អានតួអត្ថបទ
ម៉ាឡេស៊ី-APEC

APEC៖លោកស៊ី ជីនពីងចង់បញ្ជូលចិនទៅក្នុងកិច្ចព្រមព្រៀងដោះដូរសេរីអន្តរប៉ាស៊ីហ្វិក

រូបភាពនៃជំនួបកំពូល APEC តាមអនឡាញដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី២០ វិច្ឆិកា ២០២០
រូបភាពនៃជំនួបកំពូល APEC តាមអនឡាញដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី២០ វិច្ឆិកា ២០២០ AP - Vincent Thian
១៦ នាទី

ថ្ងៃ​សុក្រ ទី២០ វិច្ចិកា​ជា​ថ្ងៃ​ទី២ នៃ​ជំនួបកំពូល APEC តាម​អនឡាញ​ដែល​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ថ្លែង​នា​ឱកាស​នោះ​ថា ប្រទេស​ចិន​នឹង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​ទូលំទូលាយ និង​រីកចម្រើន​ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស CPTPP។ មហិច្ឆិតា​ថ្មី​របស់​លោក​ស៊ី ជីនពីង​បាន​ធ្វើ​ឡើង ក្រោយ​ពី​ចិន​ទើប​បាន​ចុះ​ហត្ថលេខា​លើ​មហា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ហៅកាត់ « RCEP » ជាមួយ ១៤ប្រទេស។ កំណត់សម្គាល់​មួយ​ទៀត​នៅ​ក្នុង​ជំនួបកំពូល APEC ថ្ងៃទី២ គឺ​ការ​ចូលរួម​របស់​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​មិន​បាន​ចូលរួម​ជំនួបកំពូល APEC តាំង​ពី​ឆ្នាំ ២០១៧។

ផ្សាយពាណិជ្ជកម្ម

CPTPPដែល​ប្រធានាធិបតី​ចិន​ចង់​ចូលរួម​ពេល​នេះ គឺ​ជា​ឈ្មោះ​កិច្ចព្រមព្រៀង​ថ្មី​ដែល​ធ្វើ​បច្ចុប្បន្នភាព​ចេញ​ពី​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស TPP។ ពី​ដំបូង​ឡើយ TPP ដែល​មាន​សមាជិក ១២ប្រទេស ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​ចំនួន ៤ គឺ​វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ព្រុយណេ ជា​គំនិត​ផ្តួចផ្តើម​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​អាស៊ី។ តែ​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​បច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី TPP វិញ​ក្នុង​ឆ្នាំ ២០១៧។ ទីបំផុត CPTPPបាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​សមាជិក​នៅ​សល់​ទាំង ១១ប្រទេស​ដោយ​គ្មាន​សហរដ្ឋអាមេរិក។

គឺ​ចំ​ពេល​អវត្តមាន​សហរដ្ឋអាមេរិក​នៅ​ក្នុង CPTPP ដែល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ចង់​ផ្តើម​គិតគូរ​បញ្ចូល​ចិន​ទៅ​ក្នុង CPTPP។ ថ្លែង​នា​ឱកាស​ជំនួបកំពូល APEC ក្នុង​ថ្ងៃ​សុក្រ ទី២០ វិច្ឆិកា លោក​ស៊ី​បាន​អំពាវនាវ​ឲ្យ​សមាជិក CPTPP ទាំង​អស់​បន្ត​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ និងបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីអាស៊ីប៉ាស៊ីហ្វិក។ លោក​ស៊ី​បាន​ថ្លែង​ធានា​ថា ចិន​នឹង​ពិចារណា​ចូលរួម​យ៉ាង​សកម្ម​ជាមួយ CPTPP។ មហិច្ឆិតា​របស់​លោក​ស៊ី ជីនពីង​ចង់​ចូលរួម​ជាមួយ CPTPP ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​ចិន​បាន​ចុះ​ហត្ថលេខា​លើ​មហា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ហៅកាត់ « RCEP » ជាមួយ ១៤ប្រទេស។

« RCEP » គឺ​ជា​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ធំ​ជាង​គេ​ក្នុង​លោក ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាជន​ជាង ២ ០០០លាននាក់ និង​មាន​ទំហំ​ផលិតផលសរុប​ដល់​ទៅ ៣០% នៃ​ផលិតផលសរុប​ក្នុង​លោក។ លោកស្រី Deborah Elms អ្នកជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​យល់​ឃើញ​ថា បើ​ចិន​ចូល​ជា​សមាជិក CPTPP ប្រទេស​ផ្សេង​ទៀត​អាច​នឹង​ធ្វើ​តាម​ចិន​ដែរ។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​ប្រទេស​សមាជិក CPTPP នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន បើ​ចិន​ក្លាយ​ជា​សមាជិក​របស់ CPTPP នៅ​ថ្ងៃ​ណា​មួយ សហរដ្ឋអាមេរិក​បាត់បង់​ទាំង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី « RCEP » និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​ទូលំទូលាយ និង​រីកចម្រើន« CPTPP »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ