អានតួអត្ថបទ

ថៃ៖ កូនសិស្ស​វិទ្យាល័យ ​រាប់ពាន់នាក់​ ចេញមុខ​​ទាមទារ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​

​ពួក​ក្មេង​វិទ្យាល័យ​ តវ៉ាជំរុញ​​ឱ្យ​ទម្លាក់​រដ្ឋមន្ត្រី​អប់រំ, ធ្វើ​កំណែទម្រង់កម្មវិធី​សិក្សា​ ហើយនិង​លុប​ចោល​វិន័​យ​​សាលា​ដែល​គ្មាន​ប្រយោជន៍​ចោល។
​ពួក​ក្មេង​វិទ្យាល័យ​ តវ៉ាជំរុញ​​ឱ្យ​ទម្លាក់​រដ្ឋមន្ត្រី​អប់រំ, ធ្វើ​កំណែទម្រង់កម្មវិធី​សិក្សា​ ហើយនិង​លុប​ចោល​វិន័​យ​​សាលា​ដែល​គ្មាន​ប្រយោជន៍​ចោល។ AP - Sakchai Lalit
ដោយ៖ ហេង ឧត្តម
១៥ នាទី

ថ្ងៃ​សៅរ៍  នៅក្រុង​បាំងកក កូន​សិស្ស​ថៃ រៀន​ថ្នាក់​វិទ្យាល័យ​ រាប់​រយ​ពាន់នាក់ បាន​ចុះ​ផ្លូវ​តវ៉ា​ ដូច​ក្រុម​និស្សិត​រៀម​ច្បង​របស់ពួក​គេ​ដែរ​។ ប៉ុន្តែ អ្វីដែល​កូន​សិស្ស​វិទ្យាល័យ​ទាមទារ គឺ​លើសខុសប្លែក​​និស្សិត​ធំបន្តិច គឺ​ពួក​ក្មេង​វិទ្យាល័យ​ តវ៉ាជំរុញ​​ឱ្យ​ទម្លាក់​រដ្ឋមន្ត្រី​អប់រំ, ធ្វើ​កំណែទម្រង់កម្មវិធី​សិក្សា​ ហើយនិង​លុប​ចោល​វិន័​យ​​សាលា​ដែល​គ្មាន​ប្រយោជន៍​ចោល។

ផ្សាយពាណិជ្ជកម្ម

ក្រុម​សិស្ស​វិទ្យាល័​យ​នេះ ភាគច្រើន​ជាក្មេងៗជំទង់ អាយុ​១៤- ១៥-១៦ឆ្នាំ។ ពួក​គេ​ដាក់​ឈ្មោះ​ឱ្យ​ចលនា​របស់​ខ្លួន​ថា "Bad Students"​ សិស្សអាក្រក់។ ការ​ដាក់​ឈ្មោះ​ចលនា​ដូច្នេះ គឺ​ចង់​ចំអក​ឱ្យ​ប្រព័ន្ធអប់រំ ​និង រដ្ឋអំណាច​។ ក្មេងៗ​ទាំងនេះ ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​​សិក្សាធិការជាតិ ចុះ​ពី​តំណែង ហើយ​ត្រូវ​លុប​ចោល​វិន័យ​តឹងតែង​ខ្លះ ដែល​មិន​ចាំបាច់​ ដូច​ជារឿង​ឯកសណ្ឋាន​សិស្ស​ជាដើម។

ប៉ុង អាយុ​១៥ និយាយ​ប្រាប់​អ្នក​កាសែត​AFP ថា ​សាលា​​រៀន​ តម្រូវ​ឱ្យ​ស្លៀក​ពាក់​បែបនោះ ឬបែប​នោះ​ ហើយប្រាប់​ឱ្យ​ធ្វើ​នោះ កុំ​ធ្វើ​នោះ ដោយ​​គ្មាន​​ពន្យល់​ថា ហេតុអ្វី​ត្រូវ​ធ្វើ​ដូច្នេះ​នោះទេ​?​ វិន័យ​សាលា​រាប់​ទសវត្សរ៍​មកហើយ ដាក់កំហិត​ថា កូនសិស្ស​ស្រី​ត្រូវ​ចង​បួង​សក់ ចំណែក​សិស្សប្រុស​ត្រូវកាត់​សក់ខ្លី ជាដើម​ ដែល​ ពួក​គេ​យល់ថា មិន​ចាំបាច់ទេ​ ឬ​ហួស​សម័យ​។​

មួយ​វិញទៀត កូន​សិស្ស​វិទ្យាល័​យ​ខ្លះទៀត ទាមទារ​សិទ្ធ​​ស្មើភាព​គ្នា  សិទ្ធនិយាយស្តី​ ហើយ​សិទ្ធ​ធ្វើ​ជា​ខ្លួន​ឯង​។ ​ក្មេង​ប្រុស​ជំទង់​ ច័​ន្ទ អាយុ​១៦ ដែល​ហាក់​មាន​ទំនោរស្រឡាញ់​ភេទ​ដូចគ្នា​ បាន​បង្ហើប​ថា រូប​គេ​ត្រូវ​រង​ការ​រើសអើង​ នៅសាលា​រៀន​ ហើយ​សូម្បីតែ​«ពួក​​គ្រូៗ ក៏​​បង្អាប់ជាញឹកញយ​​ថា​ រូប​គេ​មាន​ចរិត​ញីៗ»។​

បន្ថែម​ពីនេះ ក្មេង​វិទ្យាល័យ​ក្រុម​ "Bad Students"  ទាមទារ​​ឱ្យ​កែសៀវភៅ​កម្មវិធី​សិក្សា​ ដែល​សរសេរ​តម្កើងតែ​ប្រវត្តិ​វិរភាព​របស់​ព្រះមហាក្សត្រ ប៉ុន្តែ​បែរជា​មិន​សូវ​និយាយ​ពី​វិបត្តិ​នយោបាយ និង​ការ​សម្លាប់​បង្ក្រាប​ចល​នា​សិស្សនិស្សិត​ នៅឆ្នាំ​១៩៧០ គឺ​មិន​និយាយ​ទេ។

ពួកសិស្ស​វិទ្យាល័យ​ ​ចេញមុខមក​ធ្វើ​បាតុកម្ម​ ក៏​ដើម្បី​បង្ហាញ​ការ​គាំទ្រចលនា​​បាតុកម្ម ​របស់​ក្រុម​និស្សិត​និង​បញ្ញវន្ត​ដែរ។​ បាតុកម្ម​តាំងពីខែ​សីហា គឺ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រថៃ ប្រាយុទ្ធ ចាន់អូចារ ចុះ​ពី​តំណែង ហើយ​ត្រូវ​កែ​ទម្រង់​រដ្ឋាភិបាល កែទម្រង់​របប​រាជានិយម។​

ច្រើន​ខែហើយ ព្រះ​មហាក្សត្រ​ថៃ ហ្លួង​ Maha Vajiralongkorn  ​ទ្រង់​គង់​នៅ​ស្រុក​អាល្លឺម៉ង​។ តែ​អ្នក​តំណាង​រាស្ត្រ​អាល្លឺម៉ង់​ម្នាក់ ឈ្មោះ  Nils Schmidt មកពីបក្ស​សង្គម​ប្រជាធិបតេយ្យ​ បាន​ថ្លែងគំរាម ​​ជាសារធារណៈ​តាម​ទូរទស្សន៍​ ARD ថា ប្រសិន​បើ​រដ្ឋអំណាច​ថៃ​ បង្ក្រាប​បង្ហូរ​ឈាម​បាតុករថៃ ឬបណ្តាល​ឱ្យ​ស្លាប់​មនុស្សនោះ លោក​មិន​គិតថា​ ស្តេច​ថៃ​អាចបន្ត​​គង់​នៅ​អាល្លឺម៉ង់ បាន​ទៀតឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ