អានតួអត្ថបទ
ថៃ

​មេដឹកនាំចលនាប្រជាធិបតេយ្យ​ថៃ ១២​នាក់អាច​នឹង​ជាប់​ចោទ​ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ

បាតុកម្ម​របស់​ចលនា​ប្រជាធិបតេយ្យ​ទាមទារ​ការ​ធ្វើ​កំណែទម្រង់​របប​រាជនិយមថៃ
បាតុកម្ម​របស់​ចលនា​ប្រជាធិបតេយ្យ​ទាមទារ​ការ​ធ្វើ​កំណែទម្រង់​របប​រាជនិយមថៃ Lillian SUWANRUMPHA AFP/File
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

មេដឹកនាំ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ចំនួន ១២​នាក់ ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​ទៅ​សួរ​ចម្លើយ​ និង​អាច​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​ប្រមាថ​ព្រះ​មហាក្សត្រផង។ នេះ​ជា​លើក​ទី​មួយ​ហើយ​គិត​ចាប់​តាំង​ពី​ចលនា​បាតុកម្ម​ប្រជាធិបតេយ្យ​បានផ្ទុះ​ឡើង ដែល​អាជ្ញាធរ​ថៃ​បាន​ងាក​មក​ប្រើ​ច្បាប់​ការពារ​រាជវង្ស​ ប្រឆាំង​នឹង​បាតុករ។ បាតុករ​ដែល​គ្រោង​​នឹង​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ពុធ​ទី ២៥​វិច្ឆិកា ២០២០ នៅ​ទីក្រុង​បាងកក ដើម្បី​បរិហារ​ប្រព័ន្ធ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​រាជវាំង​គ្មាន​តម្លាភាព។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​គូ​សបញ្ជាក់​របស់​សមាគម​មេធាវី​ការពារ​សិទ្ធមនុស្ស​ថៃ ប៉ូលិស​​បាន​កោះ​ហៅ​​មេដឹកនាំចលនា​ទាមទារ​ប្រជាធិបតេយ្យ​ចំនួន ១២​នាក់ ទៅ​ចោទ​សួរ ដោយ​សំអាង​លើ​មាត្រា១១២​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ ពោល​គឺ​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ ដ៏​តឹង​តែង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ តាម​រយៈច្បាប់​នេះ​ រាល់​ការ​រិះគន់​ ជេរប្រមាថ បរិហារ​កេរ្តិ៍​ ព្រះ​មហាក្សត្រ ឬ​សមាជិក​ក្រុមគ្រួសាររាជវង្ស នឹង​ត្រូវ​រង​ការ​ដាក់​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ។

នេះ​ជា​លើក​ទីមួយ​ហើយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ដែល​មាន​ករណីពាក់​ព័ន្ធ​នឹង​បទ​ប្រមាថ​ព្រះ​មហាក្សត្រត្រដែត​ឡើង។ ហេតុអ្វី​ពេល​នេះ ? រាជានិយម​ប្រកាស​សង្គ្រាម​ជាមួយរាស្ត្រឯង​ឬ ?! នេះ​ជា​ការ​ចោទ​ចម្ងល់​​របស់​លោក Parit Chiwarak មេដឹកនាំ​ចលនាប្រជាធិបតេយ្យ​ម្នាក់​ក្នុង​ចំណោម​១២​នាក់​ដែល​ប៉ូលិសថៃកោះ​ហៅ។ មេដឹកនាំ​រូប​នេះ​បាន​ព្រមាន​ថា ការ​កោះ​ហៅ​​នេះ អាចនឹង​ធ្វើ​ចលនា​បាតកម្ម​​រីក​កាន់​តែ​ធំ។

ជា​ការ​ពិត​ នៅ​ថ្ងៃពុធនេះ ក្រុមចលនាទាមទារ​ប្រជាធិបតេយ្យ​គ្រោង​នឹង បង្ហែក្បួន​​បាតុកម្ម​ជា​ថ្មី សំដៅ​ទៅ​ការិយាល័យគ្រប់គ្រង​ហិរញ្ញវត្ថុ​រាជ​វាំង Crown property bureau (CPB)។ តែ​ដើម្បី​បញ្ចៀស​ការ​​​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​រាជានិយម ចលនា​អ្នកប្រជាធិបតេយ្យ​ងាក​​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​ធនាគារ Siam Commercial Bank វិញ។ ធនាគារ​ដ៏​ធំ​ជាង​គេ​របស់​ថៃ ដែល​ព្រះ​មហាក្សត្រផ្ទាល់​ខ្លួន​​ ជា​ម្ចាស់​​ភាគហ៊ុនដ៏​ចំបងផង។​

ពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ ចលនា​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​ហ៊ាន​ស្រែក​ទាមទារ​ដោយ​ចំៗ ការ​​ធ្វើ​កំណែទម្រង់របបរាជនិយម ជា​ពិសេស​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រាជវង្ស​ដ៏​មហាសាល (៣០​ទៅ​៦០​ពាន់​លាន​ដុល្លារ) និង​ដែលលែង​សូវ​មាន​តម្លាភាព គិត​ចាប់​តាំង​តាំង​ពី​ព្រះមហាវិជ្ជរ៉ាឡុងកន​​បាន​អនុម័ត​ច្បាប់​ប្រគល់​អំណាច​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិទាំង​ស្រុង​មក​ឱ្យ​ព្រះអង្គ។ កាលពី​មុន​ជា​ភារៈ​របស់​មួយ​ចំណែក​របស់​រដ្ឋាភិបាល (រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​)។

សូម​បញ្ជាក់​ក្រោយ​ផ្ទុះ​ចលនា​បាតុកម្ម​ប្រជាធិបតេយ្យ​ដ៏​តាន​តឹង​អស់​រយៈ​ពេល​បួន​ខែ​មក និង​ការ​ប្រើ​វិធី​បង្ក្រាប​ដោយ​បាញ់​ទឹក​មក រដ្ឋាភិបាលថៃ​ទំនង​ជា​កំពុង​ងាក​មក​ប្រើ​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​ម្តង។ គិត​ចាប់​តាំង​ពី​ថ្ងៃទី ១៨​កក្កដា​២០២០​មក មាន​បាតុករ​យ៉ាង​ហោច​១៧៤​នាក់​ រងការ​ចោទប្រកាន់​ពីបទ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។ យ៉ាង​ហោច​៤៦​នាក់ ជាប់​អង្កេត​ពី​បទ​បះបោរ​ដែល​អាច​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ