អានតួអត្ថបទ

អព្យាក្រឹតកាបោន៖ ការសិក្សា​បង្ហាញ​ថា ចិន​ធ្វើ​នយោបាយ​ផ្ទុយ​ពី​ការសន្យា

រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម នៅខេត្ត Shanxi ប្រទេស​ចិន
រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម នៅខេត្ត Shanxi ប្រទេស​ចិន AP - Olivia Zhang
ដោយ៖ ឈាង បុប្ផា
២០ នាទី

នៅក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែ​កញ្ញា​កន្លងទៅ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​បង្កើតភាពភ្ញាក់ផ្អើល​ជាទូទៅ​មួយ ដោយបាន​ប្រកាស​សន្យា ថា ចិន​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ដើម្បី សម្រេច​ឲ្យ​បាន អព្យាក្រឹត​កាបោន ឬ ហ្សេរ៉ូកាបោន នៅឆ្នាំ ២០៦០។ ប៉ុន្តែ ការសិក្សា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្តីពីថាមពល​និង​ខ្យល់អាកាស បាន​បង្ហាញថា គម្រោង​ផែនការរបស់ចិន ដើម្បី ​សាងសង់​បន្ថែម រោងចក្រ ថ្មី ដើរដោយ​ថាមពល​បាន​មកពីធ្យូងថ្ម នឹង​មិនអាច​ធ្វើ​ឲ្យ​ចិន សម្រេច​បាន​តាមគោលដៅ ដូចដែលលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ធ្លាប់​ប្រកាស​នោះទេ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការសិក្សា ចុះផ្សាយ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្តីពី​ថាមពល និង​ខ្យល់អាកាស ដែលមាន​ទីស្នាក់ការ នៅ​ទីក្រុង​ហែលសាំងគី ប្រទេស​ហ្វាំងឡង់ បាន​បង្ហាញ​ពី​ចរន្ត​ពីរ ដើរបញ្ច្រាសទិស គ្នា នៅ​ប្រទេស​ចិន។ នោះគឺ​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង ធ្លាប់​បាន​សន្យា សម្រេច​គោលដៅ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បាន​មុន​ឆ្នាំ ២០៣០ ហើយ​និង​អព្យាក្រឹត​កាបោន ឬ ហ្សេរ៉ូ កាបោន ឲ្យ​បាន​នៅឆ្នាំ ២០៦០។

ប៉ុន្តែ នៅក្នុង​នយោបាយ​ជាក់ស្តែង ចិន​នៅ​តែ​បង្កើតគម្រោង​សាងសង់​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញឧស្ម័នកាបូនិក ដ៏ក្រាសក្រែល។ តាម​ការសិក្សា របស់​មជ្ឈមណ្ឌល ស្រាវជ្រាវ ថាមពល និង​ខ្យល់អាកាស របស់​ហ្វាំងឡង់ ក្រុមហ៊ុន​ក្នុង​ស្រុកចិន​ជាច្រើន កំពុង​បញ្ចុះបញ្ចូល ឲ្យ​គេ​សាងសង់​រោងចក្រ អគ្គិសនី ដើរដោយ​ថាមពលធ្យូងថ្ម ប្រមាណ ២០០​បន្ថែមទៀត ពីពេលនេះ ដល់​ឆ្នាំ ២០២៥ ដើម្បី ផលិត ភ្លើងអគ្គិសនី ឲ្យ​បាន​គ្រប់ ១៣០០​ជីហ្កាវ៉ាត់ ដូច​ដែល​ប្រទេស​ចិន កំណត់​ចង់​បាន សម្រាប់​តម្រូវការ​ក្នុង​ស្រុក។

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters ចិន​ដែល​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ក្នុង​ពិភពលោក ​(ប្រមាណ ២៩%)​បាន​វិនិយោគច្រើន​ទៅលើ​ថាមពល​កកើតឡើង​វិញ ដូចជា​កង្ហារខ្យល់ ផ្ទាំង​ស្រូបកំដៅព្រះអាទិត្យ ប៉ុន្តែ ជាមួយគ្នានោះ ចិន​ក៏​សាងសង់​កាន់តែច្រើន​ណាស់ដែរ រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពលធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើន​ជាងគេ។ ចិន​ត្រូវការ​ថាមពល​អគ្គិសនី សម្រាប់ឆ្លើយតប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចិន​គ្រោងនឹង​បង្កើតឡើង ដើម្បីជួយជំរុញ​សេដ្ឋកិច្ច​នៅក្រោយជំងឺកូវីដ។​

ដើម្បី​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យ​បានមុន ឆ្នាំ ២០៣០ តាមការសន្យា របស់លោកប្រធានាធិបតី​ស៊ី ជីនពីង ចិន ត្រូវ​កាត់បន្ថយ​ភ្លើងអគ្គិសនី បានមក​ពី ប្រភព​ធ្យូងថ្ម ប្រមាណ​ពាក់កណ្តាល ពី​១៣០០ មកនៅត្រឹម ៦៨០ជីហ្កាវ៉ាត់ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ ដើម្បី​ផលិត​អគ្គិសនី តែត្រឹម ៦៨០ជីហ្កាវ៉ាត់ គេ​មិនចាំបាច់ ត្រូវការ​សាងសង់​រោងចក្រ​ថ្មីៗ បន្ថែមទៀត​នោះទេ។

ប្រទេស​ចិន​ត្រូវ​ឈប់​ជា​បន្ទាន់ ការសាងសង់​រោងចក្រ​អគ្គិសនីថ្មី ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ហើយ​ព្រម​ជាមួយគ្នានោះ ចិន​ត្រូវ​បង្កើន​ទ្វេដង ប្រភព​ថាមពល​កកើតថ្មី ដូចជា កង្ហារយក្ស និង​ផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ ក្នុង​រយៈពេល ១០ឆ្នាំ​ទៅមុខ។ សម្រាប់​អ្នកជំនាញ អគ្គិសនី ទៅ​ថ្ងៃ​មុខ​របស់​ចិន គួរតែ​ផលិតបាន​មកពី​ប្រភពថាមពល​ដែល​មិនបញ្ចេញ​ឧស្ម័នការបូនិក ដូចជាធ្យូងថ្ម។ បើសិន​រោងចក្រ​អគ្គិសនី​របស់​ចិន ​បញ្ចេញ​ឧស្ម័នកាបូនិក តិចតួច ហើយ​ចិន​មាន​សមត្ថភាព ស្រូប​យក​ឧស្ម័នកាបូន​ពី​បរិយាកាស នៅ​ក្នុង​បរិមាណ​ស្មើ​នឹង​ឧស្ម័ន ដែល​ចិន​បញ្ចេញ នោះចិន​នឹង​អាច​សម្រេច​បានគោលដៅ គឺ “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោននៅ​ឆ្នាំ ២០៦០។ ប៉ុន្តែ ប្រសិន​បើចិន ចាត់វិធានការ​មិនត្រឹមត្រូវ អ្នកស្រាវជ្រាវ​វាយតម្លៃថា ចិននឹង​មិនអាច​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​ទាល់តែសោះ នៅ ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដែលនឹង​ធ្វើ​ឲ្យ​ការសន្យា​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង​ក្លាយជា​ការសន្យាខ្យល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ