ពលរដ្ឋថៃចុះធ្វើបាតុកម្មជាថ្មីដើម្បីទាមទារសុំចរចាជាមួយព្រះមហាក្សត្រ
ពលរដ្ឋថៃរាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នាជាថ្មីនៅថ្ងៃអាទិត្យទី ៨ វិច្ឆិកា ២០២០ នៅក្បែរព្រះបរមរាជវាំង នាទីក្រុងបាងកក។ បាតុករបានស្រែកអំពាវនាវឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងបានស្រែកសុំចរចាជាមួយព្រះមហាក្សត្រ ដើម្បីធ្វើកំណែទម្រង់របបរាជនិយមថៃ។
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធរបានព្រមានហើយមិនឱ្យហ្វូងបាតុករចូលទៅជិតវាំងចាស់ទេ។ ដូច្នេះដើម្បីបំបែកនិង រារាំង កងកម្លាំងរក្សាសន្តិសុខបានប្រើកាណុងបាញ់ទឹកបំបែក និងបានពង្រាងកម្លាំងប៉ូលិសជាច្រើនពាន់នាក់ ចាំទប់ក្បួនបាតុកម្ម។
“យើងមិនចង់ផ្តួលរំលំរបបរាជានិយមទេ តែចង់ឱ្យរបបនេះសម្របតាមសង្គម” នេះជាសម្រែករបស់និស្សិតម្នាក់ នៅក្នុងចំណោមហ្វូងសកម្មជនជាច្រើននាក់ផ្សេងទៀត ដែលកំពុងសែងមឈូសធ្វើក្រដាសកាតុងដាក់រូបម៉ាណឺកាំង ជាតំណាងលោកប្រាយុទ្ធចាន់អូចា ប្រមុខរដ្ឋាភិបាលថៃ។ ក្រៅពីទាមទារតាំងពីខែមិថុនាឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ក្រុមបាតុករ មានចេតនាចង់ដង្ហែក្បួនទៅកៀកព្រះបរមរាជវាំង ដើម្បីប្រគល់លិខិតបញ្ជាក់អំពីការទាមទាររបស់ពួកគេ ដល់ព្រះចៅ វិជ្ជរ៉ាឡុងកន។ ជាសំណើសុំឱ្យមានការត្រួតពិនិត្យទ្រព្យសម្បត្តិស្តេច និងសុំឱ្យព្រះមហាក្សត្រកុំជ្រៀតជ្រែកកិច្ចការនយោបាយ និងសុំឱ្យរំលាយចោលច្បាប់ប្រមាថរាជានិយមដែលអាចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៥នូវរាល់ជនណាដែលហ៊ានជេរប្រមាថព្រះមហាក្សត្រនិងក្រុមគ្រួសាររាជវង្ស។
មេដឹកនាំចលនា Anon Nampa ម្នាក់ បានបង្ហោះសារក្នុងទំព័រសង្គមហ្វេសប៊ុកថា បាតុករចង់ឃើញព្រះរាជាថៃប្តូរផ្លាស់ និងជាព្រះមហាក្សត្ររបស់ពលរដ្ឋថៃទាំងមូល។ “យើងសង្ឃឹមថា ព្រះមហាក្សត្រនឹងយល់ព្រមបើកកិច្ចចរចាដើម្បីរកដំណោះស្រាយរួម”។ នេះបើតាមសំណេររបស់សកម្មជនម្នាក់ទៀត ដែលទើបរងការចោទប្រកាន់អំពីបទ “បះបោរ” និងដែលទើបបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នជាមួយនឹងបណ្តាមេដឹកនាំចលនាបាតុកម្មផ្សេងៗទៀត។
កាលពីសប្តាហ៍មុន ព្រះចៅ មហាវិជ្ជរ៉ាឡុងកន បានថ្លែងជាសាធារណៈ ដោយកម្រ ទៅកាន់អ្នកសារព័ត៌មានជុំវិញការធ្វើកំណែទម្រង់របបរាជានិយមថៃ។ ព្រះមហាក្សត្របានអះអាងថា គោរពស្រលាញ់ប្រជាពលរដ្ឋដូចគ្នាៗ។ ឡើងសោយរាជបន្តពីព្រះបិតានៅឆ្នាំ២០១៦ ព្រះមហាក្សត្រមហាវិជ្ជរ៉ាឡុងកន មានបុគ្គលិកលក្ខណៈចម្រូងចម្រាស។ ព្រះអង្គបានពង្រឹងអំណាច មានជាអាទិ៍គ្រប់គ្រងទ្រព្យសម្បត្តិដោយផ្ទាល់។ ការយាងទៅស្នាក់នៅអឺរ៉ុបយ៉ាងញឹកញយ ក្នុងពេលប្រទេសកំពុងរងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ ដោយហេតុកូរ៉ូណាវីរុស កំពុងបង្កចម្ងល់ជាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ