អានតួអត្ថបទ
ប៉ាគីស្ថាន វ៉ាក់សាំង-កូវីដ១៩

ចិនបានសាកល្បងវ៉ាក់សាំងបង្ការកូវីដ១៩ លើពលរដ្ឋស្ម័គ្រចិត្តជនជាតិប៉ាគីស្ថានជាច្រើនពាន់នាក់

ចិនបានសាកល្បងវ៉ាក់សាំងបង្ការកូវីដ១៩ លើពលរដ្ឋស្ម័គ្រចិត្តជនជាតិប៉ាគីស្ថានជាច្រើនពាន់នាក់។
ចិនបានសាកល្បងវ៉ាក់សាំងបង្ការកូវីដ១៩ លើពលរដ្ឋស្ម័គ្រចិត្តជនជាតិប៉ាគីស្ថានជាច្រើនពាន់នាក់។ AP - Ted S. Warren
១៧ នាទី

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ប្រភព​ផ្លូវការ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ វិច្ឆិកា​ថា មាន​ពលរដ្ឋ​ប៉ាគីស្ថាន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ជា​ច្រើន​ពាន់​នាក់​បាន​ចាក់​សាកល្បង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ចិន​រួច​ហើយ។ វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ចិន​កំពុង​សាកល្បង​ក្នុង​ដំណាក់ការ​ទី៣ ដែល​ជា​ដំណាក់ការ​ចុង​ក្រោយ​នេះ​ផលិត​ដោយ​មន្ទីរពិសោធន៍ CanSinoBio និង​វិទ្យាស្ថាន​ជីវៈបច្ចេកវិទ្យា​ចិន។ យុទ្ធនាការ​សាកល្បង​វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​មាន​ក្រុមហ៊ុន​ផលិត​ឪសថ​ខ្លះ​បាន​ប្រកាស​ពី​ប្រសិទ្ធិភាព​ដល់​ទៅ ៩៥% នៃ​វ៉ាក់សាំងបង្ការ​កូវីដ១៩​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ជនជាតិ​ប៉ាគីស្ថាន​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​តេស្តិ៍​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ចិន​ទាំង ១០ ០០០នាក់ មាន ៧ ០០០នាក់​បាន​ចាក់​រួច​ហើយ។ អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ធ្វើ​ការ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា លោក​ស្ម័គ្រចិត្ត​ធ្វើ​តេស្តិ៍​វ៉ាក់សាំង​ដើម្បី​បុព្វហេតុ​ដ៏​ថ្លៃថ្នូr​មួយ​ដែល​នឹង​ជួយ​មនុស្សជាតិ និង​បន្ថែម​ថា មាន​មនុស្ស​ជា​ច្រើន​ទៀត​នឹង​ចូលរួម​ស្ម័គ្រចិត្ត​ក្នុង​បុព្វហេតុ​ជួយ​ជីវិត​មនុស្ស។ អ្វី​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ជា​បុគ្គលិក​ពេទ្យ​រូប​នេះ​ចង់​និយាយ​ថា បើ​វ៉ាក់សាំង​ដែល​លោក​សាក​ពេល​នេះ​ផ្តល់​លទ្ធផល​ល្អ គេ​អាច​យក​ទៅ​ចាក់​បង្ការ​មនុស្សលោក​កុំ​ឲ្យ​ឆ្លង​កូវីដ១៩។

លោក Ejaz Ahmad Khan អ្នក​ស្រាវជ្រាវ​ដែល​ទទួល​បន្ទុក​ការ​សាកល្បង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ បាន​បញ្ជាក់​ថា លទ្ធផល​ដំបូង​ស្តីពី​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​នឹង​អាច​ដឹង​នៅ ២ ឬ ៣ខែ​ខាង​មុខ។ វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​កំពុង​ធ្វើ​តេស្តិ៍​លើ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​ប៉ាគីស្ថាន​ពេល​នេះ​ជា​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោធន៍ CanSinoBio និង​វិទ្យាស្ថាន​ជីវៈបច្ចេកវិទ្យា​របស់​ចិន។ នៅ​ប៉ាគីស្ថាន តួលេខ​ផ្លូវការ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​អ្នក​ឆ្លង​កូវីដ១៩ ចំនួន ៣២៨ ០០០នាក់ និង​អ្នក​ស្លាប់ ៧ ៨០០នាក់។ តែ​ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា តួលេខ​ពិត​ប្រាកដ​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ ព្រោះ​ការ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ នៅ​មាន​កម្រិត​តិចតួច​ខ្លាំង។

ចំណែក​ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​ទាំង​អស់​ជិត​អស់​កន្លែង​ទទួល​អ្នក​ជំងឺ និង​មាន​មន្ទីរពេទ្យ​ខ្លះ​ចាប់​ផ្តើម​មិន​ទទួល​អ្នក​ជំងឺ​តែ​ម្តង។ ដោយឡែក រដ្ឋអំណាច​សុខាភិបាល​បាន​ព្រមាន​ក្នុង​សប្តាហ៍​នេះ​ពី​រលកឆ្លង​លើក​ទី២ ដែល​អាច​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​រលក​ឆ្លង​លើក​ទី១ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​គម្លាត​សុវត្ថិភាព។ គួរ​រម្លឹក​ថា ខណៈ​ដែល​មាន​មន្ទីរពិសោធន៍​ខ្លះ​កំពុង​បន្ត​សាកល្បង​វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​ខ្លួន​ក្នុង​ដំណាក់ការ​ទី៣ ដែល​ជា​ដំណាក់ការ​ចុង​ក្រោយ មាន​មន្ទីរពិសោធន៍​ខ្លះ​ទៀត​បាន​ប្រកាស​ពី​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន។

ជាក់ស្តែង​ក្នុង​ខែ​វិច្ឆិកា​នេះ មន្ទីរពិសោធន៍​អាមេរិក អាល្លឺម៉ង់ Pfizer/BioNTech បាន​ប្រកាស​ពី​ប្រសិទ្ធិភាព ៩៥% មន្ទីរពិសោធន៍​អាមេរិក Moderna បាន​ប្រកាស​ពី​ប្រសិទ្ធិភាព ៩៤,៥% និង​មន្ទីរពិសោធន៍ AstraZeneca/Université d'Oxford បាន​ប្រកាស​ពី​ប្រសិទ្ធិភាព ៧០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ