អានតួអត្ថបទ

ចិន​នឹង​ហាមលែង​ឲ្យ​មាន​សំរាមរឹង​នាំចូល​ពី​បរទេស​ ចាប់ពី​ខែ​មករា ឆ្នាំ​២០២១

បុរសចិន​ម្នាក់​ធ្វើការ​នៅ គំនរសំបកដក​ប្លាស្ទិក​នៅទីក្រុង​វូហាន
បុរសចិន​ម្នាក់​ធ្វើការ​នៅ គំនរសំបកដក​ប្លាស្ទិក​នៅទីក្រុង​វូហាន ASSOCIATED PRESS - Anonymous
ដោយ៖ ឈាង បុប្ផា
១៩ នាទី

លែង​ចង់​ធ្វើជា​កន្លែងចាក់សំរាម​របស់​ប្រទេស​លោកខាងលិច ប្រទេស​ចិន បានសម្រេច កាលពីថ្ងៃ​សុក្រ​ម្សិលមិញ លែង​ឲ្យ​មាន​សំរាម រឹង គ្រប់ប្រភេទ នាំចូល​ពី​បរទេស ចាប់​តាំង ពី ខែមករា​ដើមឆ្នាំ​ក្រោយ។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ចិន ដែល​បាន​ដកស្រង់​សេចក្តីប្រកាស​រួម របស់​ក្រសួង​បរិស្ថាន ក្រសួង​ពាណិជ្ជកម្ម​និង អគ្គនាយកដ្ឋាន​ពន្ធដា ចិន។ នៅមុន​ប្រកាស ឈប់​ឲ្យគេ​នាំចូល​សំរាម​រឹង​ពីបរទេស រដ្ឋាភិបាល​ចិន​បាន​ផ្តើម​នយោបាយ ៣ឆ្នាំ ដើម្បី​កាត់បន្ថយ បន្តិចម្តងៗ ចំនួន​សំរាម​រឹង ដែលនាំចូល​ពី​បរទេស។ 

ផ្សាយពាណិជ្ជកម្ម

ដោយ​ហាមទាំងស្រុង ​លែង​ឲ្យ​គេ​នាំចូល​ សំរាម​រឹង​គ្រប់ប្រភេទ​ពី​បរទេស ចាប់​ពី​ដើមឆ្នាំ​ក្រោយ ចិន​បាន​បិទ ​ទំព័រ ដែល​ថា ចិន​ជាធុង​ដាក់សំរាម​របស់​ប្រទេស​អ្នកមាន។ ប្រទេស​ចិន​បាន​ចាប់ផ្តើម​នាំចូល​សំរាម​រឹង​ពីបរទេស តាំង​ពី​ទសវត្សរ៍ ឆ្នាំ ១៩៨០ សម្រាប់​ធ្វើ​ជា​ប្រភព​វត្ថុធាតុដើម។ បន្តិចម្តងៗ ចិន បាន​ក្លាយ​ជា​ប្រទេសធំជាង​គេ​ក្នុង​ពិភពលោក ខាង​នាំចូល​សំរាម​រឹង គ្រប់ប្រភេទ ពី បរទេស។ សំរាម​របស់​ក្រុមប្រទេស​អ្នកមាន ភាគច្រើន​ត្រូវ ដឹកនាំចូល​ទៅ​បណ្តាប្រទេស​អាស៊ី ជាទី ដែល​ក្រុមហ៊ុន​ក្នុងស្រុក បាន​ទិញបន្ត​យក​ទៅ សំអាត កែច្នៃ ប្រែក្លាយ​ជា​វត្ថុធាតុ​សម្រាប់​វិស័យ​ឧស្សាហកម្ម។

 

ប៉ុន្តែ នៅ​១០ឆ្នាំចុងក្រោយនេះ ប្រទេស​ចិន​បានផ្លាស់ប្តូរ មុខមាត់ ​ជា​មហាអំណាច​សេដ្ឋកិច្ច ពិភពលោក​ទី២ ក្រោយ​អាមេរិក និង​លែង​ចង់​ធ្វើ​កន្លែងចាក់សំរាម​របស់​ប្រទេស​អ្នកមាន​តទៅទៀត។ នៅ​ឆ្នាំ ២០១៧ រដ្ឋាភិបាល​ចិន​បានប្រកាស គោលនយោបាយ​កាត់បន្ថយ ការនាំចូល​សំរាម​រឹង​ពី​បរទេស នៅក្នុង​ហេតុផល​ការពារ​បរិស្ថាន និង សុខភាព​របស់​ប្រជាជនចិន។ នៅ ដើម​ឆ្នាំ ២០១៨ ចិន​សម្រេច​បិទទ្វារ មិនទទួល​យក​សំរាមរឹង​ពី​បរទេស ចំនួន ២៤​ប្រភេទ។ នៅ​ប៉ុន្មាន​ខែ​មកនេះ ចិន​បាន​បង្កើន​មុខ​សំរាម​បន្ថែមទៀត ដែល​ត្រូវហាមឃាត់​មិន​ឲ្យ​នាំចូល​ ដែល​មាន​ដូចជាសំរាម​ប្លាស្ទីក ក្រដាស​ដែក និង​សំរាមឈើ​ជាដើម។

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ សំរាមរឹង នាំចូល ពីបរទេស បាន​ថយចុះ ពាក់កណ្តាល ពីជាង ២២​លានតោន មក​នៅ​ត្រឹម ១៣លានតោន​នៅ​ឆ្នាំ ២០១៨។ នៅ​ក្នុង​រយៈពេល ១០ខែ ឆ្នាំនេះ ការនាំចូល​សំរាម​ពីបរទេស​បាន​ធ្លាក់ចុះ អស់ ៤២%។

គ្មាន​ប្រទេស​ណាមួយ ដែល​ចង់​ក្លាយ​ជា​ធុងសំរាម សម្រាប់ ដាក់សំណល់សំរាម​របស់អ្នកដទៃនោះទេ។ ចិនបាន​បិទទ្វារ លែង​ទទួល​យក​សំរាមរឹង​ចូល​ទឹកដី​របស់ខ្លួន បាន​ធ្វើ​ឲ្យ​ក្រុមប្រទេស​អ្នកមាន ជាពិសេស អាមេរិក និង​បណ្តា​ប្រទេស​នៅអឺរ៉ុប ភ័យ​ស្លន់ស្លោរ ជួបវិបត្តិគ្មាន​កន្លែងស្តុក​ទុកដាក់។ សំរាម​ប្លាស្ទិក ក្រដាស​ត្រូវ​កកផ្តុំ​ជាច្រើន​កន្លែង នៅ​ប្រទេស​ដើម ចំណែកក្រុមហ៊ុន​ក្នុង​ស្រុក​ចិន ដែលធ្វើជំនួញ ​លើ​ការកែច្នៃ​សំរាម​នាំចូល​ពីបរទេស ក៏ត្រូវ​ខាតបង់ ដួលរលំ ដោយសារ​តែ​វិធានការ​ហាមប្រាម​របស់​រដ្ឋាភិបាល។

នៅក្រោយ ចិន​ប្រកាស​បិទទ្វារ គេសង្កេតឃើញ ឥរិយាបទ​ពីរកើតឡើង។ ទី១ អាមេរិក និង​បណ្តាប្រទេស​អ្នកមាន ជាច្រើន​បាន​បែរ​ទិស ទៅរក​កន្លែង​ចាក់សំរាមផ្សេង នៅ​ប្រទេស​អាស៊ី​ផ្សេងទៀត ដូចជា ម៉ាឡេស៊ី ថៃ និង​កម្ពុជា​ជាដើម ដែល​បាន​ក្លាយ គោលដៅ​បណ្តោះអាសន្ន និង​មានកំណត់ បើប្រៀបធៀប​នឹង​ប្រទេស​ចិន។ ឥណ្ឌា​ក៏​កំពុង​ក្លាយ​ជា​គោលដៅ​ថ្មី​របស់​សំរាមរឹង​បរទេស។ ទី២ រដ្ឋាភិបាល​របស់​ប្រទេស​អឺរ៉ុប​មួយចំនួន បាន​ចាប់ផ្តើម​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​សំរាម​ក្នុងស្រុក។ ប៉ុន្តែ បញ្ហា​ចោទនៅត្រង់ថា ផលិតផល​ដែល​កើតចេញពី​សំរាម​កែច្នៃ ដែលត្រូវការ​បច្ចេកវិទ្យា​ខ្ពស់ លក់​ក្នុង​តម្លៃ​ថ្លៃ ដែល​ពិបាក​ប្រកួតប្រជែង​នឹង​ផលិតផល​ដែល​កើតចេញ​ពី​វត្ថុធាតុដើម ពីធម្មជាតិ ដូចជា​ប្រេង​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ