រកឃើញ ពូជស្វាថ្មី នៅភូមា តែ ជិតផុតពូជ
ចុះផ្សាយនៅថ្ងៃ៖
អ្នកស្រាវជ្រាវអាល្លឺម៉ង់និងអង្គការក្រៅរដ្ឋាភិបាលការពារបរិស្ថានរុក្ខជាតិនិងសត្វអន្តរជាតិ បានប្រកាសជូនដំណឹង នៅថ្ងៃពុធទី ១១ វិច្ឆិកា ២០២០ អំពីការរកឃើញពូជស្វាប្រភេទថ្មីមួយ នៅប្រទេសភូមា។ ប៉ុន្តែពូជសត្វស្វាថ្មីក៏កម្រនេះ ដែលមានប្រមាណតែប៉ុន្មានរយក្បាល កំពុងប្រឈមនឹងការស្លាប់ផុតពូជ។ នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវដដែល។
តូច មានដងខ្លួនប្រវែងពី៥០ទៅ៥០សង់ទីម៉ែត្រ អ្នកស្រាវជ្រាវអាល្លឺម៉ង់បានដាក់ឈ្មោះស្វាពូជថ្មីនេះថា Popa langur ។ ប៉ូប៉ា ជាភ្នំមួយនៃអតីតប្រជុំភ្នំភ្លើងស្ថិតនៅភាគកណ្តាលនៃប្រទេសភូមា និងជាកន្លែងរស់នៅនិងរកឃើញពូជស្វានេះ។ ឯ "langur" ជាប្រភេទពូជស្វា ដែលមានឈ្មោះវិទ្យាសាស្ត្រ Trachypithecus។
បើតាមក្រុមអ្នកស្រាវជ្រាវសត្វស្វាអាល្លឺម៉ង់ ពូជស្វា ប៉ូប៉ា មានរស់នៅផ្តុំគ្នាច្រើនជាងគេដល់ទៅរាប់រយក្បាលនៅភ្នំប៉ូប៉ានេះ និង មាន Trachypithecus popa បីក្រុមទៀត រស់នៅភាគកណ្តាលប្រទេសភូមានេះដដែល តែក្នុងបរិមាណពី ២០០ ទៅ២៥០ក្បាលតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវអាចរកឃើញនិង កំណត់ អត្តសញ្ញាណ ពូជស្វាថ្មី ប៉ូប៉ា នេះបាន ដោយធ្វើការរប្រៀបធៀបគំរូ អាដេអិន របស់ស្វាពូជ Trachypithecus ផ្សេងៗដែលរស់នៅក្នុងព្រៃ ឬដែលគេចិញ្ចឹម និងដែលមានតម្កល់ទុកនៅសារមន្ទីរអាល្លឺម៉ង់ អង់គ្លេស អាមេរិក និងសិង្ហបុរី។ ហើយទីបំផុតគឺអាដេអិនរបស់ពូជស្វាកាលពីជាង១០០ឆ្នាំមុន រក្សាទុកនៅសារមន្ទីរក្រុងឡុងដ៍ជាអ្នកទម្លាយអាថ៌កំបាំងរបស់ពូជស្វាប៉ូប៉ានៅភូមា ដែលទំនងជាត្រូវបែកចេញពីពូជស្វា langur ផ្សេងទៀត តាំងពីជាងមួយពាន់ឆ្នាំមកហើយ។ ប៉ូប៉ាខុសពីពូជស្វា langur ត្រង់តែពណ៌សម្បុរ ប្រវែងកន្ទុយ និងទំហំលាលាដ៏ក្បាលប៉ុណ្ណោះ។ នេះបើតាមការលម្អិតរបស់អ្នកស្រាវជ្រាវ។
ទើបរកឃើញថ្មីមែន ប៉ុន្តែ ប៉ូប៉ា កំពុងប្រឈមនឹងការផុតពូជ ទៅហើយ។ នេះជាសេចក្តីថ្លែងការណ៍បន្ថែមរបស់អង្គការការពារបរិស្ថានរុក្ខជាតិនិងសត្វអន្តរជាតិ ដែលអះអាងថាអង្គការកំពុងចាត់វិធានការការពារជាបន្ទាន់ និងកំពុងធ្វើសិក្សាថ្មី ដើម្បីការពារ ពូជស្វាlangur ពីការស្លាប់ផុតពូជ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ