អានតួអត្ថបទ
ហុងកុង

ហុងកុង៖ លោក ជីមី ឡៃ ចាង​ហ្វាង​កាសែត​Apple Daily ត្រូវ​ជាប់​ឃុំ​​បណ្តោះ​​អាសន្ន

លោក Jimmy Lai ស្ថាបនិក​កាសែត Apple Daily ពេលទៅដល់​មន្ទីរឃុំឃាំង Lai Chi Kok នៅថ្ងៃទី​៣ធ្នូ ២០២០។
លោក Jimmy Lai ស្ថាបនិក​កាសែត Apple Daily ពេលទៅដល់​មន្ទីរឃុំឃាំង Lai Chi Kok នៅថ្ងៃទី​៣ធ្នូ ២០២០។ REUTERS - TYRONE SIU
ដោយ៖ ម៉ម ពិសី
១០ នាទី

លោកជីមី ឡៃ អ្នកជំនួញហុងកុង​ និងជាចាងហ្វាងកាសែត Apple Daily ដែលជាកាសែតប្រឆាំង​ដ៏ធំនៅហុងកុង ត្រូវបាន​តុលាការ​ បញ្ជូន​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅថ្ងៃព្រហស្បតិ៍ទី​៣ធ្នូនេះ។ លោក ព្រមទាំងថ្នាក់ដែកនាំកាសែត ២នាក់ទៀត ត្រូវជាប់ចោទ ពីបទក្លែងបន្លំ បំពានកិច្ចសន្យា​។

ផ្សាយពាណិជ្ជកម្ម

លោក ជីមី ឡៃ (Jimmy LAI) ម្ចាស់ក្រុម​ហ៊ុន​បណ្តាញផ្សព្វផ្សាយ Apple Daily រួមជាមួយ​មនុស្ស២នាក់ទៀត​ដែលជាថ្នាក់ដឹកនាំកាសែតនេះ គឺលោក Royston Chow និងលោក Wong Wai-Keung បានចូលខ្លួន​ទៅ​ស្តាប់សវនកា​​ នៅថ្ងៃទី​៣ធ្នូ។

យោងតាមឯកសារផ្លូវការរបស់​តុលាការហុងកុង អ្នកទាំង៣នាក់ ត្រូវជាប់ចោទថាបានក្លែងបន្លំ​ ការប្រើប្រាស់អាគារ​ស្នាក់ការកាសែត Apple Daily ដោយខុសពីអ្វីដែលមានកំណត់ក្នុងកិច្ចសន្យាជួល។ ក្រោយ​បិទសវនាការ​ លោក ជីមី ឡៃ ​ត្រូវបានគេ​បញ្ជូនយកទៅដាក់ឃុំបណ្តោះអាសន្ន ជាមួយ​នឹងថ្នាក់ដឹកនាំកាសែត២នាក់ទៀត ដើម្បីរងចាំសាលក្រមស្ថាពរ។ តុលាការហុងកុង បានបដិសេធ មិន​ព្រម​អនុញ្ញាតឲ្យ​លោកចំណាយ​ប្រាក់ធានា ដើម្បីនៅក្រៅឃុំទេ។

សូមរំលឹកថា កាលពីចុងខែសីហា សមត្ថិច្ចហុងកុងជាច្រើនរយនាក់ បានចុះទៅឆែកឆេ រឹបអូសយកឯកសារ ដល់ទីស្នាក់កាសែត Apple Daily ដែលជាកាសែតប្រឆាំងដ៏ធំនៅហុងកុង។ ក្រៅពីថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បណ្តាញព័ត៌មាននេះ ​ នៅមាន​អ្នកកាសែត និង​បុគ្គលិក ជាច្រើននាក់ទៀត​ ដែល​បានជាប់ចោទពី​បទ ចូលរួមឃុបឃិតជាមួយ​បរទេស ដោយយោងតាម​ច្បាប់ស្តីពីសន្តិសុខជាតិ​។

ដោយឡែក កាលពីថ្ងៃពុធ ទី​២ធ្នូ មេដឹកនាំចលនាយុវជនប្រជាធិបតេយ្យហុងកុង ៣នាក់ ដែលក្នុងនោះ មាន​លោក Joshua Wong ត្រូវបានតុលាការផ្តន្ទាទោស​ ឲ្យជាប់ពន្ធនាគារ ពីបទ ធ្វើសកម្មភាព​បាតុកម្មហិង្សា​ នៅឆ្នាំ​២០១៩។ យ៉ាងណាមិញ លោក ជីមី ឡៃ ក៏​ប្រឈមនឹងបទចោទប្រកាន់ដូចគ្នានេះដែរ។

កាលពី​ខែ​មិថុនា អ្នកជំនួញហុងកុង ដែល​ប្រជាជនគោរពស្រលាញ់ច្រើននេះ បាន​លើកឡើងថា លោក​បានភៀសខ្លួន រត់ពីខេត្តកង់តុង មករស់នៅហុងកុង តាំងតែពីអាយុ១២ឆ្នាំ។ ដោយសារតែសិទ្ធិសេរីភាពនៃដែនដីហុងកុង ទើបបាន​លោក​អាចបានជោគជ័យ​ រហូតដល់សព្វថ្ងៃនេះ។ លោក​បានអះអាងថា លោកត្រៀមខ្លួននឹងជាប់គុក ដើម្បីតស៊ូទាមទារ​សិទ្ធិសេរីភាព​ ជូនប្រជាជនហុងកុងឡើងវិញ ជាពិសេសគឺដើម្បី កូនចៅអ្នកហុងកុងជំនាន់ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ