ហិរញ្ញវត្ថុ-អាស៊ី

តម្លៃភាគហ៊ុន​នៅ​ទីផ្សារ​អាស៊ី កើនឡើង ​ក្រោយ​​លទ្ធផល​ជ័យជំនះ​របស់​លោក​ ចូ បៃដិន

ក្នុងបន្ទប់គ្រប់គ្រងទីផ្សារហ៊ុន Nikkei ក្រុងតូក្យូ ថ្ងៃទី​៤ វិច្ឆិកា ២០២០
ក្នុងបន្ទប់គ្រប់គ្រងទីផ្សារហ៊ុន Nikkei ក្រុងតូក្យូ ថ្ងៃទី​៤ វិច្ឆិកា ២០២០ REUTERS - KIM KYUNG-HOON

ក្រោយលទ្ធផល​ឈ្នះឆ្នោត របស់​លោក ចូ បៃដិន ក្លាយ​ជាប្រធានាធិបតីសហរដ្ឋអាេមរិក ទីផ្សារភាគហ៊ុន​នៅទូទាំងពិភពលោក ជាពិសេសនៅអាស៊ីតែម្តង គឺបានកើនឡើងតម្លៃជាខ្លាំង។ នេះជាសញ្ញាបង្ហាញអំពីសុទិដ្ឋិនិយម របស់អ្នកវិនិយោគ និង​ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅតំបន់អាស៊ី ក្រោយស្ថិតនៅ​ក្នុងភាព​ស្រពិចស្រពិល ក្នុងអាណត្តិលោក​ដូណាល់ ត្រាំ កន្លងមក។

ផ្សាយពាណិជ្ជកម្ម

តម្លៃភាគហ៊ុន នៅផ្សារហ៊ុន Nikkei ក្រុងតូក្យូ បាន​ឡើងខ្ពស់ ចំនួន ២,១២% នៅពេលបិទទ្វារ កាលពីថ្ងៃអាទិត្យ ទី​៨វិច្ឆិកា។ ក្នុងមួយសប្តាហ៍កន្លងមកនេះ តម្លៃហ៊ុនរបស់​ផ្សារ Nikkei គឺបានកើនឡើងចំនួន​៦% ដែលនេះគឺជាកម្រិតសុទិដ្ឋនិយមខ្ពស់បំផុត ក្នុងរយៈពេល​២៩ឆ្នាំចុងក្រោយនេះ។ ដូចគ្នាដែរ តម្លៃភាគហ៊ុន នៅលើ​ផ្សារហ៊ុន​ចិន ក៏បានកើនឡើងខ្លាំងដែរ ដូចជានៅ សៀងហៃ បានឡើងចំនួន ១,៨៦% នៅឆិនចិន ឡើងចំនួន​២,២៥%។ ចំណែក​ផ្សារ​ហ៊ុន ហាងសេង នៅហុងកុង បានឡើងចំនួន​ ១,០២%។

នេះគឺជាលទ្ធផលវិជ្ជមាន ក្រោយ​ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែល​លោក ចូ បៃដិន បានឈ្នះឆ្នោត។ បើទោះជាពេលនេះ លោកដូណាល់ ត្រាំ នៅតែមិនទាន់​ទទួលស្គាល់លទ្ធផល​បរាជ័យ​របស់​ខ្លួនក្តី ក៏​ប៉ុន្តែ អ្នកវិនិយោគ នៅលើទីផ្សារហិរញ្ញវត្ថុ​ បានចាប់ផ្តើម​មានសង្ឃឹមហើយ ជាមួួយ​នឹងអនាគតរដ្ឋាភិបាលថ្មីរបស់​សហរដ្ឋអាមេរិក​ ដឹកនាំដោយ​លោកចូ បៃដិន។

តែយ៉ាងណា លោក Shoji Hirakawa អ្នកវិភាគទីផ្សារនៅ​វិទ្យាស្ថានស្រាវជ្រាវ Tokai ទីក្រុងតូក្យូ ​បាន​​លើកឡើងថា ​ទីផ្សារ​ហិរញ្ញវត្ថុ ក៏បានធូរចិត្តដែរ នៅពេលឃើញថាលទ្ធផល​ឆ្នោត​នៅសហរដ្ឋអាមេរិក គឺបក្ស​ប្រជាធិបតេយ្យ​មិនឈ្នះភ្លូកទឹកភ្លូកដី។ អ្នកវិនិយោគធំ សហគ្រាស នៅលើ​ទីផ្សារហិរញ្ញវត្ថុ​បារម្ភថា ព្រឹទ្ធសភានឹងធ្លាក់ទៅក្នុង​ដៃ​បក្សប្រជាធិបតេយ្យ ហើយ​ដែលអាចបើកផ្លូវ ឲ្យ​អនាគតរដ្ឋាភិបាល​ លោក ចូ បៃដិន សម្រេចដំឡើងអត្រាតម្លៃ​​ពន្ធ ពីសហគ្រាសធំ និងពីផ្សារហ៊ុន។

ដោយឡែក លោក Nigel Green អ្នកប្រឹក្សាហិរញ្ញវត្ថុ នៅការិយាល័យ deVere បានលើកឡើងថា លោក ចូ បៃដិន ត្រូវតែស្វែងរកច្រកផ្លូវ ដើម្បី​អាច​ទទួលបាន​ការសហការ ពីសំណាក់ព្រឹទ្ធសភា ដែល​ក្រុមសាធារណៈរដ្ឋ មានសម្លេងភាគច្រើន។ គម្រោងកញ្ចប់ថវិកា ចំនួន​៣០០ម៉ឺនលានដុល្លារ ដែល​លោកចូ បៃដិន ចង់ស្នើរ ដើម្បីយកមកជួយសេដ្ឋកិច្ចនោះ អាចប្រហែលជា​លំបាក​សម្រេចបាន​ បន្តិចហើយ។ 

ជាការកត់សំគាល់ សេដ្ឋកិច្ចអាេមរិក ហាក់បាន​ងើបឡើងមកវិញ ជាបណ្តើរៗហើយ ដោយ​ចំនួន​អត្រាអ្នកអត់ការងារធ្វើបានថយចុះខ្លាំង ក្នុងរវាងមួួយខែចុងក្រោយ​។ ចំណែក​សេដ្ឋកិច្ចចិន ក៏បាន​ស្ទុះឡើងខ្លាំងដែរ ដោយការនាំចេញ បានកើនឡើង ខ្ទង់ ១១,៤% នៅក្នុងខែតុលាកន្លងទៅ។ ទាំងអស់នេះ គឺសុទ្ធតែជាកត្តា ដែលផ្តល់សុទិដ្ឋិនិយម ដល់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI