អានតួអត្ថបទ

អាស៊ាន និង​ប្រទេស ៥ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏ធំជាងគេ​ក្នុងលោក

ក្នុង​ជំនួបកំពូលអាស៊ានដែល​មាន​វៀតណាម​ជា​ម្ចាស់ផ្ទះ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ រួមជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ បាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ធំជាងគេ​ក្នុង​ពិភពលោក នៅថ្ងៃទី ១៥ វិច្ឆិកា ២០២០
ក្នុង​ជំនួបកំពូលអាស៊ានដែល​មាន​វៀតណាម​ជា​ម្ចាស់ផ្ទះ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ រួមជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ បាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ធំជាងគេ​ក្នុង​ពិភពលោក នៅថ្ងៃទី ១៥ វិច្ឆិកា ២០២០ AP
ដោយ៖ ឈាង បុប្ផា
៣៤ នាទី

ក្រោយចរចា​អស់​៨ឆ្នាំ ប្រទេស​ចំនួន​១៥ ក្នុង​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​ដ៏ធំ មួយ ដែល​ហៅកាត់ជា​ភាសា​អង់គ្លេស ថា « RCEP » (Regional Comprehensive Economic Partnership) នៅ​ថ្ងៃ​អាទិត្យ ទី ១៥​វិច្ឆិកា។ ប្រទេស​អាស៊ាន​ទាំង​១០ រួមជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ បាន​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង ជាផ្លូវការ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​វីដេអូ ដែល​មាន​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ផ្សាយពាណិជ្ជកម្ម

« RCEP »ជា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ដ៏ធំជាងគេ​នៅក្នុង​ពិភពលោក បើសិន​គេ​មើល​ទៅលើ​ទំហំសេដ្ឋកិច្ច និង​ប្រជាជន។ ផលិតផលសរុប​របស់ ប្រទេស​ហត្ថលេខី ទាំង ១៥ប្រទេស​បូកបញ្ចូល​គ្នា​ មាន​ទំហំ​ដល់​ទៅ ៣០% នៃ​ផលិតផលសរុប​ក្នុង​លោក។ ចំណែក​ចំនួន​ប្រជាជន​សរុប​ទាំង ១៥ប្រទេស​មាន​ប្រមាណ​ជា ២ពាន់​លាននាក់។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​សំដៅ បង្កើត​មហាតំបន់ដោះដូរ​សេដ្ឋកិច្ច រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​៥ផ្សេងទៀត គឺ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​នូវែលសេឡង់។

ជារួម កិច្ចព្រមព្រៀង« RCEP »​ មាន​គោលដៅសំខាន់ គឺ​កាត់បន្ថយ ការយកពន្ធគយ​រវាង​ប្រទេស​សមាជិក ការចាប់បើក​ពាណិជ្ជកម្ម​ផ្នែក​សេវា និង​ជំរុញ ការវិនិយោគ​ដើម្បី​ជួយ សេដ្ឋកិច្ច​របស់​ប្រទេស​ដែលកំពុង​អភិវឌ្ឍ​ឲ្យ​ដើរទាន់ ប្រទេស​ដទៃទៀត ក្នុង​ពិភពលោក។ គេ​រំពឹងថា កិច្ចព្រមព្រៀង « RCEP »​នឹងជួយ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា របស់​ក្រុមហ៊ុន​ដែល​ត្រូវ​នាំចេញ ផលិតផល ទៅ​លក់​នៅក្នុង​ទីផ្សារ​របស់​ប្រទេស​សមាជិក​របស់​« RCEP »។

គេ​អាច​និយាយបានថា អំណើះតទៅ នៅក្នុង​តំបន់​ដោះដូរ​សេរី ដែល​គេ​បង្កើតឡើង នៅ​ថ្ងៃ​ខាងមុខ ទៅតាម កិច្ចព្រមព្រៀង​RCEP  ក្រុមហ៊ុន​នាំចេញ នឹងលែង​ប្រឈម​ បញ្ហា​រដ្ឋបាល ឬ តម្លៃពន្ធខ្ពស់ ទៅតាម​ប្រទេស​នីមួយៗ ដូចមុនទៀត។

សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច ដោយ មាន​ប្រទេស​ចំនួន ១៥ តំណាង​ឲ្យ​៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក ក្នុង​ពិភពលោក ជាសមាជិក នោះ កិច្ចព្រមព្រៀង « RCEP »​ជា​ដំណាក់កាល​សំខាន់​ដើម្បី ជំរុញ សេរីភាព លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់។

នៅក្នុង​កាលៈទេសៈ ដែល​ពិភពលោក កំពុង​ជួបវិបត្តិកូវីដ កិច្ចព្រមព្រៀង « RCEP » សំខាន់ណាស់​សម្រាប់​ប្រទេស​នៅក្នុង​តំបន់ ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច សឹងគ្រប់គ្នា ដោយសារ​តែ ជំងឺកូវីដ។ ប្រទេស​សមាជិក​អាស៊ាន​ផ្ទាល់​តែម្តង ដូចជា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​មាន​សេដ្ឋកិច្ច​ដើរថយក្រោយ ជាលើកទី១ ក្នុង​២០ឆ្នាំ​ចុងក្រោយនេះ ដោយសារ​តែ​វិបត្តិកូវីដ សង្ឃឹម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី « RCEP »​នឹង​ជួយជំរុញ សេដ្ឋកិច្ច​ក្នុង​ស្រុក ឡើងវិញ។

កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏ធំ ជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ វា​នៅតែ​មិន​ពេញលេញ

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី « RCEP » មិន​ស៊ីជម្រៅ ដូច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ដែល​អាមេរិក ធ្លាប់ជ្រោមជ្រែង មុន​នឹង​ដកខ្លួន​ចេញ​នៅ ឆ្នាំ​២០១៧នោះទេ។ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អន្តរប៉ាស៊ីហ្វិក មាននិយាយ​ពី​វិស័យ​ពន្ធគយ គឺ​មាន​ការ​ធ្វើ​សមាហរណកម្ម​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ផ្សេងទៀត រួមមាន​ទាំង​វិធាន​ក្នុងការ​ការពារ​សិទ្ធិ​ពលករ បរិស្ថាន និង​ការការពារ​កម្មសិទ្ធិបញ្ញា។ ចំណែក កិច្ចព្រមព្រៀង​ RCEP ដែល​ជ្រោមជ្រែង​ដោយ​ប្រទេស​ចិន​វិញ ផ្តោត​សំខាន់​​តែ​ទៅលើ​វិស័យ​ពន្ធគយ និង​កម្មសិទ្ធិបញ្ញា ប៉ុន្តែ មិន​បាន​និយាយ​ពី វិធានការ ការពារ​សិទ្ធិ​ពលករ និង​បរិស្ថាន នោះទេ។

មួយវិញទៀត បើតាម​ អ្នកជំនាញ នយោបាយ​អាស៊ី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី « RCEP »​នឹង​បង្កើត​វិធាន ច្បាប់​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​តំបន់ ដែល​មាន​ចិន​នាំមុខគេ។

បញ្ហា​នៅត្រង់ថា កិច្ចព្រមព្រៀង RCEP នៅ​មិន​ទាន់​ពេញ​លក្ខណៈ និង ត្រឹមត្រូវ​ទាំងស្រុង ព្រោះថា ប្រទេស​ទាំង​១៥ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​នេះ មាន​ស្ថានភាព​នយោបាយ ការអភិវឌ្ឍ ខុស​ដាច់​គ្នា​ឆ្ងាយខ្លាំងពេក។ ម្យ៉ាងទៀត ប្រទេស​នីមួយៗ គឺ​គិត​ផ្តោត​ខ្លាំង​តែ​ទៅលើ​បញ្ហាអាទិភាព​ក្នុង​ស្រុក។

គេ​អាច​និយាយ​បាន​ប្រទេស ដែល​ពូកែ​ខាង​នាំចេញ ផលិតផល នឹង​បាន​ផលចំណេញ ពីកិច្ចព្រមព្រៀង លើកនេះ ចំណែក​ប្រទេស​ដែល​មាន​រចនា​សម្ព័ន្ធមិនទាន់​ជឿនលឿន មិនទាន់​អាច​ប្រកួតប្រជែង​នឹងគេ ហើយ​ចាំ​តែ​នាំចូល​ផលិតផល​ពីបរទេស គឺងាយ​រងគ្រោះ ច្រើន​ជាង​ទទួល​បាន​ប្រយោជន៍។ រងគ្រោះ ព្រោះថា លំហូរ​ទំនិញ​បរទេស នឹង​អាច​សម្លាប់​ក្រុមហ៊ុន អាជីវករ​របស់​ប្រទេស​មួយ​ដែល​មាន​រចនាសម្ព័ន្ធ មិនទាន់រឹងមាំ ទន់ខ្សោយជាងគេ។

ឥណ្ឌា​ផ្ទាល់ បាន​ប្រកាស​ដកខ្លួន​ចេញពីការចរចា បង្កើត​កិច្ចព្រមព្រៀង RCEP តាំង​ពី​ចុងឆ្នាំ ២០១៩ ដោយ​សារតែ​ឥណ្ឌា​បារម្ភ​ខ្លាច​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម វាយនភណ្ឌ កសិកម្ម ក្នុងស្រុក​របស់​ឥណ្ឌា ត្រូវ​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការហូរចូល​នៃ​ទំនិញ​របស់​ចិន។

តើកិច្ចព្រមព្រៀង​RCEP ​មាន​ន័យ​យ៉ាងណា​សម្រាប់​អាមេរិក?

កិច្ចព្រមព្រៀង ដែល​កើតចេញមក​ពីការជ្រោមជ្រែង​របស់​ចិន នៅចំពោះមុខ​អវត្តមាន​របស់​អាមេរិក ដែល​ជាគូប្រជែង នៅក្នុង​តំបន់យ៉ាងដូច្នេះ ​នឹង​ជួយ​ពង្រឹង ភូមិសាស្រ្ត​នយោបាយ​របស់​ចិន ​នៅ​អាស៊ី ប៉ាស៊ីហ្វិក ជាពិសេស​នៅពេល​ចិន កំពុង​ពង្រីក​មហិច្ឆតា​សេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់ខ្លួន នៅក្នុងតំបន់។

គេ​ធ្លាប់​គិតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី « RCEP » នឹង​អាច​ជួយជំរុញ ឲ្យ​អាមេរិក ក្រោម​រដ្ឋបាល​ថ្មី របស់​លោក​ចូ បៃដិន ត្រលប់​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិកឡើងវិញ បន្ទាប់​ពី​ដូណាល់ ត្រាំ បាន​ដកអាមេរិក​នៅ​ឆ្នាំ ២០១៧។ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ ដែល​អាមេរិក​កំពុងជួប​វិបត្តិសេដ្ឋកិច្ច​ក្នុង​ស្រុក ដោយសារ​តែ​វិបត្ត​កូវីដ យ៉ាងដូច្នេះ អនាគតប្រធានាធិបតី​ថ្មី​របស់​អាមេរិក គឺ​លោក ចូ បៃដិន ប្រហែល​ជាត្រូវ​ផ្តោតអាទិភាព​ទៅលើ​បញ្ហា​កូវីដ និង​សេដ្ឋកិច្ច​ក្នុងស្រុក ដោយ​មិនទាន់​ងាក​មក​ចាប់អារម្មណ៍​ភ្លាមៗ បញ្ហា​នៅ​អាស៊ី​នោះទេ។

ម្យ៉ាងទៀត បើទោះជា​អាមេរិក​បាន​ធូរស្រាល​នឹង​បញ្ហា​កូវីដ រដ្ឋបាល​លោកចូ បៃដិន​ក៏​នឹង​មិនសង្ឃឹម​ត្រលប់​មក​ចូល​ក្នុង​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក ដោយ​គ្មានការប្រុងប្រយ័ត្នដែរ ព្រោះថា អាមេរិក​ធ្លាប់​និយាយ​ហើយ​ថា កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក គំរាមកំហែង​ការងារ​របស់​ប្រជាជន​អាមេរិក  ដែល​ត្រូវ​បាត់បង់ ការងារ ទៅ​ឲ្យ​ប្រជាជន​នៅ​តំបន់​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ