សភាហុងកុងបើកប្រជុំដោយគ្មានបក្សប្រឆាំង ចិនច្រានចោលការរិះគន់របស់បរទេស
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃព្រហស្បតិ៍ទី ១២ វិច្ឆិកា ២០២០នេះ សភាហុងកុងបានបើកកិច្ចប្រជុំ ដោយគ្មានតំណាងបក្សប្រឆាំងណាម្នាក់សោះ។ សមាជិកសភាបក្សប្រឆាំងទាំងអស់នាំគ្នាលាលែងចេញពីតំណែងភ្លាម ក្រោយការបណ្តេញសមាជិកសភាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួនរូបពីសភា។ ហើយទន្ទឹមពេលជាមួយគ្នានោះ ចិន បានច្រានចោលទាំងស្រុងនូវពាក្យរិះគន់របស់សហគមន៍អន្តរជាតិចំពោះការបណ្តេញសមាជិកសភាបក្សប្រជាធិបតេយ្យ។
ដូចបានសន្យា គ្រាន់តែរដ្ឋាភិបាលហុងកុងបានសម្រេចបណ្តេញចេញសមាជិកបក្សប្រជាធិបតេយ្យពីសភាដោយគ្មានឆ្លងកាត់តុលាការភ្លាម សមាជិកសភាអ្នកប្រជាធិបតេយ្យ ១៥រូបផ្សេងទៀត ក៏បានសម្រេចចិត្តលាលែងចេញពីតំណែង រួមគ្នាក្នុងពេលតែមួយ ដើម្បីជាកិច្ចសម្តែងសាមគ្គីភាពចំពោះសមាជិកសភារួមបក្ស។
“ពលរដ្ឋហុងកុង ត្រូវត្រៀមរស់ក្នុងដំណាក់កាល ដែលមានសំឡេងតែមួយក្នុងសង្គម ! បើអ្នកជាជនប៉ះបោរ អ្នកត្រូវត្រៀមរងការបង្ក្រាប”។ នេះជាសម្រែករបស់ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ នៅពីមុខរដ្ឋសភា ដែលកំពុងបើកកិច្ចប្រជុំរបស់ខ្លួន ជាលើកទីមួយ ដោយគ្មានបក្សប្រឆាំងសោះ។
ថ្វីបើប្រមុខដឹកនាំរដ្ឋាភិបាលហុងកុង ដែលបច្ចុប្បន្នគឺលោកស្រី ការី ឡាំ ត្រូវបានជ្រើសតាំងដោយប៉េកាំង ប៉ុន្តែសមាជិកសភាហុងកុងពាក់កណ្តាល ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយសេរីនិងសកល និងជាការផ្តល់ឱកាសដ៏កម្រដល់ពលរដ្ឋហុងកុងមានឱកាសបានបញ្ចេញមតិយោបល់ទាក់ទងនឹងកិច្ចការផ្ទៃក្នុងហុងកុង។ ក្រុមអ្នកប្រជាធិបតេយ្យមានទម្លាប់ និងតែងប្រើគ្រប់លទ្ធភាពដែលមានក្នុងការរារាំងច្បាប់ដែលមិនសមស្រប។ តែពេលនេះរដ្ឋាភិបាលអាចបណ្តេញសមាជិកសភាបានទៀត។
សេចក្តីសម្រេចបណ្តេញសមាជិកសភានេះ បានបំផុសឱ្យមានប្រតិកម្មអន្តរជាតិយ៉ាងខ្លាំង។ រដ្ឋាភិបាលអង់គ្លេស ដែលជាអតីតប្រទេសអាណានិគមលើហុងកុង តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានប្រកាសថ្កោលទោសថា “មានការវាយប្រហារប្រឆាំងនឹងស្វយ័តភាពនិងសេរីភាពហុងកុងដល់កំរិតកំពូល”។ រដ្ឋាភិបាលអាល្លឺម៉ង់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបៀបបំផ្លាញនយោបាយពហុបក្សនិងសេរីភាពនៃការបញ្ចេញមតិនៅហុងកុង។ ចំណែកនាយកអង្គការការពារសិទ្ធិមនុស្ស Amnesty International ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្ងូចថ្ងូរថា នេះជាឧទាហរហ៍ថ្មីជាក់ស្តែងមួយទៀត នៃយុទ្ធនាការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលប្រើគ្រប់មធ្យោបាយ ឱ្យតែអាចការបំបិទសំឡេងអ្នកប៉ះបោរបាន។ សហភាពអឺរ៉ុបបានជំរុញប៉េកាំងប្តូរចិត្តប្រគល់សិទ្ធដល់សមាជិកសភាហុងកុងវិញ។
ប្រតិកម្មមានកាន់តែខ្លាំងមកពីខាងសហរដ្ឋអាមេរិក។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីដូណាល់ ត្រាំបានគំរាមដាក់ទណ្ឌកម្មបន្ថែមលើចិន ពីបទបានរំលោភយ៉ាងច្បាស់ក្រឡែតស្វ័យភាពរបស់ហុងកុង។ សហរដ្ឋអាមេរិកនឹងបន្តវែករកអត្តសញ្ញាណនិងដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវនៅដែលបានចូលរួមពន្លត់សេរីភាពនៅហុងកុង។ ហើយសូមបញ្ជាក់ថាកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមិនឱ្យទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិអ្នកទទួលខុសត្រូវហុងកុងបួននាក់ហើយពីបទខ្ទប់សេរីភាពនៅហុងកុងនេះ។
ប៉ុន្តែដូចទម្លាប់ ចិនបានច្រានចោលនូវរាល់ពាក្យរិះគន់និងថ្កោលទោសរបស់សហគមន៍អន្តរជាតិ ដោយអះអាងប្រទេសក្រៅគ្មានសិទ្ធិរិះគន់ដោយគ្មានទំនួលខុសត្រូវដើម្បីចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុងទេ។ មិនតែប៉ុណ្ណោះ ប៉េកាំងបានបានព្រមាន ទង្វើលាលែងចេញពីតំណែងរបស់សមាជិកសភាបក្សប្រឆាំងហុងកុង ថា ជោរ ដែលអាចបង្កឱ្យមានកម្លាំងបរទេសចូលជ្រៀតជ្រែក រុញហុងកុងឱ្យធ្លាក់ក្នុងភាពវឹកវរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ