យានឆាងអឺទី៥របស់ចិន បានចុះចតលើឋានព្រះចន្ទ ប្រកបដោយជោគជ័យ
ចុះផ្សាយនៅថ្ងៃ៖
យានឆាងអឺទី៥ របស់ចិន បានទៅចុះចត នៅលើឋានព្រះចន្ទ ប្រកបដោយជោគជ័យ នៅថ្ងៃទី២ធ្នូនេះ បន្ទាប់ពីបានចាកចេញ ពីផែនដី កាលពីថ្ងៃទី ២៤វិច្ឆិកា។ នេះបើផ្អែកតាមការបញ្ជាក់ ពីទីភ្នាក់ងារអវកាសចិន។ យាននេះ មានបេសកកម្ម ជីកយកថ្ម ចំនួន២គីឡូក្រាម ក្នុងជំរៅ២ម៉ែត្រ ពីឋានព្រះចន្ទ ដើម្បីដឹកយកមកផែនដី ឲ្យអ្នកវិទ្យាសាស្រ្ត ធ្វើការស្រាវជ្រាវលំអិត។
យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានចិន Xinhua ទីភ្នាក់ងារអវកាសចិន បានជូនដំណឹងថា យានឆាងអឺទី៥ (Chang’e 5) បានចុះចតដោយជោគជ័យ នៅលើឋានព្រះចន្ទ។ ចំណែកទូរទស្សន៍ចិន CCTV បានផ្សព្វផ្សាយវីដេអូ ដែលបង្ហាញឲ្យឃើញយានទំងន់ជាង៨តោន ចុះចតលើព្រះចន្ទ ក្រោមសម្លេងទះដៃអបអរ របស់អ្នកជំនាញអវកាសចិន។
សូមបញ្ជាក់ថា បេសកកម្មរបស់យានឆាងអឺទី៥នេះ គឺដើម្បីជីកយកថ្មជំរៅ២ម៉ែត្រ ចំនួន២គីឡូក្រាម ដើម្បីដឹកត្រលប់មកផែនដី។ ការវិលត្រលប់មកដល់ផែនដីវិញ គឺគ្រោងធ្វើនៅក្នុងរង្វង់ខែធ្នូនេះ។
ទស្សនាវត្តី The Nature បានចុះផ្សាយថា ក្នុងរយៈពេល៤៨ម៉ោង យានរ៉ូបូរបស់ចិន និងទៅជីកយកថ្មី នៅតំបន់មួយនៃឋានព្រះចន្ទ ឈ្មោះថា « មហាសមុទ្រនៃខ្យល់ព្យុះ » (Oceanus Procellarum) ដែលពុំធ្លាប់ត្រូវបានគេស្រាវជ្រាវ ពីមុនមកឡើយ។ គំរូថ្មដែលនឹងជីកមកបាន នឹងអាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រ ស្វែងយល់កាន់តែច្បាស់ អំពីឋានព្រះចន្ទ។ ទីភ្នាក់ងារអវកាសចិន បានអះអាងថា នឹងចែកថ្មឋានព្រះចន្ទនេះ ទៅឲ្យអ្នកវិទ្យាសាស្ត្រប្រទេសផ្សេង ដែលបានវា។
គួរបញ្ជាក់ថា សម្រាប់បេសកកម្មលើកនេះ យានឆាំងអឺទី ៥របស់ចិន មានទំងន់សរុប៨,២តោន ដែលផ្គុំដោយ ៤ផ្នែក។ ផ្នែកទីមួយ គឺជាផ្នែកដែលនៅអណ្តែតលើខ្សែគន្លងរបស់ព្រះចន្ទ ផ្នែកទី២គឺផ្នែកដែលត្រូវចុះចតលើព្រះចន្ទ ផ្នែកទី៣គឺជាយាន ដែលត្រូវ ហោះឡើងមក វិញ ពីឋានព្រះចន្ទ និងផ្នែកទី ៤គឺជាយាន កាប់ស៊ុល ដែល ត្រូវ ហោះត្រលប់ មកផែនដីវិញ។
ខុសពីបេសកកម្មរបស់ សូវៀតកាលពី ឆ្នាំ១៩៧៦ ដែល យានត្រូវហោះ ត្រលប់ផ្ទាល់ពីព្រះចន្ទ មកផែនដីតែម្តង ចិនបានជ្រើសយក វិធីត្រលប់មកវិញ ដែលស្មុគស្មាញ និងលំបាក ជាង។ ថ្មដែលជីកបាន ហើយ នឹងត្រូវបញ្ជូន តាមរយៈយាន ដែលត្រូវហោះឡើងពីឋានព្រះចន្ទ បន្ទាប់មកទៀត ថ្មនោះនឹងត្រូវផ្ទេរទៅកាន់ យាន កាប់ស៊ុល ដែលរងចាំ នៅ លើ ខ្សែគន្លងព្រះចន្ទ ដើម្បីដឹកត្រលប់ យកមកផែនដី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ