អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ភេរវកម្ម​​បំផ្ទុះ​រថយន្ត ស្លាប់​ទាហាន​២៦នាក់ នៅភាគខាងកើត

ទាហានអាហ្វហ្កានីស្ថាន កំពុងដើរល្បាត ជុំវិញទីតាំងដែលរងការវាយ​ប្រហារភេរវកម្ម នៅថ្ងៃទី ២៩​វិច្ឆិកា ២០២០ ក្នុងខេត្ត Ghazni ។
ទាហានអាហ្វហ្កានីស្ថាន កំពុងដើរល្បាត ជុំវិញទីតាំងដែលរងការវាយ​ប្រហារភេរវកម្ម នៅថ្ងៃទី ២៩​វិច្ឆិកា ២០២០ ក្នុងខេត្ត Ghazni ។ REUTERS - MUSTAFA ANDALEB
ដោយ៖ ម៉ម ពិសី
១៥ នាទី

យ៉ាងហោចណាស់ មានទាហានអាហ្វហ្កានីស្ថាន២៦នាក់ បានស្លាប់នៅក្នុងហេតុការណ៍​ភេរវកម្ម​បំផ្ទុះរថយន្តមួយ នៅក្នុងខេត្ត Ghazni ភាគខាងកើតអាហ្វហ្កានីស្ថាន។ មិនទាន់មាន​ប្រកាសទទួលស្គាល់ថាជាស្នាដៃ របស់​ក្រុមណាមួយ​ឡើយ តែតំបន់នេះ តែងតែជា​ទីលានធ្វើសកម្មភាព​ របស់​ក្រុមតាលីបង់។ គួរកត់សំគាល់ថា ប៉ុន្មានខែចុងក្រោយនេះ ក្រុមតាលីបង់ បានធ្វើសកម្មភាព​វាយប​្រហារ សម្លាប់មនុស្ស​ កាន់តែញឹកញាប់ ខណៈដែលការចរចាសន្តិភាព រវាងក្រុមខ្លួន និង​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅជាប់គាំងមិនទៅមុខ។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរខេត្ត ​Ghazni បានបញ្ជាក់ថា នៅថ្ងៃទី​២៩វិច្ឆិកា អំពើភេរវកម្មមួយ​ សំដៅវាយប្រហារទៅលើទៅតាំង មូលដ្ឋានទ័ពអាហ្វហ្កានីស្ថាន ក្នុងខេត្តនេះ ដោយ​បានបណ្តាល​ឲ្យ​ស្លាប់ទាហានចំនួន​ ២៦នាក់ ព្រមទាំងរបួស​១៧នាក់។ ភេរវជន បានប្រើរថយន្តផ្ទុកដោយ​គ្រាប់ផ្ទុះ បើ​បំបុកនៅទីតាំងកន្លែងកើតហេតុ។ នេះបើផ្អែកតាមការឲ្យដឹង ពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន។

អំពើភេរវកម្មនេះ មិនទាន់មានក្រុម​ណាមួយ​ចេញមុខអះអាង ថាជាស្នាដៃខ្លួនទេ។ ក៏ប៉ុន្តែអាជ្ញាធរ​អាហ្វហ្កានីស្ថាន បានដាក់ការសង្ស័យ ថាជាស្នាដៃរបស់​ក្រុមតាលីបង់ ព្រោះថាតំបន់ខេត្ត Ghazni គឺធ្លាប់​បានរងអំពើភេរវកម្ម បង្កដោយ​ក្រុមតាលីបង់ ជាញឹកញាប់។

សូមបញ្ជាក់ថា ការចរចាសន្តិភាព រវាងក្រុមតាលីបង់ និង​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលបានចាប់ផ្តើម កាលពីពាក់កណ្តាលខែកញ្ញា នៅក្រុងដូហា គឺនៅជាប់គាំងមិនទៅមុខឡើយ ដោយ​ភាគី​ទាំងសងខាង មិនចុះសម្រុងគ្នា ទាក់ទិននឹងការទំលាក់អាវុធ។

សហរដ្ឋអាេមរិក ដែលជាអ្នកជំរុញផ្តួចផ្តើម ឲ្យ​មានការចរចានេះ ត្រូវបានគេមើលឃើញថា កំពុងតែយករួចខ្លួន ដោយ​បានបង្ខំ​​ដកកម្លាំងទ័ព ព្រមទាំងដក​មធ្យោបាយ​ការពារសន្តិសុខពីលើអាកាស ធ្វើឲ្យ​កងទ័ព​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន គ្មានបង្អែក។ គោលនយោបាយ​ដកទ័ពដោយ​តក់ក្រហល់​ ដើម្បីចង់បានសម្លេងឆ្នោត របស់​លោកដូណាល់ ត្រាំ គឺ​ប្រជាជនអាហ្វហ្កានីស្ថាន ជាអ្នករងទទួលថ្មបាក់។

គួរកត់សម្គាល់​ថា ក្នុងរវាង៦ខែចុងក្រោយនេះ ក្រុមតាលីបង់ បាន​ធ្វើ​សកម្មភាពវាយ​ប្រហារ អត្តឃាត ចំនួន​៥៣លើក និង​ធ្វើអំពើភេរវកម្ម ចំនួន​១២៥០លើក នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ អំពើវាយប្រហារទាំងនេះ បានបណ្តាលឲ្យ​ស្លាប់ជីវិត​ប្រជាជនស្លូតត្រង់ ចំនួន​ប្រមាណ​១២០០នាក់ និង​របួស​​ប្រមាណ​២៥០០នាក់ ក្នុងរវាង៦ខែចុងក្រោយនេះ។ នេះបើផ្អែកតាមតួលេខ របស់​ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន។ ជាក់ស្តែង កាលពីថ្ងៃអង្គារ ទី២៤វិច្ឆិកា អំពើេភេរវកម្មមួយ នៅក្រុង Bamiyan បានសម្លាប់​ជីវិតប្រជាជន​១៤នាក់។

ក្រៅពី​ក្រុមតាលីបង់ ក្រុងជីហាតអង្គការរដ្ឋអ៊ីស្លាម ក៏តែងតែធ្វើសកម្មភាព​ភេរវកម្ម ញឹកញាប់ផងដែរ ជាក់ស្តែងអំពើភេរវកម្មនៅក្រុងកាប៊ូល កាលពី​សប្តាហ៍កន្លងទៅ ដែលបាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​៥០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ