ហុងកុង៖ Joshua Wong និងយុវជនប្រជាធិបតេយ្យ២នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន
ចុះផ្សាយនៅថ្ងៃ៖
យុវជនប្រជាធិបតេយ្យហុងកុងដ៏ល្បី ឈ្មោះ Joshua Wong និងយុវជន២នាក់ផ្សេងទៀត ត្រូវបានតុលាការហុងសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃចន្ទទី ២៣វិច្ឆិកានេះ។ នៅចំពោះមុខចៅក្រម យុវជនទាំង៣នាក់ បានសារភាពទោសកំហុស ថាពិតជាបានដឹកនាំចលនាបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ២០១៩។
យុវជនប្រជាធិបតេយ្យហុងកុង៣នាក់ ដែលគេស្គាល់សឹងពេញមួយពិភពលោក គឺលោក Joshua Wong លោកIvan Lam និងកញ្ញា Agnes Chow ត្រូវតុលាការហុងកុងសម្រេច យកទៅដាក់ឃុំបណ្តោះអាសន្ន។ អ្នកទាំង៣ បានរងការចោទប្រកាន់ ថាបានដឹកនាំ ពន្យុះ និងចូលរួមក្នុងសកម្មភាពហិង្សា នៅខាងមុខស្នងការដ្ឋាននគរបាលហុងកុង កាលពីថ្ងៃទី២១ មិថុនា ២០១៩។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង៣ សុទ្ធតែបាន ទទួលស្គាល់ ទោសកំហុសរបស់ខ្លួន ដោយឥតប្រកែកនឹងការចោទប្រកាន់ របស់រដ្ឋអាជ្ញាហុងកុងឡើយ។ តុលាការហុងកុង នឹងសម្រេចទោស នៅថ្ងៃទី២ធ្នូខាងមុខ។ ដោយផ្អែកលើបទចោទប្រកាន់នេះ យុវជនប្រជាធិបតេយ្យហុងកុងទាំង៣នាក់ ហាចប្រឈមនឹងទោសជាប់ពន្ធនាគារ រហូតដល់៣ឆ្នាំ។
មុននឹងសមត្ថកិច្ចក្រៀកចេញពីអង្គសវនាកាលោក Joshua Wong បានស្រែកថា « សូមកុំអស់សង្ឃឹម គ្រប់គ្នាត្រូវតែអត់ធ្មត់តទៅទៀត! »។ ពេលទៅដល់មុខតុលាការ មុនបើកសវនាកា លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា « លោកនៅតែបន្តការតស៊ូដើម្បីសិទ្ធិសេរីភាពហុងហុង ដោយមិនចុះញ៉មនឹងអំណាចផ្តាច់ការរបស់ប៉េកាំង ជាដាច់ខាត »។ ដូចគ្នាដែរលោក Ivan Lam បានលើកឡើងថា « លោកមិនស្តាយក្រោយអ្វីទាំងអស់ នូវសកម្មភាពដែលលោកបានធ្វើកន្លងមក ព្រោះវាជាការតស៊ូដើម្បីប្រជាធិបតេយ្យហុងកុង »។
សូមរំលឹកថា បាតុកម្មដ៏ធំមហិមាបានផ្ទុះឡើងនៅហុងកុង នៅរវាងខែមីនាឆ្នាំ២០១៩ បន្ទាប់ពី រដ្ឋបាលហុងកុង មានគម្រោងស្នើច្បាប់ « ធ្វើបត្យាប័ន » ដែលតាមរយៈច្បាប់នេះ គឺមានន័យថា អាជ្ញាធរចិនដីគោក អាចលូកដៃមកក្នុងប្រព័ន្ធយុត្តិធម៌ហុងកុង។ បាតុកម្មរបស់ប្រជាជនហុងកុងជាច្រើនលាននាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាប យ៉ាងហិង្សា។ ក្រោយមកក្រុមបាតុករ បានទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ស្តីអំពីការប្រើកម្លាំងហួសប្រមាណ របស់សមត្ថកិច្ចទៅលើក្រុមបាតុករ។ គឺការទាមទារនេះហើយ ដែលបានធ្វើឲ្យយុវជនបាតុករ ឈានទៅគប់ដុំថ្ម គប់ពងមាន់ពងទា និងបាញ់ថ្នាំសរសេរអក្សរ លើជញ្ជាំងអាគារស្នងការដ្ឋាននគរបាលហុងកុង នៅចុងខែមិថុនា។
សូមបញ្ជាក់បន្ថែមថា ក្រៅពីរងបទចោទប្រកាន់ថាបានធ្វើអំពើហិង្សា បំផ្លាញអាគារស្នងការនគរបាលនេះ យុវជនប្រជាធិបតេយ្យហុងកុងទាំង៣នាក់ កំពុងប្រឈមនឹងបទចោទប្រកាន់ជាច្រើនផ្សេងទៀត ក្នុងនោះ គឺមានការជួបជុំគ្នាដោយបំពានច្បាប់ នៅថ្ងៃទី៤មិថុនា២០២០ ដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅទីលានធានអានមិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ