ភូមា

ភូមា៖ សង្ឃ​ជ្រុលនិយម​ ឈ្មោះវីរ៉ាធុ បានចូលខ្លួន​ឲ្យ​​នគរបាល​​ចាប់ ក្រោយ​រត់គេច​អស់​១៨ខែ

សង្ឃ Ashine Wirathu (កណ្តាល) ស្រែកទៅកាន់អ្នកគាំទ្រ នៅខាងមុខ​ស្នងការនគរបាល​ក្រុងរុងហ្គូន ថ្ងៃទី​២វិច្ឆិកា ២០២០
សង្ឃ Ashine Wirathu (កណ្តាល) ស្រែកទៅកាន់អ្នកគាំទ្រ នៅខាងមុខ​ស្នងការនគរបាល​ក្រុងរុងហ្គូន ថ្ងៃទី​២វិច្ឆិកា ២០២០ AFP - YE AUNG THU

សង្ឃជ្រុលនិយមភូមា ឈ្មោះ អាហ្ស៊ីន វីរ៉ាធុ បានចូលទៅប្រគល់ខ្លួន ឲ្យ​នគរបាលក្រុងរ៉ង់ហ្គូនចាប់ខ្លួន នៅថ្ងៃចន្ទទី​២វិច្ឆិកា បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេល​ប្រមាណ​១៨ខែ។ សូម​រំលឹកថា សង្ឃពុទ្ធសាសនាអង្គនេះ ត្រូវបាន​គេស្គាល់ថា គឺជាសង្ឃជ្រុលនិយម បានឃោសនាជេរប្រមាថ​ប្រជាជនរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាអ៊ីស្លាម។ តុលាការភូមា បានចេញដីកាតាមខ្លួន សង្ឃអង្គនេះ កាលពីខែឧសភាឆ្នាំ២០១៩។

ផ្សាយពាណិជ្ជកម្ម

ក្រោយរត់គេចខ្លួនអស់ប្រមាណ​១ឆ្នាំកន្លះ ទីបំផុត សង្ឃជ្រុលនិយម អាហ្ស៊ីន វីរ៉ាធុ បានបង្ហាញខ្លួន​នៅក្នុង​វីដេអូមួយ ដោយបាននិយាយថា ខ្លួននឹងធ្វើដំណើរទៅកាន់ស្នងការនគរបាល ដើម្បីប្រគល់ខ្លួនឲ្យគេចាប់​។ មន្ត្រី​ម្នាក់នៃក្រសួងធម្មការនិងសាសនាភូមា បានបញ្ជាក់ថា សង្ឃឈ្មោះ អាហ្ស៊ីន​ ​វីរ៉ាធុ ពិតជាត្រូវបាននគរបាលក្រុងរ៉ង់ហ្គូន ឃាត់ខ្លួនមែន នៅថ្ងៃទី​២វិច្ឆិកា។

សូមបញ្ជាក់ថា សង្ឃវីរ៉ាធុ ដែលបច្ចុប្បន្នមានអាយុ៥២ឆ្នាំ ត្រូវបានគេស្គាល់ស្ទើពេញមួយពិភពលោក ព្រោះជាសង្ឃពុទ្ធសាសនាជ្រុលនិយម ប្រើពាក្យ​សម្តី​បែបហិង្សា ជេរប្រមាថមើលងាយ​ទៅលើអ្នកកាន់សាសនាអ៊ីស្លាម ជាពិសេសគឺទៅលើ​ប្រជាជនរ៉ូហ៊ីងយ៉ា​ ដែលរស់នៅភាគខាងលិចភូមា។ ទស្សនាវត្តី Time ធ្លាប់បានចុះក្រមមុខ ចាត់ទុកសង្ឃអង្គនេះ ថាជា​ ប៊ីនឡាដិន​​នៅភូមា។

ពាក្យទេសនាញុះញង់ ឲ្យ​ស្អប់អ្នកកាន់សាសនាអ៊ីស្លាម របស់សង្ឃអង្គនេះ បានចូលរួមជំរុញឲ្យ​មានសកម្មភាព​កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាឃីន ក្នុងអំឡុង ឆ្នាំ​២០១៧-២០១៨​។​ នៅឆ្នាំ២០១៧ គណៈសង្ឃជាន់ខ្ពស់ភូមា បានហាមឃាត់សង្ឃជ្រុលនិយម​នេះ មិនឲ្យ​ធ្វើសកម្មភាពទេសនាជាសាធារណៈរយៈពេល​១ឆ្នាំ។ ក្រោយមកសង្ឃអង្គនេះ បាន​និយាយរិះគន់ធ្ងន់ៗ ទៅលើ រដ្ឋាភិបាល​ភូមា និងលោកស្រីអ៊ុងសាន ស៊ូជី។ នៅ​ខែឧសភា ឆ្នាំ​២០១៩​ តុលាការភូមា បានចេញដីកាតាមចាប់​សង្ឃអង្គនេះ ដោយចោទពីបទ ប្រើពាក្យសំដីញុះញង់អំពើហិង្សា និងការស្អប់ខ្ពើមគ្នា និង​ញុះញង់ឲ្យ​មាន​ការប្រឆាំងនឹងរដ្ឋាភិបាល។ សង្ឃវីរ៉ាធុ អាចប្រឈម​នឹងទោសជាប់ពន្ធនាគាររយៈពេល​៣ឆ្នាំ។

ក្របមុខទស្សនាវត្តី Time ខែកក្កដា ២០១៣
ក្របមុខទស្សនាវត្តី Time ខែកក្កដា ២០១៣ © AFP

លោក David Mathieson អ្នកវិភាគឯករាជ្យម្នាក់ប្រចាំនៅភូមា បានលើកឡើងថា ការពិត វាគ្មានអ្វីលំបាកទេ បើសិនជា​អាជ្ញាធរភូមា ចង់ចាប់ខ្លួន​សង្ឃអង្គនេះ។ ក៏ប៉ុន្តែអាជ្ញាធរក៏ដូចជារដ្ឋាភិបាលភូមាមិនធ្វើ ព្រោះមិនចង់ឲ្យ​សង្ឃអង្គនេះ កាន់តែល្បី និងមានការគោរពកោតសរសើរ ពីសំណាក់​អ្នកគាំទ្រសង្ឃនេះ។ អ្វីដែលសង្ឃអង្គនេះចង់បាន គឺចង់ឆក់ឱកាស​ អួត​ថាខ្លួនជាអ្នកតស៊ូ ដើម្បីការពារព្រះពុទ្ធសាសនានៅភូមា។

ដូចគ្នាដែរ លោក Richard Horsey អ្នកជំនាញ​នៅមជ្ឈមណ្ឌលវិភាគវិបត្តិអន្តរជាតិ (ICG) បានលើកឡើងថា ការដែលសង្ឃអង្គនេះ បានលេចមុខមកឲ្យ​នគរបាលចាប់ខ្លួននាពេលនេះ គឺមិនមែន​ជារឿងចៃដន្យទេ ព្រោះ ថ្ងៃទី៨​វិច្ឆិកា គឺជាថ្ងៃបោះឆ្នោតសភាអាណត្តិថ្មី។ សង្ឃអង្គនេះ ជាមនុស្សស្និទនឹងមេទ័ពមួយចំនួន ហើយ​មានបំណងធ្វើសកម្មភាព​ បំផ្លាញប្រជាប្រិយភាព​លោកស្រី​អ៊ុងសាន ស៊ូជី។ លោក Richard Horsey បញ្ជាក់ថា សង្ឃវីរ៉ាធូ ចង់ឆក់ឱកាសនេះ បង្ហាញប្រាប់ប្រជាជន​ភូមាថា លោកស្រី​អ៊ុងសាន ស៊ូជី និងគណបក្ស​សម្ព័ន្ធប្រជាធិបតេយ្យ គឺជាសត្រូវរបស់ព្រះពុទ្ធ​សាសនា។ យ៉ាងណាមិញនៅក្នុងវីដេអូប្រកាសប្រគល់ខ្លួន សង្ឃវីរ៉ាធុ បានប្រកាស​​ហៅឲ្យ​ប្រជាជនភូមា ត្រូវបោះឆ្នោតទំលាក់លោកស្រីអ៊ុងសាន ស៊ូជីថែមទៀតផង។

ដោយឡែក បណ្តាញ Facebook បានអះអាងថា ខ្លួនបានបិទគណនីរបស់សង្ឃអង្គនេះ តាំងតែពីឆ្នាំ២០១៨ ហើយ​បានលុបចោលជាបន្តបន្ទាប់ នូវការចែកចាយសារវីដេអូ របស់សង្ឃអង្គនេះ នៅលើបណ្តាញ Facebook កាលពីថ្ងៃទី​២​វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI