អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​បើកការស៊ើបអង្កេត​ ក្រោយ​មាន​​បុគ្គលិក​​ក្រុមហ៊ុន​​ចំណី​អាហារកក​​នាំចូល​​​​ពីបរទេស ឆ្លងកូវីដ​​២នាក់

អតិថិជនម្នាក់ ឈរមុខទូរទំនិញចំណី​អាហារកក នៅផ្សារ​ទំនើប JD's 7Fresh supermarket ទីក្រុងប៉េកាំង ថ្ងៃទី​១១ វិច្ឆិកា ២០២០
អតិថិជនម្នាក់ ឈរមុខទូរទំនិញចំណី​អាហារកក នៅផ្សារ​ទំនើប JD's 7Fresh supermarket ទីក្រុងប៉េកាំង ថ្ងៃទី​១១ វិច្ឆិកា ២០២០ REUTERS - THOMAS PETER
ដោយ៖ ម៉ម ពិសី
១៧ នាទី

អាជ្ញាធរសុខាភិបាលចិន បានរកឃើញ​មនុស្ស២នាក់ មានផ្ទុកកូវីដ១៩ នៅឯកំពង់ផែ​ក្រុងធានជីន ដែលជាបុគ្គលិក ក្រុមហ៊ុនចំណីអាហារកក។ តាមការសង្ស័យ មនុស្ស​២នាក់នោះ បានប៉ះពាល់ ជាមួយទំនិញ​ចំណីអាហារកក ដែលនាំចូលពីបរទេស។ នេះមិនមែនជាលើកទីមួយ​ទេ ដែលអាជ្ញាធរចិន បានផ្តោតការសង្ស័យ ថា​នៅលើ​សំបក​វិចខ្ចប់នៃចំណីអាហារកក នាំចូលពីបរទេស អាចមានជាប់ដោយ​មេរោគកូវីដ១៩ ហើយ​បានមកចម្លង​​ប្រជាជនចិន។

ផ្សាយពាណិជ្ជកម្ម

ករណីមនុស្ស​២នាក់ ឆ្លងកូវីដ​១៩ នៅកំពង់ផែក្រុងធានជីន កំពុង​តែ​ធ្វើឲ្យ​អាជ្ញាធរចិន ផ្តោត​ការយកចិត្ត​ទុកដា​ក់​ជា​ខ្លាំង ដោយ​សារ​មនុស្សទាំងពីរនាក់នោះ សុទ្ធតែបានប៉ះពាល់ដោយផ្ទាល់ ជាមួយ​ទំនិញចំណីអាហារក ដែលនាំចូល​ពីបរទេស​។ ក្រោយ​​ការសង្ស័យនេះ អាជ្ញាធរសុខាភិបាល​ចិន សហការជាមួយ​អាជ្ញាធរគយ បាន​បើកប្រតិបត្តិការ​ធំមួយ ដើម្បី​ស្រាវជ្រាវពិនិត្យ​ ស្វែងរក​សំណាក​មេរោគកូរ៉ូណាវីរុសថ្មី (SARS-Cov-2) ដែលអាចនៅជាប់ពីលើ​សំបកវិចខ្ចប់ និង​នៅក្នុង​​ចំណី​អាហារកក នាំចូលពីបរទេស។

កាលពីថ្ងៃសុក្រ ទី​១៣វិច្ឆិកា នៅទីក្រុងវូហាន អាជ្ញាធរចិនបានអះអាងថា គេបានរកឃើញ​មានមេរោគកូរ៉ូណាវីរុសថ្មី នៅជាប់​ពីលើ​សាច់គោកក ដែលនាំចូលពីប្រទេសប្រេស៊ីល។ នៅសប្តាហ៍មុនដែរ អាជ្ញាធរ​ចិននៅតំបន់៤ផ្សេងទៀត បាន​អះអាងថា គេបានរកឃើញ មានមេរោគ​កូរ៉ូណាវីរុសថ្មី នៅជាប់ក្នុង​ចំណីអាហារកក នាំចូលពីប្រទេសមួយចំនួន​ ដែលមានជាអាទិ៍ សាច់ជ្រូកកក​នាំចូលពី​​ប្រទេសអាហ្សង់ទីន និងត្រីកក​នាំចូលពីប្រទេសឥណ្ឌា។

គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន អាជ្ញាធរចិនបានយកគំរូទំនិញចំណីអាហារកកនាំចូល ចំនួន៨សែន​គំរូ យក​ទៅពិនិត្យ​​ ដើម្បីរកមើល ក្រែងមាន​មេរោគកូរ៉ូណាវីរុសថ្មី។ ជាមួយគ្នានេះដែរ អាជ្ញាធរចិន​បាន​​បញ្ជាក់ថា គេបានធ្វើការព្យួរអាជ្ញាបណ្ណនាំចូល របស់ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញកក​ពីបរទេស ចំនួន​៩៩ក្រុមហ៊ុន។

គួររំលឹកថា អាជ្ញាធរចិន បានចាប់ផ្តើមសង្ស័យតាំងតែពីខែមិថុនាម្លេះ រឿងឆ្លងកូវីដ​១៩ តាមរយៈទំនិញចំណីអាហារនាំចូលនេះ បន្ទាប់ពីគេបានរកឃើញ សំណាកមេរោគកូរ៉ូណាវីរុសថ្មី នៅជាប់​នឹង​សម្ភារៈសំអាត និងកាត់សាច់ត្រីសូម៉ុងនាំចូល នៅក្នុងផ្សារធំមួយ​នៅទីក្រុងប៉េកាំង។ តែយ៉ាងណា អង្គការសុខភាពពិភពលោក បានអះអាងថា រហូតមកទល់ពេលនេះ ពុំមាន​ភស្តុតាង​ណាមួយ បញ្ជាក់ថាជម្ងឺកូវីដ១៩ អាចចម្លងបាន តាមរយៈចំបកវិចខ្ចប់ចំណីអាហារទេ។ ដោយឡែក លោក Paul Tambyah វេជ្ជបណ្ឌិតជំនាញមេរោគឆ្លង នៅសកលវិទ្យាល័យជាតិសឹង្ហបុរី បានលើកឡើងថា វាអាចទៅរួច ដែលថាជម្ងឺកូវីដ១៩​អាច​ចម្លងបាន តាមរយៈចំណីអាហារកក គ្រាន់តែថា​ មិនទាន់មានការស្រាវជ្រាវ​បញ្ជាក់ ឲ្យ​បានល្អិត​ល្អន់​​តែ​ប៉ុណ្ណោះ។

គួរកត់សំគាល់ផងដែរថា រដ្ឋាភិបាលចិនបានលើកឡើងជាញឹកញាប់ថា ថ្វីបើការពិត​ មេរោគកូរ៉ូណាវីរុសថ្មី​ ត្រូវបានគេប្រទះឃើញដំបូងបង្អស់​នៅ​ទីក្រុង​វូហានប្រទេសចិនមែន ក៏ប៉ុន្តែវា​អាចដែរ ដែលថាមេរោគនេះ មានប្រភព​នៅបរទេស ហើយ​ចូលមកចិនតាមរយៈទំនិញ ឬតាមរយៈមនុស្ស។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ​អង្គការសុខភាព​ពិភពលោកបញ្ជាក់ថា អ្នកជំនាញ​របស់ខ្លួន​ កំពុង​តែ​ស៊ើបអង្កេត ដើម្បីព្យាយាមស្វែងយល់​ថា​ មេរោគនេះមាន​ប្រភពមកពីអ្វី ហើយ​ពីទីកន្លែង​ណា​ឲ្យ​​ពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ