អានតួអត្ថបទ

ចលនាទាមទារ​ប្រជាធិបតេយ្យ​ថៃ បែរទិស​បាតុកម្ម សំដៅ កងរាជសេនា របស់​ព្រះមហាក្សត្រ

ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ថៃ ធ្វើ​បាតុកម្ម​នៅមុខ កងវីរសេនាធំជើងគោក ដែល​ជា​កងរាជសេនា​របស់​ព្រះមហាក្សត្រ​ថៃ នៅទីក្រុង​បាងកក កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០២០
ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ថៃ ធ្វើ​បាតុកម្ម​នៅមុខ កងវីរសេនាធំជើងគោក ដែល​ជា​កងរាជសេនា​របស់​ព្រះមហាក្សត្រ​ថៃ នៅទីក្រុង​បាងកក កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០២០ REUTERS - SOE ZEYA TUN
ដោយ៖ ឈាង បុប្ផា
១៧ នាទី

បន្ទាប់ពី​បាតុកម្ម​តវ៉ា​នៅមុខ ធនាគារSiam Commercial Bank ដែល​មាន​ព្រះមហាក្សត្រ ព្រះចៅ វិជ្ជរ៉ាឡុងកន ជាម្ចាស់ភាគហ៊ុន​ធំជាងគេ កាលពី​ថ្ងៃ ពុធ ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ថៃ រាប់ពាន់នាក់ បាន​លើកគ្នា នៅថ្ងៃ​អាទិត្យ ម្សិលមិញ ទៅ​ធ្វើ​បាតុកម្ម នៅ​មុខ បន្ទាយ កងវីរសេនា​ធំជើងគោកថៃ​លេខ ១១ ដែល ព្រះមហាក្សត្រ​ថៃ បាន​ត្រាស់បង្គាប់ ឲ្យ​ធ្វើ​ជា​កងរាជសេនា ក្រោមបញ្ជា​ផ្ទាល់​របស់ព្រះអង្គ ចាប់តាំង​ពី​ឆ្នាំ ២០១៩។ 

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អាទិត្យ បាតុកម្ម​របស់​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ថៃ ដែល​កើតមាន​សឹង​រាល់ថ្ងៃ នៅទីក្រុង​បាងកក បាន​បែរសំដៅ ទៅ រៀបចំ ​នៅ​មុខ បន្ទាយ​កងវីរសេនាធំជើងគោក លេខ ១១។ អង្គភាព​មួយនេះ ហើយនិង​កងវីរសេនាធំ ជើងគោក លេខ ១ ត្រូវ​បាន​ព្រះមហាក្សត្រ ថៃ ព្រះចៅ វិជ្ជរ៉ាឡុងកន ចាត់​បង្គាប់​ឲ្យធ្វើជា​កងរាជសេនា ក្រោម​បញ្ជាផ្ទាល់ របស់​ព្រះអង្គ។

សម្រាប់ អ្នកជំនាញ ដោយ​ដាក់អង្គភាព​ទ័ព ពីរ ក្រោម​បញ្ជា​ផ្ទាល់ ព្រះចៅ​វិជ្ជរ៉ាឡុងកន កំពុង​ចង់ ពង្រឹង​អំណាច ជា​ស្តេច​ផែនដី។ មេដឹកនាំ​ចលនា​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ លោក Parit Chiwarak វិញ យល់​ថា អង្គភាព​ទ័ព​ទាំងពីរ ដែល​ព្រះមហាក្សត្រ យក​ទៅ​គ្រប់គ្រង​ដោយផ្ទាល់ មាន​ដៃ​ប្រឡាក់​ឈាម ធ្លាប់​ចូលរួម​បង្រ្កាប ក្រុមបាតុករ និង​ធ្លាប់​ដើរតួនាទី​សំខាន់ ក្នុង​ការធ្វើ​រដ្ឋប្រហារ កន្លងមក។

នៅថ្ងៃ​អាទិត្យ នៅមុខ បន្ទាយ​ទាហាន ដែល ឡោមព័ទ្ធ​ដោយ លួសបន្លា និង មាន​ការពារ​ដោយ​ប៉ូលិស​បង្រ្កាប​បាតុកម្ម បាតុករ​បាន​ពង្រាយ ពោង រូបសត្វទា ដែល​ជានិមិត្ត​នៃ​ការប្រើ​អំណាច​របស់​កងទ័ព ដើម្បី​ដឹកនាំ​នយោបាយ ដោយ​មិន​គិតខ្វល់​ឆន្ទៈ យោបល់​របស់​ប្រជាជន​ថៃ។ និស្សិតស្រីឈ្មោះ  ហ្វាង ដេល​បាន​ចូលរួមធ្វើ​បាតុកម្ម នៅថ្ងៃ​ម្សិលមិញ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំងថា ​កងទ័ព​ត្រូវ បម្រើ​ប្រជាជន ដែល​ជា​អ្នកបង់ពន្ធ ប៉ុន្តែ មិនមែន​បម្រើ​ព្រះមហាក្សត្រ​នោះទេ។ អ្វី​នាង​សោកស្តាយ​គឺ រាល់​ឧបករណ៍​ដែល​ប៉ូលិស​ប្រើ​សម្រាប់​បង្រ្កាប​ប្រជាជន គឺ​បាន​មក​ពី​បា្រក់បង់ពន្ធ​របស់​ប្រជាជន​ថៃ​សុទ្ធសាធ។

ដោយសំអាង ការពារ ព្រះរាជបល្ល័ង្ក កងទ័ព​ថៃ បាន​ធ្វើ​រដ្ឋប្រហារ ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​កើតចេញ​មកពី​ការបោះឆ្នោត ជាង​១០ដង គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៣២ ឆ្នាំដែល​ប្រទេស​ថៃ បាន​បិទបញ្ចប់​របបរាជានិយម​ផ្តាច់ការ។ កងទ័ព​ថៃ​ផ្ទាល់ តែង​ចេញមុខ​បម្រើ ការពារ ព្រះមហាក្សត្រ​ថៃ ដែល​អ្នកជំនាញ វាយតម្លៃថា មាន​ទ្រព្យសម្បត្តិ ប្រមាណ ៦២ពាន់​លានដុល្លារ។

នៅក្នុង​ការទាមទាររបស់​ខ្លួន ចលនា ទាមទារ​ប្រជាធិបតេយ្យ នៅតែ​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ពួកគេ​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​បាន​ផ្តល់អំណាច​ច្រើនជ្រុល​ដល់​កងទ័ព។ ការទាមទារ​ចុងក្រោយ​របស់ពួកគេ គឺ​ការធ្វើ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ។ គេ​សង្កេតឃើញថា ពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ ចលនា​ប្រជាធិបតេយ្យ​បានចេញមុខ ទាមទារ កាន់តែ​ចំៗ ការធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ជា​ពិសេស​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រាជវង្ស​ដ៏​មហាសាល ​ដែលលែង​សូវ​មាន​តម្លាភាព គិត​ចាប់​តាំង​តាំង​ពី​ព្រះមហាវិជ្ជរ៉ាឡុងកន បញ្ជា​ឲ្យ​ធ្វើ​ច្បាប់​ប្រគល់​អំណាច​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រាជវាំង ទាំង​អស់​មក​ឲ្យ​ព្រះអង្គ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ