អានតួអត្ថបទ

បារាំង៖ ច្បាប់ស្តីពី​សន្តិសុខ បង្កការ​​ខឹងសម្បា​និង​ផ្ទុះ​បាតុកម្ម​នៅ​ច្រើន​កន្លែង​

បាតុកម្ម ​នៅ​តាម​ទីក្រុង​ធំ​ៗ​ជាច្រើន​  ​ដើម្បីសម្តែង​មតិ​​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្តិសុខ។
បាតុកម្ម ​នៅ​តាម​ទីក្រុង​ធំ​ៗ​ជាច្រើន​  ​ដើម្បីសម្តែង​មតិ​​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្តិសុខ។ REUTERS - CHARLES PLATIAU
ដោយ៖ ហេង ឧត្តម
១៥ នាទី

នៅ​ប្រទេស​បារាំង ច្បាប់ថ្មី​ស្តីពី ​សន្តិសុខ​ទូទៅ​ បានបង្កការ​ខឹង​សម្បា​ពី​ប្រជាពលរដ្ឋ​ និងក្រុម​​អ្នកកាសែត​ ដែល​ស្រឡាញ់​សេរីភាព​។ ​រសៀល​ថ្ងៃ​សៅរ៍ ទី២១ វិច្ឆិកា គឺ​មាន​ការ​រៀបចំក្បួនបាតុកម្ម ​នៅ​តាម​ទីក្រុង​ធំ​ៗ​ជាច្រើន​  ​ដើម្បីសម្តែង​មតិ​​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្តិសុខ។ ក្នុង​ក្រុងប៉ារីស ក្បួនបាតុកម្ម​បាន​បញ្ចប់​ដោយ​មាន​ការ​ប៉ះទង្គិច​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។ ​

ផ្សាយពាណិជ្ជកម្ម

«បើ​ប៉ូលីស​ទម្លាក់​កាំ​ភ្លើង​ចុះ យើង​នឹង​ដាក់​កាមេរ៉ា​និង​ទូរសព្ទ​ចុះដែរ» «ទូរសព្ទថត​រូប មិន​សម្លាប់​មនុស្ស​ទេ តែ​កាំភ្លើង​អាច​បាញ់មនុស្ស​​សម្លាប់​បាន» «ច្បាប់​សន្តិសុខ​ សម្លាប់​សេរីភាព»​ ទាំង​​នេះជាបដា​​ពាក្យ​​ស្លោក ដែល​ហ្វូង​បាតុករ​បារាំង​ស្រែក​និងសរសេរ​ផ្សព្វផ្សាយ ក្នុង​ឱកាស​​ជួបជុំ​បាតុកម្ម​ ​នៅបណ្តា​​ខេត្ត​និង​ទីប្រជុំ​ជន​ជា​ច្រើន​កន្លែង​។​

​ទោះបី​ជាឋិត​នៅក្នុង​បំរាម​ឱ្យ​សម្ងំ​នៅ​ផ្ទះ​​ក្នុង​បរិបទ​ទប់​ស្កាត់​កូវីដ​១៩​ក្តី ក៏​ក្រុម​​បាតុករ​បារាំង​​នៅតែ​មិន​ញញើតនឹង​​មេរោគ ហើយ​និង​នៅតែ​មក​ប្រមូល​ផ្តុំ​គ្នា ធ្វើ​បាតុកម្ម​ ចំនួន​ជាង​ ៧០០០ នាក់ ​ នៅ​កណ្តាល​ក្រុង​ប៉ារីស ក្បែរ​ទួរអែហ្វហ្វែល​។ នៅ​ខេត្ត​ម៉ាកសីយ បាតុករ​ជាង​ ២០០០នាក់​។ ខេត្ត Montpellier ១ ៣០០នាក់​។ មាន​បាតុករ​រាប់​រយ​នាក់ផ្សេង​​ទៀត នៅតាមទី​ប្រជុំ​ជន​និង​បណ្តា​ទីរួម​​ខេត្ត​ ដូច​នៅខែល​លីល ​​នីស រ៉ែន ឡូរ៉ែន ប៊័រដូរ​ ជាដើម​។​

អ្វីដែល​គួរ​​កត់​សម្គាល់ គឺមាន​ក្រុម​​អ្នក​កាសែតជាច្រើន​ មកពី​អង្គភាព​សារព័ត៌មាន​ជាតិ​និង​ឯកជន ដូចជា សហជីព​សារព័ត៌មាន SNJ, កាសែតLe Monde, ភ្នាក់ងារព័ត៌មាន​បារាំង​AFP, កូន​សិស្ស​សាលា​កាសែត​ ក៏មក​​ចូលរួម​ធ្វើ​បាតុកម្ម​នឹងគេដែរ ពីព្រោះពួក​គេយល់ថា ច្បាប់​ថ្មី​ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន ប៉ះពាល់​ដល់​ការងារ​អ្នក​កាសែត និង​សិទ្ធ​សេរីភាព​ផ្តល់​ព័ត៌មាន​ ដែល​បាន​ចែង​នៅក្នុង​ច្បាប់បារាំងដ៏ល្បីល្បាញ ​​ឆ្នាំ​១៨៨១ ស្តីពី​ សេរីភាព​សារព័ត៌មាន។​

គួរ​បញ្ជាក់ថា​​ មាត្រា​២៤  នៃ​​​សំណើ​ច្បាប់ថ្មីស្តីពីសន្តិសុខ  ​ដ៏​ចម្រូងសម្រាស ​គឺ​ចែង​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​ជាប់​ពន្ធនាគារ​១ឆ្នាំ ហើយ​ពិន័យ​ជាប្រាក់​​៤ម៉ឺន​៥ពាន់​អឺរ៉ុប ចំពោះ​បុគ្គលណា​ដែល​ថតរូបឬ​វីដេអូ​ឃើញ​ចំ​មុខ​​របស់ប៉ូលីស​និង​ទាហាន ក្នុង​ពេល​សមត្ថកិច្ច​បំពេញ​​ប្រតិបត្តិ​ការ ហើយ​បង្កឱ្យ​កើត​មាន​ហិង្សា និង​មាន​​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាពរាងកាយ​​និង​ផ្លូវ​ចិត្ត​របស់​ក្រុម​សមត្ថកិច្ច។

មាត្រា២៤​​​នេះ ត្រូវរដ្ឋ​​សភា​អនុម័ត​យល់ព្រម​រួច​ហើយ កាលពីថ្ងៃ​សុក្រ។ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋានបារាំង​ប៉ារីស​ស្រាប់ ​យល់ថា ច្បាប់​សន្តិសុខ​នេះ បង្ក​ឧបសគ្គ​ខ្លាំង ​ដល់​កិច្ចការ​ផ្តល់​ព័ត៌មាន​របស់ក្រុម​​អ្នក​កាសែត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ