អានតួអត្ថបទ

បង់ក្លាដែសផ្តើមបញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅកាន់កោះ ដែលឧស្សាហ៍រងខ្យល់ព្យុះ

ប្រជាជន​រ៉ូហ៊ីងយ៉ា ជាង ១ពាន់​នាក់ ត្រូវ​អាជ្ញាធរ​បង់ក្លាដែស​បញ្ជូន​ទៅ​រស់នៅ​លើ​កោះដាច់ស្រយាល​ មួយ កាលពី​ថ្ងៃ​សុក្រទី ៤ ធ្នូ​២០២០
ប្រជាជន​រ៉ូហ៊ីងយ៉ា ជាង ១ពាន់​នាក់ ត្រូវ​អាជ្ញាធរ​បង់ក្លាដែស​បញ្ជូន​ទៅ​រស់នៅ​លើ​កោះដាច់ស្រយាល​ មួយ កាលពី​ថ្ងៃ​សុក្រទី ៤ ធ្នូ​២០២០ REUTERS - MOHAMMAD PONIR HOSSAIN
ដោយ៖ ឈាង បុប្ផា
១០ នាទី

នៅថ្ងៃ​សុក្រ ទី ៤ ធ្នូ អាជ្ញាធរ​បង់ក្លាដែស បាន​ផ្តើម​ដំណើរការ​ជម្លៀស ជនជាតិ​រ៉ូហ៊ីងយ៉ា ជាង ១ពាន់នាក់ ទៅ​កាន់​ដីកោះ ដ៏​ចម្រូងចម្រាស។ ចំណាត់ការ​របស់​រដ្ឋាភិបាល​បង់ក្លាដែស​បាន​រងការរិះគន់​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស ព្រោះថា កោះ​ដែល​បង់ក្លាដែស យក​ប្រើសម្រាប់​បង្កើតជំរំ ដាក់​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ជាតំបន់​ដែល​ឧស្សាហ៍រងគ្រោះ ដោយសារ​ខ្យល់ព្យុះ និង​ទឹកជំនន់។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​រត់គេច​ពី​ការធ្វើទុក្ខបុកម្នេញ និង​ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅ​រដ្ឋរ៉ាឃីន​ប្រទេស​ភូមា ប្រជាជន​រ៉ូហ៊ីងយ៉ា នៅតែ​មិនទាន់​បានទទួល​ការធានា​សន្តិសុខ។ នៅ​ថ្ងៃ​សុក្រ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួន ១៦៤០នាក់ ក្នុង​ចំណោម ជនភៀសខ្លួន សរុប ១សែននាក់ ដែល​ត្រូវ​ជម្លៀសចេញ ពីជំរំភៀសខ្លួន នៅ​Cox’s Bazar​ត្រូវ​បាន​អាជ្ញាធរ​បង់ក្លាដែស ចាប់បញ្ជូន​ឲ្យ​ទៅរស់នៅ​កោះ​មួយ ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស វាយតម្លៃថា កន្លែង​គ្រោះថ្នាក់ ព្រោះ វា ជាតំបន់​ដែល​ឧស្សាហ៍​រងគ្រោះ ដោយសារ​ខ្យល់ព្យុះ និង​ទឹកជំនន់។

តាម​ក្រុមអង្គការ​សិទ្ធិមនុស្សជាច្រើន ជនភៀសខ្លួន​ភាគច្រើន មិន​ចង់​ធ្វើ​ដំណើរ​ទៅរស់នៅ​លើ​កោះ​ដែល​រដ្ឋាភិបាល​បង់ក្លាដែស​បាន​ត្រៀមទុក​សម្រាប់​ពួកគេ​នោះទេ។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​បាន​និយាយ​ប្រាប់  ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា គេ​បាន​វាយដំ កូនគាត់ រហូត​បាក់ធ្មេញអស់ ទើប​កូន​របស់​គាត់​បាន​យល់ព្រម ធ្វើ​ដំណើរ​ទៅរស់នៅ លើ​កោះ Bhashan Char។

រដ្ឋមន្រ្តី​ការបរទេស​បង់ក្លាដែស បាន​ចាត់ទុក ការលើកឡើង​របស់​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​ថា ជាការភូតកុហកដ៏អាក្រក់អាក្រី និង​ថា រដ្ឋាភិបាល​បានចំណាយ​កញ្ចប់​ថវិកា ផ្ទាល់ ខ្លួន ប្រមាណ ៤០០​លាន​ដុល្លារ សម្រាប់​សង់ជំរក​ថ្មី នៅលើ​កោះ សម្រាប់​ប្រជាជន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​ចេញពី​ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅ​រដ្ឋរ៉ាឃីន ប្រទេស​ភូមា កាលពី​ឆ្នាំ ២០១៧។

អាជ្ញាធរ​បង់ក្លាដែស បាន​អះអាងថា គេ​សម្រេច​ផ្ទេរជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ប្រមាណ ១សែននាក់ ចេញ​ពី​ជំរំ ក្នុង​ហេតុផល​ថា ជំរំ Cox’sBazar មានមនុស្ស​រស់នៅ​ណែនណាន់​តាន់តាប់ សំបូរ​កើតទឹកភ្លៀង​បាក់ដី​សម្លាប់​មនុស្ស ហើយ​និង​មាន​ជម្លោះ​សម្លាប់គ្នា​រវាង​ក្រុមជួញដូរថ្នាំញៀន។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ