អានតួអត្ថបទ
ឥណ្ឌា-សេដ្ឋកិច្ច-កូវីដ១៩

ឥណ្ឌាបានស្គាល់សេដ្ឋកិច្ចដើរថយក្រោយជាលើកទី១ គិតតាំងពីក្រោយទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៤៧

ឥណ្ឌាបានស្គាល់ផលិតផលសរុបក្នុងស្រុកបានដាំក្បាលចុះចំនួន ២ត្រីមាសជាប់គ្នា
ឥណ្ឌាបានស្គាល់ផលិតផលសរុបក្នុងស្រុកបានដាំក្បាលចុះចំនួន ២ត្រីមាសជាប់គ្នា AP - Aijaz Rahi
១៦ នាទី

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទិន្នន័យ​ផ្លូវការ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី២៧ វិច្ឆិកា​ឲ្យ​ដឹង​ថា ផលិតផលសរុប​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ ៧,៥% នៅ​ត្រីមាសទី៣ ចន្លោះ​ខែ​កក្កដា និង​ខែ​កញ្ញា​កន្លង​ទៅ។ តែ​តួលេខ​នៅ​ត្រីមាសទី៣ គ្រាន់​បើ​ជាង​ត្រីមាស​ទី២ ចន្លោះ​ខែ​មីនា និង​ខែ​ឧសភា​ដែល​ផលិតផលសរុប​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​ដល់​ទៅ ២៣,៩%។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ធ្លាក់​ចុះ​ផលិតផល​សរុប​ក្នុង​ស្រុក​ចំនួន ២ត្រីមាស​ជាប់​គ្នា​មាន​ន័យ​ថា ឥណ្ឌា​ស្គាល់​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ជា​ផ្លូវការ និង​ជា​លើកទី១ គិត​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧។

ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​ប្រទេស​ជា​ច្រើន​ក្នុង​លោក​ទេ ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី៣ នៅ​អាស៊ី និង​ជា​ប្រទេស​មួយ​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ក៏​មិន​អាច​ចៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។បន្ទាប់​ពី​សហរដ្ឋអាមេរិក ឥណ្ឌា​ជា​ប្រទេស​ស្ថិត​លំដាប់ទី២ ដែល​មាន​ករណី​វិជ្ជមាន​កូវីដ១៩ ច្រើន​ជាង​គេ​ជាមួយ​នឹង​វត្តមាន​អ្នក​ជំងឺ​កូវីដ១៩ ជាង ៩ ០០០ ០០០នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី២៧ វិច្ឆិកា។ ការ​ធ្លាក់​ចុះ​ផលិតផល​សរុប​ក្នុង​ស្រុក​ចំនួន ២ត្រីមាស​ជាប់​គ្នា​បាន​រុញ​ឥណ្ឌា​ឲ្យ​ធ្លាក់​ក្នុង​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ជា​ផ្លូវការ។ នេះ​ពិត​ជា​ព្រឹត្តិការណ៍​លើកទី១ ដែល​ឥណ្ឌា​មិន​ធ្លាប់​ប្រទះ​ទេ តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧។

តាម​ពិត ឥណ្ឌា​បាន​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដោយ​ចៀសវាង​ការ​បិទខ្ទប់​សេដ្ឋកិច្ច​ទាំង​ស្រុង។ នៅ​ក្រោយ​រលក​ឆ្លង​កូវីដ១៩ លើកទី១ មាន​ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន ពិសេស​សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​ជប៉ុន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ស្ទុះ​ឡើង​តិចតួច។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​ផ្តល់​ត្រឹម​ក្តីសង្ឃឹម​ឲ្យ​ឥណ្ឌា។ បន្ទាប់​មក​ក្នុង​រយៈពេល​ជិត​ដល់​ខែ​បុណ្យទាន​ឥណ្ឌា​ពី​ខែ​តុលា​ដល់​ខែ​វិច្ឆិកា ឥណ្ឌា​បាន​ស្គាល់​កំណើន​ចាយវាយ​របស់​ពលរដ្ឋ។ តែ​ក្តី​សង្ឃឹម​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ពី​កំណើន​ចាយវាយ​របស់​ពលរដ្ឋ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដដែល។ វិស័យ​ដែល​បន្ត​ដុនដាប​ខ្លាំង គឺ​វិស័យ​សំណង់ និង​សណ្ធាគារ។

មាន​តែ​វិស័យ​កសិកម្ម និង​សកម្មភាព​កម្មន្តសាល​ដែល​បាន​ស្គាល់​កំណើន​ឡើង​វិញ​ក្នុង​ចន្លោះ​ខែ​កក្កដា និង​ខែ​កញ្ញា បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៤០% ក្នុង​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​បាន​ថ្លែង​ដោយ​មាន​សុទិដ្ឋិនិយម​ថា តួលេខ​ស្តីពី​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​ឥណ្ឌា​ទទួល​បាន​ក្នុង​ត្រីមាស​ចុង​ក្រោយ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ស្ថានភាព​សេដ្ឋកិច្ច​ឥណ្ឌា​អាច​ប្រសើរ​ឡើង​វិញ​នៅ​ត្រីមាស​ខាង​មុខ​ដែល​ជា​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០ នេះ។

ចំណែក​សេដ្ឋវិទូ​ឥណ្ឌា​ម្នាក់​នៅ​ធនាគារ Baroda លោក Sameer Narang ក៏​បាន​មើល​ឃើញ​ស្រដៀង​គ្នា​នេះ​ដោយ​បញ្ជាក់​ថា សេដ្ឋកិច្ច​ឥណ្ឌា​បាន​ឆ្លង​ផុត​ពី​រឿងអាក្រក់​ហើយ ហើយ​ឥណ្ឌា​នឹង​ផ្តើម​បន្ត​មាន​សេដ្ឋកិច្ច​ចម្រើន​នា​ពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ