អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន មានការ​វាយប្រហារ​ប្រដាប់​អាវុធ​ប្រឆាំង​សកលវិទ្យាល​នៅកណ្តាល​រដ្ឋ​ធានី​កាប៊ូល

កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន នៅ​មុខ​សកលវិទ្យាល័យ​ក្រុង​កាប៊ូល​ដែល​រង​ការ​វាយប្រហារ​ប្រដាប់​អាវុធ
កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន នៅ​មុខ​សកលវិទ្យាល័យ​ក្រុង​កាប៊ូល​ដែល​រង​ការ​វាយប្រហារ​ប្រដាប់​អាវុធ WAKIL KOHSAR / AFP
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

នៅ​ថ្ងៃ​ចន្ទ​ទី ២​ វិច្ឆិកា ២០២០ មាន​ជន​ប្រដាប់​អាវុធ​ បី​នាក់ បាន​ជ្រៀត​ចូលនិង​ធ្វើ​ការ​វាយប្រហារ​ប្រដាប់​អាវុធ ​ក្នុង​សកលវិទ្យាល័យ​ក្រុង​កាប៊ូល ដែល​កំពុង​រៀប​ចំ​ពិពរណ៍​សៀវភៅ​អ៊ីរ៉ង់។ មានស្លាប់​យ៉ាង​ហោច២២នាក់ និង​របួសជាង​២០​នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ។ ក្រោយ​ការ​វាយប្រហារ​ប៉ុន្មានម៉ោង អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។

ផ្សាយពាណិជ្ជកម្ម

“សត្រូវ​របស់​អាហ្វហ្កានីស្ថាន សត្រូវ​របស់​វិស័យ​សិក្សាអប់រំ​បាន​ធ្វើ​ការ​វាយប្រហារ​​សកលវិទ្យាល័យ​កាប៊ូល” នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​នៅក្នុង​សន្និសីទ​កាសែត​បឋម​ដោយ​អះអាង​ថាបាន​ពង្រាយ​កង​កម្លាំង​សន្តិសុខភ្លាម​ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​ក្រុមប្រដាប់អាវុធ​នោះ​។

ជនប្រដាប់​អាវុធ​មាន​គ្នា​បី​នាក់​បាន​ជ្រៀត​ចូល​ក្នុង​ទីលាន​សកលវិទ្យាល័យ និង​បាន​បំផ្ទុះ​អាវុធ​ដោយការ​បាញ់​រះ​លើ​ហ្វូង​និស្សិត នៅ​ពេល​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ហៀប​នឹង​មក​ដល់​ ដើម្បី​សម្ពោធ​បើក​កម្មវិធី​ពិព័រណ៍​សៀវភៅ​អ៊ីរ៉ង់។ នៅ​ពេល​កង​កម្លាំង​រក្សា​សន្តិសុខមក​ដល់​​ ទើប​មាន​ការ​ប្រយុទ្ធ​តតាំង​គ្នា​ដោយ​កាំភ្លើង។ ជន​ប្រដាប់​អាវុធ​ម្នាក់​បាន​​ចុច​បំផ្ទុះ​គ្រាប់​ជាប់​នឹ​ងខ្លួន​​ ហើយ​ ​ពី​រនាក់ផ្សេង​ទៀតត្រូវ​បាន​កម្ចាត់​ដោយ​​កង​កម្លាំង​សន្តិសុខ​ជាតិ។

ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​សកលវិទ្យាល័យដ៏​ធំ​ជាង​គេ​របស់​ប្រទេស មានរយៈ​ពេល​ជា​ង៦​ម៉ោង និង​បានបញ្ចប់​នៅ​ពេល​រសៀល​ ជាមួយ​តុល្យការដ៏​ធ្ងន់ធ្ងរ។ មាន​ស្លាប់​និង​របួស​​​ជា​ច្រើន​នាក់ ភាគ​ច្រើន​ជា​និស្សិត។ សិស្ស​និស្សិត ស្រីប្រុស​ផ្អើល​ឆោឡោ និង​​ត្រូវ​ជាប់​កុន​អស់​ជា​ច្រើនម៉ោង​ទម្រាំ​មាន​កា​រជម្លៀស​​និង​សង្គ្រោះបាន។

សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈ​ពេល​តែ​មួយ​​សប្តាហ៍ ដែល​អាហ្វហ្កានីស្ថាន​បាន​រង​ការវាយប្រហារប្រឆាំង​នឹង​ស្ថាប័ន​សិក្សា។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន មជ្ឈមណ្ឌល​អប់​រំ​នៅ​ភាគ​ខាង​លិច​ក្រុង​កាប៊ូល​បាន​រង​ភេរវកម្ម​អត្តឃាតរបស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ បណ្តាល​ឱ្យ​ស្លាប់​និស្សិត​២៤​នាក់។

នៅ​ឆ្នាំ​២០១៨ សកលវិទ្យាល័យ​​កាប៊ូលនេះ​​ធ្លាប់​រង​ភេរវកម្ម​អត្តឃាត​ម្តង​ដែរ ពី​សំណាក់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ភេរវកម្ម​កាលណោះ​ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់ ភាគ​ច្រើន​ជា​ក្មេង​ជំទង់។ ហើយ​ពី​រឆ្នាំ​មុន​នេះ​ទៀត មានការ​វាយប្រហារ​លើ​សកលវិទ្យាល័យ​អាមេរិក​ប្រចាំ​ទីក្រុង​កាប៊ូល បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១៦​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ