អានតួអត្ថបទ

បាតុករដើម្បី​ប្រជាធិបតេយ្យ តោងឡើងឈរ​លើ​វិមានប្រជាធិបតេយ្យ នៅ​ក្រុង​បាងកក

បាតុករ​ឈរមុខ​វិមានប្រជាធិបតេយ្យ ដែល​ពួកគេ​បាន​រុំស្រោប​ដោយ​ក្រណាត់ស នៅក្នុង​បាតុកម្ម​ថ្ងៃទី ១៤​វិច្ឆិកា ២០២០
បាតុករ​ឈរមុខ​វិមានប្រជាធិបតេយ្យ ដែល​ពួកគេ​បាន​រុំស្រោប​ដោយ​ក្រណាត់ស នៅក្នុង​បាតុកម្ម​ថ្ងៃទី ១៤​វិច្ឆិកា ២០២០ REUTERS - SOE ZEYA TUN
ដោយ៖ ឈាង បុប្ផា
១៦ នាទី

បាតុកម្ម​របស់​ក្រុមទាមទារ​ប្រជាធិបតេយ្យ​ថៃ បាន​លេចរូបរាង​សាជាថ្មី។ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ នៅ​ទីក្រុង​បាងកក បាតុករ​ដើម្បី​ប្រជាធិបតេយ្យ រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ នៅ​វិមានប្រជាធិបតេយ្យ ដោយលើកនេះ បាន​រុំក្រណាត់ស ជុំវិញ វិមានប្រជាធិបតេយ្យ។ នៅពីលើផ្ទាំងក្រណាត់​ស ដ៏ធំ បាតុករ បាន​សរសេរ​ធំៗ ទាមទារ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ការចុះចេញពីតំណែង​របស់​នាយករដ្ឋមន្រ្តី លោក​ប្រាយុទ្ធ ចាន់អូចា។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅថ្ងៃ​សៅរ៍ កើត​ចេញមកពី​ការអំពាវនាវ​របស់​ក្រុមចំនួន ២០ ដែល​មាន​គោលដៅ​ដូចគ្នា គឺ បង្កើត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ នៅប្រទេស​ថៃ។ សម្រាប់​ក្រុមនិស្សិត​ដែល​ដឹកនាំ​ចលនា​បាតុកម្ម តាំង​ពី​ខែ កក្កដា ការទាមទារ​របស់​ពួកគេ​គឺ​នៅតែ​ដដែល នោះ គឺ​នាយករដ្ឋមន្រ្តី ដែល​ចូលកាន់តំណែង​ចាប់តាំង​ពី​ធ្វើ​រដ្ឋប្រហារ​នៅឆ្នាំ ២០១៤ ត្រូវ​ចុះចេញពីតំណែង។ សភា ត្រូវ​ធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ថៃ មាន​លក្ខណៈ​ប្រជាធិបតេយ្យជាងមុន។ ការទាមទារ​ចុងក្រោយ និង​សំខាន់​ជាងគេ​របស់​ក្រុមយុវជន​ដើម្បីប្រជាធិបតេយ្យ គឺ​ការធ្វើ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ ដែល​ពួកគេ​វាយតម្លៃថា មានអំណាចជ្រុលពេក។

សម្រាប់​ក្រុមបាតុករ កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ គឺ​ហេតុផលនេះហើយ ដែល​ជំរុញ ឲ្យពួកគេ​ហ៊ាន​ប្រថុយ​ធ្វើបាតុកម្ម ប្រឆាំង​ព្រះរាជា ដោយ​មិន​ខ្លាច​ច្បាប់ជេរប្រមាថ ព្រះមហាក្សត្រ។ ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ចាប់ដាក់​ពន្ធនាគារ ដល់​១៥​ឆ្នាំ សម្រាប់​ការជេរប្រមាថ ប៉ះពាល់​ព្រះមហាក្សត្រ។

នៅ​ថ្ងៃ សៅរ៍ ដើម្បី សំដែង​ការប្រឆាំងរបស់ខ្លួន ក្រុមបាតុករ​បាន​លើក ម្រាមដៃ និង​បែរខ្នង​ដាក់​ក្បួនព្រះទីនាំង​របស់​ព្រះរាជា ព្រះបាទ មហាវិជ្ជរ៉ា ឡុងកន។

នៅថ្ងៃ សៅរ៍ ព្រះអង្គ​បាន​យាង​សម្ពោធ ខ្សែរថភ្លើង​លើ​អាកាស​មួយខ្សែ​ទៀត នៅ ទីក្រុង​បាងកក ក្រោម​សំលេងហ៊ោ កញ្ជ្រៀវ​ស្រែក​សរសើរ របស់​ក្រុមអ្នកគាំទ្រ​រាជវាំង។ ធ្លាប់​រងរិះគន់​ថា បានចំណាយពេលវេលា នៅប្រទេស​អាល្លឺម៉ង់ ច្រើនជាង​ប្រទេស​ថៃ ក្នុង​ពេល​ប្រទេស​កំពុងជួបវិបត្តិ​កូវីដ ព្រះចៅ​វិជ្ជរ៉ាឡុងកន បាន​បង្ហាញ ព្រះភ័ក្រ កាន់តែ​ញឹកញាប់ ជាមួយ ព្រះមហេសី នៅចំពោះ មុខ មហាជនថៃ។

នៅ​ក្នុង​បាតុកម្ម កាលពី​ថ្ងៃ​សៅរ៍ ក្រុមបាតុករ បាន​នាំគ្នា លើកផ្ទាំង​ក្រណាត់ ស រុំស្រោប វិមានប្រជាធិបតេយ្យ។ នៅ​ពីលើ​ក្រណាត់ មាន​សរសេរ​អក្សរថា “អ្នកកំពុង​លួច​អនាគត​ភ្លឺថ្លា​របស់ខ្ញុំ” ឬ​ថា “ប្រជាធិបតេយ្យ​នឹងឈ្នះ”។ សម្រាប់​បាតុករ វាជាផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ​ដែល ត្រូវរួបរឹត​រួមតូច ចាប់តាំង​ពី​ប្រមុខយោធា ចូលដឹកនាំប្រទេស​ថៃ តាមរយៈ​រដ្ឋប្រហារ​នៅ ឆ្នាំ ២០១៤។

អាជ្ញាធរ​ថៃ បាន​ពង្រាយ​ប៉ូលិស ប្រមាណ ៨ពាន់​នាក់ សម្រាប់​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍។ គេមិនច្បាស់ថា តើ​បាតុករ​នឹង​ត្រលប់មក​ជួបជុំ ធ្វើ​បាតុកម្ម​សាជាថ្មី នៅ​ថ្ងៃ​អាទិត្យ​នេះទៀត​ដែរឬទេ។ កាលពី​ថ្ងៃ​អាទិត្យ​មុន ប៉ូលិស​បាន​ប្រើ​កាណុងបាញ់​ទឹក​ជាលើកទី ២ ដើម្បី បំបែក​ហ្វូងបាតុករ ដែល​បណ្តាល​មាន​រលកតវ៉ា និង​រិះគន់​យ៉ាងខ្លាំង​ពីសំណាក់​ក្រុមសកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មហាជនថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ