កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៧នាក់ ហើយថា ជាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៧ករណី និងជាសះស្បើយចំនួនពីរករណី។ ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មី៧ករណី មាន៦ករណី មិនដឹងប្រភពច្បាស់ និង១ករណីទៀត ជាករណីនាំចូល។ ករណីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ជាករណីឆ្លងចូលសហគមន៍ជាលើកដំបូង ហើយអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ត្រីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ ដែលមានអាស័យដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីយប់ថ្ងៃទី ២៨ វិច្ឆិកា បន្ទាប់ពីគាត់មានអាការៈមិនស្រួលខ្លួន។
ចំណែកស្វាមីរបស់គាត់វ័យ៥៦ឆ្នាំ ដែលមានតួនាទីជាអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារចំនួន៤នាក់ទៀតក៏វិជ្ជមានកូវីដ១៩នេះដែរ។ ក្នុងនោះរួមមានស្ត្រីអាយុ៣៦ឆ្នាំម្នាក់, កុមារាអាយុ១២ឆ្នាំម្នាក់, បុរសអាយុ៣៦ឆ្នាំម្នាក់ និងបុរសអាយុ៣០ឆ្នាំម្នាក់ទៀត ដែលនៅក្នុងផ្ទះជាមួយគ្នា។ បច្ចុប្បន្នពួកគេទាំង៦នាក់ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តែទោះជាយ៉ាងនេះក្តី អ្វីដែលកំពុងព្រួយបារម្ភនៅពេលនេះ គឺក្រសួងសុខាភិបាលនៅមិនទាន់អាចកំណត់បាននៅឡើយទេថា តើស្ត្រីវ័យ៥៦ឆ្នាំរូបនេះ ដែលបានធ្វើដំណើរឡើងចុះពីខេត្តសៀមរាបមកភ្នំពេញ និងទៅបណ្តាខេត្តផ្សេងៗទៀតនោះ បានឆ្លងជំងឺកូវីដ១៩នេះពីប្រភពណានៅឡើយទេ។ ហើយអ្វីដែលកាន់តែព្រួយបារម្ភជាងនេះទៅទៀតនោះ តើក្នុងអំឡុងពេលមុនរកឃើញវិជ្ជមានកូវីដ១៩នេះ តើស្ត្រីរូបនេះនិងស្វាមីបានធ្វើដំណើរទៅទីណាខ្លះដែរ។
ប៉ុន្តែនៅចំពោះមុខនេះ ក្រសួងសុខាភិបាលបានប្រកាសបិទផ្សារទំនើបអ៊ីអនទី១ជាបណ្តោះអាសន្ន និងអំពាវនាវអោយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅទីនោះ ចាប់ពីវេលាម៉ោង៧និង៣០នាទីព្រឹកតទៅ។ ផ្សារទំនើបអ៊ីអនទី១ ជាទីដែលស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បានធ្វើដំណើរទៅ។ ចំណែកពាក់ព័ន្ធនឹងសកម្មភាពស្វាមីរបស់ស្ត្រីវ័យ៥៦ឆ្នាំរូបនេះវិញ ត្រូវបានគេដឹងថា ទើបមានកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងបានធ្វើដំណើរទៅកាន់ខេត្តមួយចំនួនទៀត ដូចជា ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគិរី និងទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។
ប្រឈមករណីនេះ ក្រសួងសុខាភិបាល បានអំពាវនាវអោយអ្នកពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ និងពន្ធនាគារព្រៃសរ មកធ្វើតេស្តរកជំងឺកូវីដ១៩។ ក្នុងចំណោមនោះ ក៏មានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺសុទ្ធសឹងជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនោះ។ នេះបើតាមសារសំឡេងរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។
ករណីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ជាករណីឆ្លងចូលសហគមន៍ជាលើកដំបូង ហើយអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងសុខាភិបាលក៏បានណែនាំអោយអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺទាំង៦នាក់ខាងលើ ចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួន និងនៅមណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តបន្ទាយមានជ័យ ជាទីដែលអ្នកជំងឺបានធ្វើដំណើរទៅ។
គួរជំរាបជូនថា គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកានេះ កម្ពុជាបានរកឃើញករណីអ្នកមានជំងឺកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន១៤នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ