អានតួអត្ថបទ
ចិន-អវកាស

ចិន​បង្ហោះ​យានអវកាស ទៅជីក​យក​ថ្ម​នៅ​ឋាន​ព្រះចន្ទ មក​សិក្សា​ស្រាវជ្រាវ

យានឆាំងអឺទី៥  (Chang'e-5 ) កំពុងហោះចេញ​ពី​ស្ថានីយ៍យានអវកាស Wenchang លើ​កោះហៃណាន ថ្ងៃទី​២៤ វិច្ឆិកា ២០២០
យានឆាំងអឺទី៥ (Chang'e-5 ) កំពុងហោះចេញ​ពី​ស្ថានីយ៍យានអវកាស Wenchang លើ​កោះហៃណាន ថ្ងៃទី​២៤ វិច្ឆិកា ២០២០ REUTERS - TINGSHU WANG
ដោយ៖ ម៉ម ពិសី
១៦ នាទី

ព្រឹកថ្ងៃអង្គារទី​២៤វិច្ឆិកា យានអវកាស ឆាងអឺទី៥​ របស់ចិន ត្រូវបាន​បាញ់បង្ហោះឆ្ពោះទៅ​កានឋានព្រះចន្ទ ដោយនាំយកយានរ៉ូបូមួយ ដែលមាន​តួនាទី​ជីកយក​ថ្មនៅលើឋានព្រះចន្ទ យក​មកសិក្សាស្រាវជ្រាវ។ គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលមានបេសកកម្ម​យកថ្មីពីឋានព្រះចន្ទ ដោយ​យាន​រ៉ូបូបែបនេះ បន្ទាប់ពី​បេសកកម្មរបស់​សហភាពសូវៀត បានធ្វើទៅ​ដោយ​ជោគជ័យម្តង កាលពី​ឆ្នាំ១៩៧៦។ សម្រាប់​បេសកកម្ម​លើក​នេះ​ វាក៏ជាឱកាសឲ្យ​ចិន ធ្វើការសាកល្បង ដើម្បីត្រៀមបង្ហោះមនុស្ស​ទៅឋានព្រះចន្ទផងដែរ។

ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារអវកាសចិន បានឲ្យ​ដឹងថា នៅវេលា​ម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី២៤វិច្ឆិកា យានអវកាស​​ឆាងអឺទី៥ (Chang’e 5) ត្រូវបាន​បាញ់បង្ហោះដោយ​ជោគជ័យ ចេញពីស្ថានីយ៍អវកាស វែនឆាង (Wenchang) លើកោះហៃណាន​។

បេសកកម្ម​របស់​យានឆាងអឺ គឺនាំយក​យានរ៉ូបូមួយ ទៅចុះចតនៅ​លើឋានព្រះចន្ទ ដើម្បី​ជីកយក​ថ្មចំនួន​២គីឡូក្រាម ក្នុងជំរៅ​២ម៉ែត្រ ពីឋានព្រះចន្ទ។ បន្ទាប់មកទៀត បំណែកថ្មនេះ នឹងត្រូវបញ្ជូន​យកមកផែនដី ដើម្បីធ្វើការសិក្សាស្រា​វជ្រាវលំអិត។ លោក Pei Zhaoyu នាយករងអង្គភាព​​សិក្សា​ព្រះចន្ទ នៃទីភ្នាក់ងារអវកាសចិន បានធានា​អះអាងថា អ្នក​វិទ្យាសាស្ត្រនៃប្រទេសផ្សេងទៀត ក៏​អាចមានលទ្ធភាព​ ​បានទទួល​បំណែកថ្ម ពី​ឋានព្រះចន្ទនេះ ​ទៅស្រាវជ្រាវដែរ។

សូមរំលឹកថា កាលពីដើមឆ្នាំ២០១៩ ក្រុមអវកាសចិន បានធ្វើឲ្យ​ពិភព​លោក​ស្ងើចសរសើរ បន្ទាប់​ពីបាន​បង្ហោះយាន​ ឆាងអឺទី៥ នាំយកយានតូចមួយទៅចុះចតនៅ មួយចំហៀង​ផ្នែកងងិត នៃឋានព្រះចន្ទ ដែលមិនធ្លាប់​មាននរណា​ធ្វើទេពីមុនមក។ 

គួរបញ្ជាក់ថា សម្រាប់បេសកកម្មលើកនេះ យានឆាំងអឺទី​៥របស់ចិន មានទំងន់សរុប៨,២តោន ដែលផ្គុំដោយ​៤ផ្នែក។ ផ្នែកទីមួយ​គឺជាផ្នែកដែលនៅអណ្តែតលើខ្សែគន្លងរបស់ព្រះចន្ទ ផ្នែកទី២គឺផ្នែកដែលត្រូវចុះចតលើព្រះចន្ទ ផ្នែកទី៣គឺជាយាន​ដែលត្រូវ​ហោះឡើងមក​វិញ​ពីឋានព្រះចន្ទ និងផ្នែកទី​៤គឺជាយាន​កាប់ស៊ុល ដែល​ត្រូវ​ហោះត្រលប់​មកផែនដីវិញ។ តាមការគ្រោងទុក យាន​ឆាងអឺ នឹងចុះចតនៅលើឋានព្រះចន្ទ ចុងខែវិច្ឆិកា ហើយ​ត្រលប់​មកដល់ផែនដីវិញ នៅរវាងពាក់​កណ្តាល​​ខែធ្នូ។

ខុសពីបេសកកម្មរបស់​សូវៀតកាលពី​ឆ្នាំ១៩៧៦ ដែល​យានត្រូវហោះ​ត្រលប់ផ្ទាល់ពីព្រះចន្ទ មកផែនដីតែម្តង ចិនបានជ្រើសយក​វិធីត្រលប់មកវិញ ដែលស្មុគស្មាញ​ និងលំបាក​ជាង។ ថ្មដែលជីកបាន​ហើយ នឹងត្រូវបញ្ជូន​​តាមរយៈយាន​ដែលត្រូវហោះឡើងពីឋានព្រះចន្ទ បន្ទាប់មកទៀត ថ្មនោះនឹងត្រូវផ្ទេរទៅកាន់​យាន​កាប់ស៊ុល​​​ ដែលរងចាំ​នៅ​លើ​ខ្សែគន្លងព្រះចន្ទ ដើម្បីដឹកត្រលប់​យកមកផែនដី​។

លោក Chen Lan អ្នកវិភាគ​នៅគេហទំព័រ GoTaikonauts បានលើកឡើងថា ការជ្រើស​យកវិធី​នេះ ក៏ដោយ​សារ​ចិនត្រូវការ​​​អភិវឌ្ឍន៍បច្ចេកវិទ្យាខ្លួន ដែលចាំបាច់សម្រាប់​បង្ហោះ​បញ្ជូនយានអវកាស ដឹក​មនុស្សទៅឋានព្រះចន្ទ និងត្រលប់មកវិញ​ដោយសុវត្ថិភាព នៅថ្ងៃអនាគត។ លោក Jonathan McDowell អ្នកអវកាសអាេមរិក នៅ​មជ្ឈមណ្ឌល Harvard-Smithsonian បានលើកឡើងថា វិធីបញ្ជូន​ត្រលប់មកវិញបែបនេះ មិនដែលមាននរណាធ្លាប់ធ្វើទេ។ ប្រសិនបើចិនធ្វើបានសម្រេចលើកនេះ មានន័យថា វាជោគជ័យធំណាស់ សម្រាប់បច្ចេកវិទ្យាអវកាសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ