អានតួអត្ថបទ
អ.ស.ប.-អាហ្វហ្កានីស្ថាន

អង្គការសហប្រជាជាតិអំពាវនាវឲ្យសហគមន៍អន្តរជាតិកុំបំភ្លេចប្រទេសអាហ្វហ្កានីស្ថាន

លោកហ្វីលីពប៉ូ ក្រង់ឌី ប្រមុខអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
លោកហ្វីលីពប៉ូ ក្រង់ឌី ប្រមុខអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន AP - Salvatore Di Nolfi
១៨ នាទី

សន្និសីទអន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ តែ​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ១៩ សន្និសីទ​លើក​នេះ​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ។ ថ្លែង​នៅ​មុន​សន្និសីទ​ចាប់​ផ្តើម ប្រមុខ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​លោក​ហ្វីលីពប៉ូ ក្រង់ឌី​បាន​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ជួយ​ប្រទេស​អាហ្វហ្វានីស្ថាន។ ការ​អំពាវនាវ​របស់​លោក​ហ្វីលីពប៉ូ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អាហ្វហ្កានីស្ថាន​កំពុង​បន្ត​ស្គាល់​កំណើន​អំពើហិង្សា គម្រោង​ដកទ័ព​អាមេរិក និង​ក្នុង​ពេល​ដែល​កិច្ចចរចា​សន្តិភាព​រវាង​ក្រុម​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​កំពុង​បន្ត​អូសជើង។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​យ៉ាង​ទទូច​របស់​លោក​ហ្វីលីពប៉ូ ក្រង់ឌី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ « អនាគត​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​រាប់សិប​លាននាក់​រំពឹង​លើ​ជោគជ័យ​នៃ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ផង និង​ការ​សន្យា​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ផង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្វីលីពប៉ូ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅកាត់ HCR។ គួរ​បញ្ជាក់​ថា សន្និសីទអន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន​មាន​គោលដៅ​កំណត់​កម្មវត្ថុ​រួម​នៃ​ការ​អភិឌ្ឍន៍ និង​កិច្ចសន្យា​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ ២០២១ ពី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​សហគមន៍អន្តរជាតិ។

ប្រមុខ HCR លោក​ហ្វីលីពប៉ូ​បាន​គូស​បញ្ជាក់​ពី​ភាព​បន្ទាន់​បំផុត​ដែល​ក្រុម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ត្រូវ​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​គ្នា។ តាម​លោក​ហ្វីលីពប៉ូ កិច្ចព្រមព្រៀងសន្តិភាព​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់​ដើម្បី​បិទបញ្ចប់​ជម្លោះ​ដែល​មិន​ត្រឹម​តែ​បំផ្លាញ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បុព្វហេតុចម្បង​នៃ​បម្លាស់ទី​ដោយ​បង្ខំ​របស់​ពលរដ្ឋ​ដែរ។ តាម​ប្រមុខ HCR រូប​នេះ​ដដែល ការ​អូសបន្លាយ​កិច្ចចរចា និង​ការ​ប្រកាស​ដកទ័ពអាមេរិក​របស់​រដ្ឋបាល​លោក​ត្រាំ​ចេញ​ពី​អាហ្វហ្កានីស្ថាន​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ​ចុះ​ខ្សោយ​ថែម​ទៀត។ តែ​ទន្ទឹម​គ្នា​នេះ លោក​ហ្វីលីពប៉ូ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា កិច្ចព្រមព្រៀងសន្តិភាព​ត្រូវ​តែ​ជា​កិច្ចព្រមព្រៀង​ដែល​ធានា​សន្តិសុខ​ពិតប្រាកដ សុខុមាលភាព និង​សិទ្ធិ​របស់ស្ត្រី បុរស​ទាំងអស់​នៅ​អាហ្វហ្កានីស្ថាន។

ក្រៅ​ពី​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​កុំ​បំភ្លេច​អាហ្វហ្កានីស្ថាន លោក​ហ្វីលីពប៉ូ​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើហិង្សា​ដែល​កំពុង​បន្ត​កើន​ឡើង។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សៅរិ៍ ទី២១ វិច្ឆិកា ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាញ់​គ្រាប់រ៉ូកែត​ជា​ច្រើន​គ្រាប់​ទៅ​លើ​តំបន់​បៃតង​ដែល​ជា​ទីតាំង​របស់​ស្ថានទូត និង​ក្រុមហ៊ុន​បរទេស​ក្នុង​ទីក្រុង​កាប៊ូល​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១០នាក់ និង​របួស​ចំនួន ៥១នាក់។ តម្រូវការ​ជំនួយ​សម្រាប់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​មាន​ទាំង​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​គេច​ពី​សង្រ្គាម និង​ពលរដ្ឋ​ដែល​កំពុង​រស់ក្នុង​ស្រុក។ នៅ​ក្នុង​ន័យ​នេះ លោក​ហ្វីលីពប៉ូ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់ HCR ក្នុង​ការ​បន្ត​ជួយ​ទំនុកបម្រុង​ដល់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​ចំនួន ២ ៤០០ ០០០នាក់​ដែល​បាន​ភៀសខ្លួន​គេច​ពី​សង្រ្គាម​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ក្បែរខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ