ភូមា

បោះឆ្នោតភូមា ​ ៖ លោកស្រី អ៊ុងសានស៊ូជី កំពុង​ឈាន​ទៅរក​ជោគជ័យ​​អាណត្តិទីពីរ

លោកស្រី​អ៊ុងសានស៊ូជី អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​រដ្ឋធានី ណៃពិដរ ថ្ងៃទី ៨ វិច្ឆិកា ២០២០
លោកស្រី​អ៊ុងសានស៊ូជី អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​រដ្ឋធានី ណៃពិដរ ថ្ងៃទី ៨ វិច្ឆិកា ២០២០ Thet Aung / AFP

ក្នុង​ពេល​ដែល​ពិភពលោក​កំពុងអបអរ​លទ្ធផល​នៃ​​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក នៅថ្ងៃ​អាទិត្យ​ទី ៨ វិច្ឆិកា ២០២០ ​​​​​​​​​​​ភូមាប្រទេស​ក្មេងខ្ចី​​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ ​កំពុង​​​រៀប​ចំ​ការ​បោះឆ្នោត​​សភា​ជា​លើក​ទីពីរ។ ​​កាលពីឆ្នាំ​២០១៥ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសានស៊ូជី បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូក​ដី ដោយ​ប្រមូលបានអាសនៈ​សភា​ដល់​ទៅ​៨០%​។ ចុះលើក​នេះ តើ​​លោកស្រី​អ៊ុងសានស៊ូជី នឹង​អាច​ទទួល​ជោគជ័យ​ត្រចង់​ដូច​លើកមុន​ទេ ? គ្មាន​គូប្រជែង​ពិត​ប្រាកដ លោកស្រី​ប្រមុខ​ដឹកនាំភូមា នៅ​តែជាអ្នក​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងការបោះឆ្នោត​នេះ។

ផ្សាយពាណិជ្ជកម្ម

រង​ការ​រិះគន់​លើឆាក​អន្តរជាតិក្នុង​វិបត្តិរ៉ូហ៊ីងយ៉ា លោកស្រី​ អ៊ុង សានស៊ូជី នៅ​តែ​ជានិម្មិត្តរូបនៃ​ការ​នាំ​ប្រទេស​ទៅ​រកលទ្ធិប្រជាធិបតេយ្យ​ សម្រាប់​ប្រជាពលរដ្ឋ​ភូមា​ក្នុង​ស្រុក។ វិបត្តិ​រ៉ូហ៊ីងយ៉ា គ្មាន​ក្នុង​​ប្រធានបទ​នៃ​ការ​ឃោសនា​នយោបាយ​សោះ​ ព្រោះ​សម្រាប់​ភូមា លោកស្រី​ អ៊ុងសានស៊ូជី ​ជា​តំណាង​​នៃ​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ជា​ឥស្សរជន​តែ​ម្នាក់​គត់​ដែល​អាច​ប្រឈម​នឹង​ក្រុមយោធា​ដែល​នៅ​កាន់​អំណាច​២៥%​នៅ​ក្នុង​សភា និង​កាន់​ក្រសួង​បី​សំខាន់ៗ​របស់​ប្រទេស​ គឺ ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ព្រំដែន។

ដោយ​គ្មានការភ្ញាក់ផ្អើល គណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ត្រូវ​ឈ្នះ​ឆ្នោតដឹកនាំ​ប្រទេសអាណត្តិ​ទីពីរ​បាន​ទៀត ប៉ុន្តែ​ជោគជ័យ​ទំនង​ជា​មិន​ត្រចះ​ត្រចង់​ខ្លាំង​ដូច​កាលពី​៥ឆ្នាំ​មុន​ទេ។ មូលហេតុ​មក​ពី​ សំឡេង​គាំទ្រ​ត្រូវ​បែក​ខ្ញែក​ដោយ​មាន​ការ​បក្ស​នយោបាយ​ថ្មីៗ​ជាង​១០​ចូលរួម​ និង​ជា​ពិសេស​គឺបណ្តាល​មក​ពី​ បរាជ័យ​នៃ​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ជជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ និង​លទ្ធផល​ស្តួច​ស្តើង​​​ក្នុងវិស័យ​សុខភាព និង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។ នៅ​ពេល​បាន​ឡើង​កាន់​អំណាច​ នៅ​ឆ្នាំ​២០១៥ លោកស្រី​អ៊ុងសានស៊ូជី បាន​សន្យា​កាត់​បន្ថយ​អំណាច​និង​ឥទ្ធិពល​របស់​ក្រុម​យោធា​ និង​ស្វែង​រកកិច្ចព្រមព្រៀង​ជាមួយ​ពួក​ឧទ្ទាមប្រដាប់​អាវុធ​​ផ្សេង​ទៀត ដែល​ពុំ​ឃើញ​មានលទ្ធផល​ដុំ​កំភូន​សោះ​នៅ​ ៥​ឆ្នាំក្រោយ​។ ដោយ​ហេតុ​សន្តិសុខ​ គណៈកម្មការ​បោះឆ្នោត បាន​បញ្ជា​ឱ្យ​លុប​ចោលការ​បោះឆ្នោត​ នៅ​តាម​តំបន់​រសើបៗ​ខ្លះ ដែល​ជា​ហេតុ​នាំ​មា​នលេច​គំនិត​ថា លោកស្រី​ អ៊ុងសានស៊ូជី ចង់​តែ​ពង្រឹង​អំណាច​ តាម​រយៈ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ភូមា​ភាគ​ច្រើន កាន់​ព្រះពុទ្ធសាសនា និង​មិន​ខ្វល់ពី​​បក្ស​តូច​តាចនិង​ជនជាតិ​ភាគ​តិច។

 

អត្រា​ចូល​រួម​បោះឆ្នោត​ ក៏​ទំនង​ជាមិន​សូវ​ខ្ពស់​ដូច​៥​ឆ្នាំមុខ​ដែរ ម្យ៉ាង​ដោយ​មាន​ការ​​គំរាមកំហែង​កូវីដ​១៩។ ភូមា​ជា​ប្រទេស​រងគ្រោះ​កូវីដ​១៩​ខ្លាំង​ជាង​គេមួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រាប់​​មាន​ករណី​ឆ្លង​កូវីដ​១៩ ជាង​៦​ម៉ឺន​នាក់ និង​ស្លាប់​ជាង​១៤០០នាក់។ អាជ្ញាធរ​ភូមា​បាន​ស្នើ​សុំ​ឱ្យ​លើក​ពេ​ល​បោះឆ្នោតសភា​នេះ ដោយ​មូលហេតុ​កូវីដ​ តែ​ពុំបានសម្រេច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI