សហគមន៍អន្តរជាតិសន្យាផ្តល់ជំនួយ ដល់អាហ្វហ្កានីស្ថាន ប៉ុន្តែ មានលក្ខខណ្ឌ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទ អាហ្វហ្កានីស្ថាន ឆ្នាំ ២០២០ ដែលរៀបចំនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃចន្ទ និងអង្គារ ម្សិលមិញ ប្រធានាធិបតី អាហ្វហ្កានីស្ថានបានអំពាវនាវកុំឲ្យពិភពលោកបែរខ្នងដាក់អាហ្វហ្កានីស្ថាន នៅក្នុងបរិបទដែលពិភពលោកកំពុងរងរាតត្បាតដោយជំងឺកូវីដ។ សហគមន៍អន្តរជាតិ បានសន្យាផ្តល់ជំនួយ ហិរញ្ញវត្ថុ ដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ប៉ុន្តែ មានភ្ជាប់លក្ខខណ្ឌជាមួយកញ្ចប់ជំនួយ នោះគឺ អាហ្វហ្កានីស្ថានត្រូវបោះជំហានទៅមុខ ទៅរកលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព។
សន្និសីទអាហ្វហ្កានីស្ថាន ឆ្នាំ ២០២០ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ មានទិសដៅ ប្រមូលថវិកាជួយអាហ្វហ្កានីស្ថានសម្រាប់ រយៈពេល ៤ឆ្នាំទៅមុខ (២០២១ ដល់ឆ្នាំ ២០២៤)។ នៅក្នុងសន្និសីទអាហ្វហ្កានីស្ថាន ឆ្នាំ ២០១៦ អាហ្វហ្កានីស្ថានធ្លាប់ទទួលបានថវិកាពី សហគមន៍អន្តរជាតិប្រមាណ ១៥,២ពាន់លានដុល្លារ។
ប៉ុន្តែ សម្រាប់អ្នកតាមដាននយោបាយអាហ្វហ្កានីស្ថាន ជំនួយសម្រាប់អាហ្វហ្កានីស្ថានលើកនេះ នឹងអាចធ្លាក់ថយចុះ ដោយសារតែប្រទេសផ្តល់ជំនួយ ក៏កំពុងមានសេដ្ឋកិច្ច ដើរថយក្រោយ ដោយសារតែវិបត្តិកូវីដ១៩។ ថ្លែងតាំងពីទីក្រុងកាប៊ូល តាមរយៈ សន្និសីទវីដេអូ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បាននិយាយថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិដោយសារកូវីដ កញ្ចប់ជំនួយនឹងអាចថយចុះ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកអំពាវនាវកុំឲ្យប្រទេសផ្តល់ជំនួយបែរខ្នងដាក់ ប្រទេសរបស់លោក។
នៅថ្ងៃអង្គារ សហភាពអឺរ៉ុបបានសន្យា ផ្តល់ជំនួយ ក្នុងបរិមាណដូចឆ្នាំ ២០១៦ មុន គឺ ១២០០លានអឺរ៉ូ។ អ្នកតំណាងរបស់កាណាដា ក៏ដូចជាមន្រ្តីរបស់ ហូឡង់ បានសន្យាផ្តល់ជំនួយ ដល់អាហ្វហ្កានីស្ថាន ប៉ុន្តែ គេបានបញ្ជាក់ថា ទឹកប្រាក់ជំនួយរបស់ពួកគេមានតិច ឬច្រើនគឺអាស្រ័យ លើការវិវឌ្ឍជាក់ស្តែង ក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ធ្លាក់ក្នុងសង្រ្គាម រ៉ាំរ៉ៃ ចាប់តាំងពីកងទ័ពអន្តរជាតិវាយបណ្តេញពួកតាលីបង់ ចេញពីអំណាចនៅឆ្នាំ ២០០១ អាហ្វហ្កានីស្ថានត្រូវរស់ពឹងផ្អែកទាំងស្រុងលើជំនួយរបស់សហគមន៍អន្តរជាតិ។ អ្នកជំនាញវាយតម្លៃថា ជំនួយរបស់សហគមន៍អន្តរជាតិ នឹងជួយឲ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន មានទឹកមាត់ ក្នុងការចរចាជាមួយ ពួកតាលីបង់ ដែលកំពុង អួតខ្លួនឈ្នះ នៅក្រោយ អាមេរិកសម្រេចដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ឲ្យអស់នៅពាក់កណ្តាលឆ្នាំ ២០២១ ទៅតាមកិច្ចព្រមព្រៀង អាមេរិក តាលីបង់ កាលពីខែ កុម្ភៈកន្លងទៅ។
គ្រប់គ្នាកំពុងសំឡឹងតាមដានមើលការចរចាសន្តិភាព រវាងភាគីតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកាតា។ ក្រុមប្រទេសផ្តល់ជំនួយបារម្ភថា ក្នុងករណី តាលីបង់ត្រលប់ចូលកាន់អំណាចនៅអាហ្វហ្កានីស្ថាន ក្រុមនេះ នឹងអាចបង្កើតឡើងវិញ របបឃោឃៅ ដកសិទ្ធិសេរីភាព ពីប្រជាជនអាហ្វហ្កានីស្ថានដូចមុន។ សម្រាប់អនុប្រធានគណៈកម្មការអឺរ៉ុប ពួកតាលីបង់ត្រូវតែបង្ហាញជំហរចង់កសាងសន្តិភាព តាមរយៈ ការបញ្ឈប់ជាបន្ទាន់ ការវាយប្រហារដ៏ហិង្សា ទៅលើប្រជាជនស៊ីវិល អាហ្វហ្កានីស្ថាន។ គេជឿថា តាលីបង់បានរំលោភបទឈប់បាញ់ ជាច្រើនដង ដោយបានបង្កើនការវាយប្រហារទៅលើទីតាំង របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដើម្បី បង្កើនទម្ងន់ នៅក្នុងការចរចាជាមួយ ជាមួយរដ្ឋាភិបាលក្រុងកាប៊ូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ