អានតួអត្ថបទ

អង្គការការពារ​សិទ្ធិ​មនុស្ស៖ ភូមា​របស់​លោកស្រី ស៊ូជី​នៅតែ​ធ្វើ​ទុក្ខ​បុកម្នេញ​ជនជាតិ​រ៉ូហ៊ីងយ៉ា

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ Cox’s Bazar ព្រំដែនបង់ក្លាដែស
ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ Cox’s Bazar ព្រំដែនបង់ក្លាដែស REUTERS/Rafiqur Rahman
ដោយ៖ ឈាង បុប្ផា
១៦ នាទី

សកម្មជន និង​មេធាវី​ការពារ​សិទ្ធិមនុស្ស​បានអះអាងថា រដ្ឋាភិបាល​ភូមា​នៅតែបន្ត​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដោយ​មិន​ខ្វល់គោរព​តាម​បញ្ជា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICJ នោះឡើយ។ ទៅតាម​តាម​សេចក្តីសម្រេច​របស់​តុលាការ ICJ ដែល​ជា​ស្ថាប័ន​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ ភូមា​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​ឈប់​ជា​បន្ទាន់ រាល់​សកម្មភាព ប្រល័យពូជសាសន៍ ប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​មករា​ដើមឆ្នាំ​២០២០ ស្រី អ៊ុងសាន ស៊ូជី ​បាន​ចេញមុខ ដោយផ្ទាល់ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅទីក្រុង​ឡាអេ ដើម្បី ការពារ​កងទ័ព ដែលកំពុង​ប្រឈម​នឹង​ការចោទប្រកាន់ ប្រព្រឹត្ត​អំពើប្រល័យ​ពូជសាសន៍ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាក់ឃីន។ ជ័យលាភី​ណូបែល​សន្តិភាព​ទទួល​ស្គាល់​ថា ទាហាន​មួយចំនួន​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ប៉ុន្តែ កងទ័ព​ភូមា​ទាំងមូល មិន​បាន​ប្រព្រឹត្តអំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នោះទេ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីបំផុត​បាន​ទាត់ចោល​អំណះអំណាង​របស់​លោកស្រី អ៊ុងសាន ស៊ូជី និង​បាន​ចាត់វិធានការ​បន្ទាន់​មួយ​ដើម្បី ការពារ​ជនជាតិរ៉ូហ៊ីងយ៉ា។

តាម​ការបញ្ជា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ភូមា ត្រូវ​ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ភូមា​ត្រូវ​ចាត់វិធានការ​ការពារ កុំ​ឲ្យ​មានការបំផ្លាញ ភស្តុតាង ស្តីពី​ឧក្រិដ្ឋកម្មប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​និង​ត្រូវ​រាយការណ៍ នៅរាល់​៦ខែ​ម្តងទៅ តុលាការ​នៅទីក្រុង​ឡាអេ។

នៅថ្ងៃ​ចន្ទ ទី ២៣​វិច្ឆិកា ថ្ងៃ​ដែល​ភូមា បាន​ដាក់​ឯកសារ រាយការណ៍​លើកទី​២ នៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុមសកម្មជន និង​មេធាវី ការពារ​សិទ្ធិមនុស្ស បាន​ចេញសេចក្តីថ្លែងការណ៍​ដែល​ថា អំពើប្រល័យពូជសាសន៍ នៅ តែ​បន្ត​មាន នៅ​ភូមា។

នៅពេល​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា​ប្រមាណ ៧៥០ ០០០នាក់​ត្រូវ​រត់ភៀសខ្លួន ទៅ​ក្នុង​ទឹកដី​បង់ក្លាដែស ដោយសារ​អំពើហិង្សាប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន គេ​នៅឃើញមាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ប្រមាណ ៦សែននាក់​ផ្សេងទៀត ដែលកំពុង​បន្តរស់នៅក្នុង​ទឹកដី ភូមា។

សម្រាប់ អង្គការ​ការពារ​សិទ្ធិជនជាតិ​រ៉ូហ៊ីងយ៉ា Burma Rohingya Organisation UK ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលរស់នៅ​ភូមា​ត្រូវ​បាន​អាជ្ញាធរ ដកហូត កាតសញ្ជាតិ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​គ្មាន​សញ្ជាតិ និង​រស់នៅ​ក្នុង​លក្ខខណ្ឌ​មួយ ដែល​អត្តខាត់​មែនទែន។

ថ្មីៗនេះ​ទៀត សកម្មជន​ការពារ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស អាជ្ញាធរ​ភូមា ដែល​បាន​ផាត់ចោល មិន​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​អាច​ចូលរួម​បោះឆ្នោត សភា ដែល​មាន​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ទទួលជ័យជំនះ ដ៏ធំធេង។

សម្រាប់​លោក Tun Khin ប្រធាន​អង្គការ Burma Rohingya Organisation UK ភូមា​គ្មាន​ចាត់វិធានការ​អ្វីទាំងអស់​ដើម្បី​ដោះស្រាយ​រកឬសគល់​នៃ​បញ្ហា​ដែល​នាំឲ្យ​កើតមាន​ការរើសអើង និង​និទណ្ឌភាព ដែល​ជំរុញ​ឲ្យ​មាន​ការសម្លាប់​ប្រល័យពូជសាសន៍ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

វិបត្តិរ៉ូហ៊ីងយ៉ា​បានធ្វើ​ឲ្យ​កេត្តនាម​របស់​លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីណូបែល​សន្តិភាព​ត្រូវចុះ​ស្រអាប់ នៅ ឆាកអន្តរជាតិ។ នៅ​សប្តាហ៍មុននេះ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​លើ​សេចក្តី​ព្រាង​នៃ​សេចក្តីសម្រេច​ដែល​លើកឡើង​ពីកង្វល់​របស់​អន្តរជាតិ ពី​ការរំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ជំហរ​របស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ឲ្យ​ភូមា​ខឹងសម្បារ និងចោទប្រកាន់​សេចក្តីព្រាង​របស់​អង្គការ​សហប្រជាជាតិ ថា ជារឿង​ខុសច្បាប់ និង លូកដៃចូល​ក្នុង​កិច្ចការផ្ទៃក្នុង របស់ភូមា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ