អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ទីក្រុងកាប៊ូលបានរងការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់

នៅអាហ្វហ្កានីស្ថាន ទីក្រុងកាប៊ូលបានរងការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ថ្ងៃទី២១ វិច្ឆិកា ២០២០
នៅអាហ្វហ្កានីស្ថាន ទីក្រុងកាប៊ូលបានរងការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ថ្ងៃទី២១ វិច្ឆិកា ២០២០ AP - Mariam Zuhaib
១៧ នាទី

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក្រុង​កាប៊ូល​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់រ៉ូកែត​ជា​ច្រើន​គ្រាប់​នា​ព្រឹក​ថ្ងៃ​សៅរិ៍ ទី២១ វិច្ឆិកា។ តុល្យការ​បណ្តោះអាសន្ន​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៨នាក់ និង​របួស​ចំនួន ៣១នាក់​ក្នុង​ចំណោម​ជនស៊ីវិល។ ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ចោទ​ពួក​ឧទ្ទាម​តាលីបង់។ តែ​ពួក​នេះ​បាន​ចេញ​មុខ​បដិសេធ។ យ៉ាង​ណា​ក៏​ដោយ ព្រឹត្តិការណ៍​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ប្រមុខ​ការទូតអាមេរិក​លោក​ប៉ុមប៉េអូ​ទទួល​ជួប​ក្រុម​អ្នក​ចរចា​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុង​ប្រទេស​កាតា។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ៨ និង ៤០នាទី​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ក្រុម​ភេរវជន​បាន​បាញ់​គ្រាប់រ៉ូកែត​ចំនួន ២៣គ្រាប់​នៅ​ក្បែរ​តំបន់​បៃតង​ដែល​ជា​ទីតាំង​របស់​ស្ថានទូត និង​ក្រុមហ៊ុន​បរទេស​ក្នុង​ទីក្រុង​កាប៊ូល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក Tariq Arian។ ឥទ្ធិពល​របស់​គ្រាប់រ៉ូកែត​បាន​បន្លឺ​សំឡេង​ស៊ីរ៉ែន​នៅ​តាម​អាគារ​ស្ថានទូត និង​ក្រុមហ៊ុន​បរទេស។ ក្នុង​ចំណោម​គ្រាប់រ៉ូកែត​ទាំង ២៣គ្រាប់ មាន​មួយ​គ្រាប់​បាន​ធ្លាក់​ទៅ​លើ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Sana ដែល​ជា​មន្ទីរពេទ្យ​មួយ​ស្ថិត​ក្នុង​ទីក្រុង​កាប៊ូល។ គិលានុបដ្ឋាយិកា​ម្នាក់​បាន​រៀបរាប់​ពី​ការ​ប្រេះស្រាំបង្អូច​កញ្ចក់ និង​ខូចខាត​ជញ្ជាំង​មន្ទីរពេទ្យ​ដោយ​ឥទ្ធិពល​របស់​គ្រាប់រ៉ូកែត។

ស្ថានទូត​អ៊ីរ៉ង់​បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​បណ្តាញសង្គម Twitter ថា អាគារ​ស្ថានទូត​បាន​រង​គ្រាប់រ៉ូកែត តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ទេ។ ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ប្រចាំ​ក្រុង​កាប៊ូល​លោក Ross Wilson បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​នោះ។ ខណៈ​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​ចេញ​មុខ​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន​ឡើយ។ ចំណែក​អ្នក​ទទួល​ខុស​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ពួក​ឧទ្ទាម​តាលីបង់។ តែ​អ្នក​នាំ​ពាក្យ​ពួក​ឧទ្ទាម​តាលីបង់​បាន​ចេញ​មុខ​បដិសេធ និង​បន្ថែម​ថា ពួក​ឧទ្ទាម​មិន​បាញ់​ដោយ​ងងឹតងងុល​ទៅ​លើ​ទីកន្លែង​សាធារណៈ​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​វាយប្រហារ​ជា​ថ្មី​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​ទទួល​ជួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុម​អ្នកចរចា​តាលីបង់ និង​ក្រុម​អ្នកចរចា​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុង​ប្រទេស​កាតា​នា​ថ្ងៃ​សៅរិ៍ ទី២១ វិច្ឆិកា។ គួរ​រម្លឹក​ថា ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយ​ពួក​តាលីបង់​មក ក្រុម​អ្នកចរចា​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ផ្តើម​ចរចា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កាតា​តាំង​ពី​ខែ​កញ្ញា។ តែ​កិច្ចចរចា​ហាក់​មិន​បាន​ចម្រើន​ទៅ​មុខ​សោះ។

ទន្ទឹម​គ្នា​នេះ រលក​នៃ​អំពើហិង្សា​បែរ​ជា​កំពុង​បន្ត​កើត​មាន​ជា​ញឹកញាប់។ មួយ​វិញ​ទៀត ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ទើប​បាន​សម្រេច​ក្នុង​ថ្ងៃ​អង្គារ ទី១៧ វិច្ឆិកា​ពី​ការ​ដក​ទាហានអាមេរិក​ប្រមាណ​ជា ២ ០០០នាក់​ចេញ​ពី​អាហ្វហ្កានីស្ថាន​ពី​ពេល​នេះ​ទៅ​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ