អានតួអត្ថបទ
ថៃ-នយោបាយ

តុលាការ​ធម្មនុញ្ញ​ថៃ​ថាលោកប្រាយុទ្ធ ចាន់អូចា អាច​បន្ត​​មុខ​ងារ​​ជា​​​នាយករដ្ឋមន្ត្រី​ និង​​រដ្ឋមន្ត្រី​​ការពារ​​ជាតិ

លោក​ប្រាយុទ្ធ ចាន់អូចា ក្នុងពិធីមួយ​ក្នុង​ព្រះបរមរាជវាំង ថ្ងៃទី ១៦ កក្កដា ២០១៩
លោក​ប្រាយុទ្ធ ចាន់អូចា ក្នុងពិធីមួយ​ក្នុង​ព្រះបរមរាជវាំង ថ្ងៃទី ១៦ កក្កដា ២០១៩ REUTERS/Soe Zeya Tun
ដោយ៖ ម៉ម ពិសី
១៨ នាទី

តុលាការធម្មនុញ្ញថៃ បានសម្រេច​កាល​ពីថ្ងៃពុធ ទី​២ធ្នូ ថា​លោក​ប្រាយុទ្ធ ចាន់អូចា អាចបន្តស្នាក់​នៅ​ ក្នុង​និវេសនដ្ឋាននៃអគ្គមេ​បញ្ជាការកងទ័ពជាតិថៃ ព្រោះលោក​ មានតួនាទី​ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផង។ ការសម្រេចនេះ គឺបន្ទាប់ពីមាន​ការប្តឹងពី​គណបក្ស​ ភឿថៃ ដែល​លើកឡើងថា លោក​ប្រាយុទ្ធ ចាន់អូចា បានធ្វើបំពាន​អំណាច។ យ៉ាងណាក៏ដោយ ការដែលតុលាការធម្មនុញ្ញថៃ សម្រេចថាលោកប្រាយុទ្ធ ចាន់អូចា មិនបានធ្វើខុសនេះ គឺវានឹងរឹតតែ​បន្ថែមកំហឹងតវ៉ាបាតុកម្ម​ ឲ្យ​ខ្លាំង​ឡើងថែមទៀត។

ផ្សាយពាណិជ្ជកម្ម

សមាជិកសភាគណបក្ស ភឿថៃ ដែលជាបក្សប្រឆាំង បាន​ដាក់ពាក្យ​ប្តឹងទៅតុលាការធម្មនុញ្ញ ថា​ ការដែលលោក​ប្រាយុទ្ធ ចាន់អូចា បន្តកាន់កាប់ និងស្នាក់នៅនិវេសនដ្ឋាន របស់​ប្រមុខមេបញ្ជាការកងទ័ព វាគឺ​ជារឿងខុសច្បាប់។ គណបក្ស​ប្រឆាំងថៃ លើកហេតុផលថា បញ្ហានេះ វាអាច​ជា​ករណី​បំពានអំណាច ហើយ​អាចតម្រូវ​ឲ្យ​លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពីមុខតំណែង ព្រោះថា លោក​លោក​ប្រាយុទ្ធ ចាន់អូចា​​ បាន​ចេញពីមុខតំណែង​អគ្គមេបញ្ជាការកងទ័ព​ថៃ តាំងតែពីឆ្នាំ​២០១៤ម្លេះ បន្ទាប់​ពីលោក​បានធ្វើ​រដ្ឋប្រហារយោធា ហើយ​ឡើងអង្គុយ​លើ​កៅអីនាយករដ្ឋមន្ត្រី។

ក៏ប៉ុន្តែ នៅថ្ងៃ​ទី​២ធ្នូ ចៅក្រមទាំង៩នាក់ នៃតុលាការធម្មនុញ្ញថៃ បានសម្រេចជាឯកច្ឆន្ទ ថា « លោកប្រាយុទ្ធ ចាន់អូចា ក្រៅពីកាន់​មុខនាទី​ជានាយករដ្ឋមន្ត្រី គឺមានមុខតំណែងមួយ​ទៀត ជា​រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះ ក្នុងនាមជាអគ្គមេបញ្ជាការកំពូល នៃកងទ័ពជាតិថៃ លោក​ ប្រាយុទ្ធ ចាន់អូចា មានសិទ្ធិស្នាក់​នៅ និវេសនដ្ឋាននៃប្រមុខដឹកនាំកងទ័ព »។ 

លោក Thitinan Pongsudhirak សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ​ជូឡាឡុងកន បានលើកឡើងថា សាលក្រមថ្មីមួយទៀតរបស់​តុលាធម្មនុញ្ញថៃនេះ គឺវានឹងបន្ថែមធ្វើ​ឲ្យ​ ក្រុម​សកម្មជនប្រជាធិបតេយ្យ ដែលបានធ្វើបាតុកម្ម ជាច្រើនខែមកនេះ មាន​អារម្មណ៍កាន់តែ​ខ្លាំង​ថា តុលាការធម្មនុញ្ញ កាន់ជើង​ លំអៀង ទៅខាង​លោក​ប្រាយុទ្ធ ចាន់អូចា។

ជាការកត់សំគាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ តុលាការធម្មនុញ្ញថៃ បានសម្រេចសេចក្តីជាច្រើនលើក ដែល ហាក់បាន​បង្កើតភាពអយុត្តិធម៌នយោបាយ សម្រាប់​គណបក្សប្រឆាំង និងអ្នកប្រជាធិបតេយ្យ​​​ថៃ​​។ ជាក់ស្តែង កាលពីខែកុម្ភៈ តុលាការកំពូលនេះ បានសម្រេចរំលាយ​គណបក្ស​ អាណាឃុតម៉ៃ ដែលជា​បក្សនយោបាយ​វ័យក្មេង មាន​សន្ទុះគាំទ្រខ្លាំង កាលពី​ពេល​បោះឆ្នោត​ឆ្នាំ​២០១៩។ លោក ថាណាថន ព្រមទាំងថ្នាក់ដឹកនាំគណបក្សនេះ ត្រូវបាន​តុលាការនេះ​ ហាម​ឃាត់​មិនឲ្យ​​ធ្វើនយោបាយ​ រយៈពេល​​១០​ឆ្នាំ។

បាតុកម្មទាមទារលិទ្ធិប្រជាធិបតេយ្យ បានផុសផុលឡើង តាំងតែពី​ខែកក្កដា ហើយ​បើគិតមកទល់ពេលនេះ មនុស្សយ៉ាងហោច ១៧៤នាក់​ត្រូវជាប់ចោទ ពីបទធ្វើសកម្មភាពបះបោរ បង្ករការបែក​បាក់​​សង្គម។ បន្ថែមពីនេះ យុវជន៦នាក់ ដែលជាមេក្រុមចលនាប្រជាធិបតេយ្យ ត្រូវប្រឈមនឹងទោសជាប់​ពន្ធនាគារ​​១៥ឆ្នាំ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

រសៀលថ្ងៃពុធ ទី​២ធ្នូ នៅទីក្រុងបាងកក បន្ទាប់​ពី​ចៅក្រម​តុលាការ​ធម្មនុញ្ញ ប្រកាសសាលក្រមរួច បាតុករជាច្រើនម៉ឺន​នាក់ ភាគច្រើនជាសិស្ស និស្សិត បាននាំគ្នាជួបជុំ ខ្លះលើកដៃម្រាម៣ ជាសញ្ញានៃការតវ៉ាប្រឆាំងនឹងការជិះជាន់ ខ្លះស្រែកច្រៀងចម្រៀងជាតិថៃ។ មុនប្រកាសសាលក្រម១ថ្ងៃ តុលាការធម្មនុញ្ញថៃ បានគំរាមរួចជាស្រេចថា ការតវ៉ាណាដែលប្រើភាសាជេរប្រមាថមកលើស្ថាប័នរដ្ឋ គឺនឹងត្រូ​វផ្តន្ទាទោសដោយច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ