គណបក្សកុម្មុយនីស្តចិនប៉េកាំង​ ទើបតែបានបិទបញ្ចប់ការប្រជុំសន្និបាទ ដើម្បីគូសវាសផែនការអភិវឌ្ឍន៍៥ឆ្នាំ ២០២១-២០២៥។ បើផ្អែកតាមឯកសារផ្លូវការ ចេញក្រោយការបិទបញ្ចប់មហាសន្និបាទនេះ គឺបក្សកុម្មុយនីស្តចិន មិនបានកំណត់ នូវទិសដៅតួលេខកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ បក្សកុម្មុយនីស្តចិន បានផ្លាស់ប្តូរ គោលនយោបាយ​ ទិសដៅអភិវឌ្ឍន៍​ប្រទេស ដោយផ្តល់អាទិភាព ដល់​ការ​ប្រើប្រាស់ក្នុងស្រុក ជាជាងការ​ផលិត​នាំចេញ។

ផ្សាយពាណិជ្ជកម្ម

ជាប្រពៃណីនៃរបបនយោបាយ​កុម្មុយនីស្ត គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានបើកសន្និបាទ នៅថ្ងៃចន្ទ ទី ២៦តុលា ក្រោមអធិបតីលោកស៊ី ជីនពីង ដើម្បីគូសវាសផែនការប្រាំឆ្នាំ លើកទី១៤។ បន្ទាប់មកទៀត ផែនការនេះ នឹងបញ្ជូនទៅកាន់សភាប្រជាមានិតចិន ប្រជុំអនុម័ត នៅរវាងខែ​មីនា។ យោងតាមលិខិតប្រកាស ក្រោយចប់សន្និបាទ ផ្សាយ​ដោយ​បណ្តាញព័ត៌មានផ្លូវការចិន គឺគណបក្សកុម្មុយនីស្តចិន បានសម្រេចគូសវាស គោលនយោបាយ​សេដ្ឋកិច្ចបែបថ្មី ដែលសំដៅផ្តល់អាទិភាព ដល់ការប្រើប្រាស់ក្នុងស្រុក។

បរិបទអន្តរជាតិ កាន់តែ​មាន​ភាព​ស្មុគស្មាញ​ អមដោយ​អស្ថិរភាព អសន្តិសុខ ដែលធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច មានភាព​​មិនច្បាស់ប្រាកដ។ នេះគឺជាអ្វីដែល​មានសរសេរ ក្នុង​លិខិតប្រកាសរបស់​បក្សកុម្មុយនីស្តចិន ក្រោយ​ការបិទបញ្ចប់​សន្និបាទ នៅថ្ងៃទី​២៩តុលា។ ឯកសារនេះ បញ្ជាក់ទៀតថា ក្នុងរវាង៥ឆ្នាំខាងមុខ ចិនត្រូវតែ​កសាងអធីបតេយ្យភាព​ផ្នែកបច្ចេកវិទ្យាទំនើប។  បន្ថែមពីនេះ ចិននឹង​សម្រេចឲ្យ​បាននូវកម្មវត្ថុ​ អព្យាក្រិត្យកាបោន នៅរវាង​ឆ្នាំ​២០៦០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។

គួររំលឹកថា ជាច្រើនទសវត្សមកហើយ ដែលចិន បានកសាងសេដ្ឋកិច្ចខ្លួន ដោយផ្អែកលើ​ កំណើនសេដ្ឋកិច្ច បានមកពីការវិនិយោគទ្រង់ទ្រាយធំ លើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផលិត​នាំចេញ​ទំនិញថោកៗ។ គំរូសេដ្ឋកិច្ចនេះ បាននាំប្រទេសចិន ឲ្យ​ប្រែក្លាយ​ខ្លួន​ពីប្រទេសក្រីក្រ មកជាមហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី​២។ ក៏ប៉ុន្តែ​ អ្នកវិភាគខ្លះ បានលើកឡើងថា គំរូសេដ្ឋកិច្ចរបៀបនេះ បានដើរចំណុចទ័លច្រកហើយ នាពេលបច្ចុប្បន្ន។ លោក Stephen Innes អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគ AxiCorpo បានលើកឡើងថា ការគំរាមកំហែងជាប្រចាំមកលើេសេដ្ឋកិច្ច​ចិន បានជំរុញឲ្យ​ចិន ផ្លាស់ប្តូរទិសដៅ ទៅផ្តោការយកចិត្តទុកដាក់ លើទីផ្សារក្នុងស្រុកវិញ។

គួរកត់សំគាល់ថា កាលពីផែនការ៥ឆ្នាំលើកទី​១៣ ២០១៦-២០២០ បក្សកុម្មុយនីស្តចិន បានកំណត់​កម្ម​វត្ថុ បង្កើនចំណូល​​ដុលក្នុងស្រុក ចំនួន​យ៉ាងហោច ៦,៥% ជាមធ្យម។ ប៉ុន្តែសម្រាប់ផែនការលើកនេះ បក្សកុម្មុយនីស្តចិន មិនបានកំណត់ទិសដៅនេះទេ។ ការកាច់ចង្កូងប្តូរទិសដៅនេះ អាចមកពី បក្សកុម្មុយនីស្តចិន សម្លឹងឃើញ ពីភាព​មិនច្បាស់ប្រាកដ នៃទីផ្សារអន្តរជាតិ ដែលជាឧបសគ្គដល់ការនាំចេញរបស់ចិន។ ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយ​​កូវីដ​១៩ ចិនធ្លាប់បានប្រកាសកាលពី​ដើមឆ្នាំន​េះ ថាខ្លួននឹង​មិនកំណត់កម្មវត្ថុ​កំណើនសេដ្ឋកិច្ចទេ។ យោងតាម អ្នកជំនាញរបស់​ Capital Economics នៅរវាងឆ្នាំ២០៣០ ចំណូលដុលក្នុងស្រុករបស់ចិន អាចនឹងចុះថយដល់ទៅ២% បើសិនជាចិន​មិនគិតគូរ រកប្រភពចំណូលពីទីផ្សារក្នុងស្រុកទេនោះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ