អានតួអត្ថបទ
ថៃ

នាយករដ្ឋមន្រ្តីថៃព្រមានឲ្យក្រុមបាតុករទាំងពីរភាគីគោរពច្បាប់ និងបញ្ជៀសការប្រឈមមុខដាក់គ្នា

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា AFP - -
១៥ នាទី

នៅ​ក្នុង​ប្រទេស​ថៃ នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​អំពាវនាវ និង​ព្រមាន​ឲ្យ​ក្រុម​បាតុករ​គោរព​ច្បាប់ និង​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា។ ក្រុម​បាតុករ​ដែល​លោក​ចាន់អូចា​បាន​លើក​ឡើង មាន​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង ឲ្យ​ធ្វើ​កំណែទម្រង់​របប​រាជានិយម និង​ក្រុម​បាតុករ​ដែល​ការពារ​របប​រាជានិយម។ គួរ​រម្លឹក​ថា ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​លោក​ចាន់អូចា​ចុះ​ចេញ​ពី​តំណែង និង​ឲ្យ​ធ្វើ​កំណែទម្រង់​របប​រាជានិយម​បាន​ចាប់​ផ្តើម​តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​មក។ តែ​នៅ​ពេល​នេះ ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល និង​អ្នក​ការពារ​របប​រាជានិយម​ក៏​បាន​រៀបចំ​ក្បួន​បាតុកម្ម​ប្រឆាំង​តប​វិញ។ បាតុកម្ម​របស់​ក្រុម​ទាំង​ពីរ​បាន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា និង​ការ​ប៉ះទង្គិច​គ្នា។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ចៀសវាង​ការ​រំលោភ​ច្បាប់​ដែល​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើ​គ្រប់​វិធានការ​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ការ​គោរព​ច្បាប់ » នេះ​ជា​ការ​ព្រមាន​របស់​នាយករដ្ឋមន្រ្តី​ថៃ​លោក​ប្រាយុទ្ធ ចាន់​អូចា​ដោយ​មិន​បាន​លំអិត​ពី​វិធានការ​អ្វី​ខ្លះ​ទេ។ ដោយ​មិន​និយាយ​ចំ​ក្រុម​ណា​មួយ លោក​ចាន់អូចា​បាន​បន្ថែម​ថា ការ​ប្រឈម​ដាក់​គ្នា​មិនមែន​ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ។ គួរ​រម្លឹក​ថា តាំង​ពី​រដូវក្តៅ​មក​ដល់​សព្វថ្ងៃ ក្រុម​បាតុករ​ដែល​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ជា​សិស្ស និស្សិត​បាន​ទាមទារ​ឲ្យ​លោក​ចាន់អូចា​ចុះ​ចេញ​ពី​តំណែង ឲ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​ឲ្យ​ដក​ចេញ​វិញ​នូវ​ច្បាប់​ស្តីពី​ទោស​ប្រមាថ​ព្រះមហាក្សត្រ។

គឺ​ជា​ច្បាប់​មួយ​ដែល​អាច​មាន​ទោស​ជាប់​ក្នុង​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​បរិហារ ឬ​ជេរប្រមាថ​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស។ តែ​ក្រោយ​មក ក៏​ស្រាប់​មាន​លេច​ឡើង​នូវ​ក្រុម​បាតុករ​ម្ខាង​ទៀត​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ការពារ​របបរាជានិយម។ លោក​ចាន់អូចា​បាន​បញ្ជាក់​ថា ក្រុម​ទាំង​ពីរ​មាន​សិទ្ធិ​សម្តែង​មតិ តែ​ការ​សម្តែង​មតិ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​ច្បាប់។ ក្នុង​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា​កន្លង​ទៅ មាន​ក្រុម​បាតុករ​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សិស្ស និស្សិត​ជា​ច្រើន​ពាន់​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​ក្រុង​បាងកក​ដោយ​ស្នើ​ឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​ព្រះមហាក្សត្រ​មហាវិជ្ជរ៉ាឡុងកន។

តែ​ការ​ជួបជុំ​នោះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ដោយ​បាញ់ទឹក​បំបែក​ហ្វូង​​ដែល​ព្យាយាម​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ។ មាន​បាតុករ​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​មេដឹកនាំ​សិស្ស និស្សិត​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មាន​អ្នក​ខ្លះ​ជាប់​ចោទ​ពី​បទ​បះបោរ និង​ប្រើ​ហិង្សា​លើ​ព្រះមហាក្សត្រី។ ទង្វើ​របៀប​នេះ​អាច​នឹង​មាន​ទោស​ជាប់​ក្នុង​ពន្ធនាគារ​អស់មួយ​ជីវិត។ តែគ្មាន​ព័ត៌មាន​ស្តីពី​ការ​ចាប់​ខ្លួន​បាតុករ​ដែល​ធ្វើ​បាតុកម្ម​គាំទ្រ​របប​រាជានិយម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ