អានតួអត្ថបទ
ចិន-អូស្រ្តាលី

ភាពតានតឹងផ្លូវទូតកំពុងបន្តរុញចិន និងអូស្រា្តលីឲ្យប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងរឿងពាណិជ្ជកម្ម

ភាពតានតឹងផ្លូវទូតកំពុងបន្តរុញចិន និងអូស្រា្តលីឲ្យប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងរឿងពាណិជ្ជកម្ម
ភាពតានតឹងផ្លូវទូតកំពុងបន្តរុញចិន និងអូស្រា្តលីឲ្យប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងរឿងពាណិជ្ជកម្ម AP - Mark Schiefelbein
១៧ នាទី

នៅ​ថ្ងៃ​សុក្រ ទី២៧ វិច្ឆិកា ប្រទេស​ចិន​បាន​បង្កើន​គំនាប​ដាក់​ប្រទេស​អូស្រា្តលី​ដោយ​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​ចាស់ដៃ​លើ​ស្រា​អូស្រា្តលី​នាំ​ចូល​ចិន។ ការ​សម្រេច​បន្ថែម​ពន្ធ​លើ​ស្រា​អូស្រា្តលី​នាំ​ចូល​ចិន​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ចិន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា គឺ​មក​ពី​ឧស្សាហកម្ម​ស្រា​ចិន​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​នាំ​ចូល​ស្រា​អូស្រា្តលី។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អូស្រា្តលី​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ​ដោយ​ចាត់​ទុក​វិធានការ​របស់​ចិន​ថា មិន​យុត្តិធម៌ គ្មាន​សមហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

ផ្សាយពាណិជ្ជកម្ម

ជម្រើស​របស់​ចិន​ក្នុង​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ស្រា​អូស្រា្តលី​ជា​ជម្រើស​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អូស្រា្តលី​ឈឺ​ចុកចាប់​ខ្លាំង​ណាស់។ ឈឺ​ចុកចាប់​ខ្លាំង ព្រោះ​ស្រា​ជា​ផលិតផល​ដែល​អូស្រា្តលី​បាន​នាំ​ចេញ​ទៅ​ចិន​យ៉ាង​ច្រើន​សម្បើម។ គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២០ អូស្រ្តាលី​ជា​ប្រទេស​ទី១ នាំ​ស្រា​ចេញ​ក្នុង​បរិមាណ​ច្រើន​ទៅ​កាន់​ប្រទេស​ចិន នេះ​បើ​តាម​សភា​ពាណិជកម្ម​ស្បៀងអាហារ​របស់​ចិន។ ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ ទឹកលុយ​បាន​ពី​ការ​នាំ​ស្រា​អូស្រ្តាលី​ទៅ​ចិន​មាន​ដល់​ទៅ ៧៦០លានអឺរ៉ូ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អូស្រា្តលី។

តែ​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី២៨ វិច្ឆិកា​ទៅ ពន្ធ​លើ​ការ​នាំ​ស្រា​អូស្រា្តលី​ចូល​ចិន​នឹង​ត្រូវ​ដំឡើង​ក្នុង​ចន្លោះ ១០៧,១% និង ២១២,១% សម្រាប់​ដប​ដែល​មាន​ចំណុះ ២លីត្រ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ស្រា​អូស្រា្តលី​ក៏​ដោយសារ​លទ្ធផល​អង្កេត​បឋម​មួយ​បាន​បញ្ជាក់​ថា ឧស្សាហកម្ម​ស្រា​ចិន​បាន​រងគ្រោះ​ខ្លាំង​ដោយ​ការ​នាំ​ចូល​ស្រា​អូស្រ្តាលី។ វិធានការ​របស់​ចិន​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​អូស្រា្តលី​ឈរ​ឱបដៃ​មើល​យូរ​ឡើយ។ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អូស្រា្តលី​បាន​បរិហារ​លើ​វិធានការ​របស់​ចិន​ដោយ​ចាត់​ទុក​ជា​វិធានការ​អយុត្តិធម៌ មិនសមហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

ចំណែក​រដ្ឋមន្រ្តី​កសិកម្ម​អូស្រា្តលី​បាន​ធានា​ថា អូស្រា្តលី​នឹង​ការពារ​ឧស្សាហកម្ម​ស្រា​របស់​ខ្លួន​ប្រឈម​នឹង​ការ​ដំឡើង​ពន្ធ​របស់​ចិន និង​ថា អូស្រា្តលី​ចង់​លើក​យក​រឿង​នេះ​ទៅ​ប្តឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ គួរ​បញ្ជាក់​ថា ភាព​តានតឹង​រវាង​ចិន និង​អូស្រា្តលី​ក្នុង​រឿង​ពាណិជ្ជកម្ម​គ្រាន់​ជា​ផ្នែក​មួយ​ដែល​បន្ថែម​លើ​រឿង​ផ្សេង​ទៀត​ប៉ុណ្ណោះ។ រឿង​ផ្សេង​ទៀត​ដែល​សំខាន់​មាន​ពីរ ទី១ គឺ​ការ​ដែល​អូស្រ្តាលី​បាន​សម្រេច​មិន​យក​ក្រុមហ៊ុន​ចិន Huawei ដើម្បី​បំពាក់​បណ្តាញ​ទូរស័ព្ទ ៥G និង​ទី២ គឺ​ការ​ដែល​អូស្រា្តលី​ហ៊ាន​ទាមទារ​ជា​ផ្លូវការ​ឲ្យ​មាន​បើក​​ស៊ើបអង្កេត​ឯករាជ្យ​ជុំវិញ​ប្រភពដើម​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ចិន។

គឺ​ទង្វើ​របស់​ក្រុង​កង់បេរ៉ា​ទាំង​នេះ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ពិបាក​បន្ត​ទប់​កំហឹង និង​ទ្រាំ​លេប​ទឹកមាត់។ កន្លង​មក ចិន​បាន​ព្យួរ​ការ​នាំ​ចូល​សាច់​គោ​អូស្រា្តលី ហើយ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​ការបរទេស​ចិន​បាន​ណែនាំ​និស្សិត​ចិន​កុំ​ឲ្យ​ទៅ​សិក្សា រៀនសូត្រ​នៅ​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ