អានតួអត្ថបទ
ជប៉ុន-ចិន

ចិន និងជប៉ុនចង់សហការគ្នាក្នុងវិស័យពាណិជ្ជកម្ម និងការពារ តែបន្តដណ្តើមទីប្រជុំកោះគ្នា

រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកវ៉ាង យី (រូបឆ្វេង) និង​សមភាគីជប៉ុនលោក តូស្ហ៊ីមីស៊ូ ម៉ូទីយីក្នុង​ទីក្រុង​តូក្យូ ប្រទេសជប៉ុន​ថ្ងៃទី២៤ វិច្ឆិកា ២០២០។
រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកវ៉ាង យី (រូបឆ្វេង) និង​សមភាគីជប៉ុនលោក តូស្ហ៊ីមីស៊ូ ម៉ូទីយីក្នុង​ទីក្រុង​តូក្យូ ប្រទេសជប៉ុន​ថ្ងៃទី២៤ វិច្ឆិកា ២០២០។ AP - Issei Kato
១៥ នាទី

នៅ​ថ្ងៃ​អង្គារ ទី២៤ វិច្ឆិកា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង យី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន។ ការ​វិវាទ​របស់​ចិន និង​ជប៉ុន​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ​ជា​ប្រធានរឿង​សំខាន់ និង​ក្តៅ​ដែល​លោក​វ៉ាង យី និង​សមភាគី​ជប៉ុន​លោក តូស្ហ៊ីមីស៊ូ ម៉ូទីយី​បាន​លើក​យក​ទៅ​ជជែក។ តែ​ទន្ទឹម​នឹង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគុ ភាគី​ទាំង​ពីរ​ក៏​បាន​ព្យាយាម​ចាប់​ដៃ​សហការ​គ្នា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ១៩ មក នេះ​ជា​លើកទី១ ដែល​លោក​វ៉ាង យី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​មហាសេដ្ឋកិច្ច​ទី២ និង​មហាអំណាច​សេដ្ឋកិច្ច​ទី៣ ក្នុង​លោក ចិន និង​ជប៉ុន​កំពុង​បន្ត​មាន​ទំនាក់ទំនង​រកាំរកូស ហើយ​ពេល​ខ្លះ​បាន​ឡើង​តានតឹង​ខ្លាំង​រវាង​គ្នា​ទៀត​ផង។ ភាព​រកាំរកូស និង​ភាព​តានតឹង​ដែល​កំពុង​បន្ត​ចិញ្ចឹម​ដោយ​រឿង​អតីតកាល​ក្នុង​សម័យសង្រ្គាមលោក​លើកទី២ និង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​ផ្សេងៗ​នៅ​សមុទ្រចិនខាងកើត ពិសេស​ទីប្រជុំកោះ​សេនកាគុ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន តែ​ចិន​កំពុង​បន្ត​ទាមទារ​ជា​របស់​ខ្លួន​ដោយ​ឲ្យ​ឈ្មោះ​ជា​ទីប្រជុំកោះ Diaoyu។ ប្រមុខ​ការទូត​ជប៉ុន​លោក​តូស្ហ៊ីមីស៊ូ ម៉ូទីយី​បាន​ថ្លែង​ថា លោក​បាន​និយាយ​ប្រាប់​សមភាគី​ចិន​លោក​វ៉ាង យី​ឲ្យ​ចិន​បញ្ឈប់​បញ្ជូន​នាវា​ទៅ​ក្បែរ​ទីប្រជុំកោះ​សេនកាគុ​នោះ។

ពី​ចំណែក​ចិន​វិញ លោក​វ៉ាង យី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ទីប្រជុំកោះ​ដែល​កំពុង​មាន​ជម្លោះ​ទេ តែ​បាន​ឆ្លើយ​បក​វិញ​ថា ទូកនេសាទ​ជប៉ុន​បាន​ចូល​ញឹកញប់​ទៅ​ក្នុង​ដែនទឹក​ដ៏​រសើប។ « ជំហរ​របស់​ចិន​គឺ​ច្បាស់ណាស់ យើង​នឹង​បន្ត​ការពារ​អធិបតេយ្យភាព​របស់​យើង » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​វ៉ាង យី។ ទន្ទឹម​នឹង​ការ​ឆ្លើយឆ្លង​សម្តី​គ្នា​ដែល​បង្កប់​ដោយ​ភាព​តានតឹង ប្រមុខ​ការទូត​ចិន​ក៏​បាន​ប្រាប់​ពី​ភាព​ធូរស្រាល​ដែល​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​ពី​ជំហរ​ចង់​សហការ​គ្នា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ។ វិស័យ​ការពារ​ដែល​ចិន និង​ជប៉ុន​គ្រោង​បង្កើត​ខ្សែទូរស័ព្ទ​ទាក់ទង​ផ្ទាល់​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ នេះ។

ក្រៅ​ពី​នេះ ចិន និង​ជប៉ុន​ក៏​បាន​សន្យា​សហការ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ១៩ និង​រៀបចំ​ឲ្យ​មាន​ឡើង​វិញ​នូវ​ការ​ធ្វើ​ដំណើរ​រវាង​ក្រុមអ្នកជំនួញ​រវាង​ប្រទេស​ទាំង​ពីរ។ តែ​គេ​មិន​បាន​ដឹង​ថា តើ​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ទៅ​ជប៉ុន​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​ទៀត ឬ​អត់​ទេ។ គួរ​រម្លឹក​ថា លោក​ស៊ី ជីនពីង​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​តាំង​ពី​ខែ​កុម្ភៈ ឬ​មីនា​មក​ម្ល៉េះ តែ​ត្រូវ​បាន​អាក់ខាន​វិញ​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ